ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប៥៥ឆ្នាំនៃចំណង​ការទូត កម្ពុជា-វៀតណាម នឹងរួមគ្នា​​ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃការជួយគ្នា​ទៅវិញទៅមក
01, Dec 2021 , 9:59 pm        
រូបភាព
ដោយ: រួបរួម
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បាន​ទទួល​ជួប​លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯក​អគ្គរដ្ឋទូត​ថ្មី​របស់​វៀតណាមប្រចាំកម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា។ ភាគីទាំងពីរ​បាន​ផ្លាស់ប្តូរយោបល់គ្នា​លើ​បញ្ហា​ជាច្រើន ក្នុងនោះមាន​ទាំង​គម្រោង​សកម្មភាព​នាឱកាស​អបអរសាទរ​ខួប​លើកទី​៥៥ នៃទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេសទាំងពីរ​នា​ឆ្នាំ​២០២២ ផងដែរ។

 
«កម្ពុជា និង​វៀតណាម​ មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការទ្វេភាគី កាន់​តែល្អ​ប្រសើរឡើងពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​»។ នេះជាការកត់សម្គាល់​របស់​លោក ង្វៀន ហ៊ុយតាំង ដែលបានអះអាង​ថា​ស្គាល់​កម្ពុជា​យ៉ាង​ច្បាស់តាម​រយៈបទ​ពិសោធន៍​ជាង​១០​ឆ្នាំ​នៅ​កម្ពុជា។
 
នា​ឆ្នាំ​២០២២ ខាងមុខ ប្រទេស​ទាំងពីរ​នឹង​អបអរ​ខួប​លើកទី​៥៥​នៃទំនាក់ទំនង​ការទូត ដោយ​ភាគីទាំងពីរបានឯកភាព​លើ​សកម្មភាព​រួមគ្នាមួយចំនួន ដូចជាការ​រៀបចំបង្ហាញ​វប្បធម៌​រវាងប្រទេស​ទាំងពីរ និង​ការ​ពង្រឹង​ការផ្សព្វផ្សាយ​អប់រំ ដើម្បីឲ្យ​ប្រជាជន ជាពិសេស​យុវជន​ជំនាន់ក្រោយមាន​ការយល់​ដឹង​ទូលំទូលាយ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការជួយ​គ្នា​ទៅ​វិញទៅ​មក​រវាងប្រទេសទាំងពីរ។
 
យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ក្រសួង​ការបរទេស កម្ពុជា និង​វៀតណាម ប្តេជ្ញាចិត្ត​អនុវត្ត​ឲ្យខ្ជាប់ខ្ជួន​នូវ​សេចក្តី​សម្រេច​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ ដោយឈរ​លើ​ស្មារតីមិត្តភាព​ សាមគ្គីភាព ភាព​ជាបងប្អូន​ដែល​ជា​តែងតែជួយគ្នាទៅ​វិញទៅមក។
 
ជាមួយគ្នានេះ លោក ប្រាក់ សុខុន និង​លោក ង្វៀន ហ៊ុយតាំង បាន​ឯកភាពគ្នាជំរុញទៅភាគីពាក់ព័ន្ធ​រៀងៗខ្លួន​ឲ្យ​ឆាប់​បញ្ចប់​ការងារ​ការ​បោះបង្គោល​ព្រំដែនគោក​ដែលនៅ​សេសសល់​ប្រមាន ១៦ភាគរយ​ឲ្យបាន​ឆាប់រហ័ស៕

© រក្សាសិទ្ធិដោយ thmeythmey.com