ជាតិ
សម្ដេច ហ៊ុន សែន៖ «ដើមឈើចាំស្នេហ៍» និង«សិលាចាំស្នេហ៍» តំណាងឱ្យនិមិត្តរូបនៃភាពគង់វង្ស
01, Dec 2021 , 5:49 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី_ក្រសួង_ដែនដី_ នគរូបនីយកម្ម និងសំណង់
រូបភាពពីហ្វេសប៊ុកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី_ក្រសួង_ដែនដី_ នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ «ដើមឈើចាំស្នេហ៍» និង «សិលាចាំស្នេហ៍» គឺសំដៅលើភាពគង់វង្សនៅក្នុងប្រទេសកម្ពុជា។ នេះជាការពន្យល់របស់សម្ដេច ហ៊ុន សែន នាដំណើរឆ្ពោះទៅខេត្តព្រះសីហនុ នៅថ្ងៃទី១ ធ្នូ ដើម្បីធ្វើជាអធិបតីភាពបើកដំណើរការសមិទ្ធផល ដែលសម្រេចបាន នៅទីនោះ។



«ពាក្យថាចាំមិនដែលជួប គឺបានសេចក្ដីថា​ នៅទីនេះ គឺចាំរហូត បើពាក្យជួបគ្នាហើយគេមិនហៅថាចាំទេ។ សិលាក៏អ៊ីចឹង ដុំថ្មក៏អ៊ីចឹង ដើមឈើក៏អ៊ីចឹង»។ នេះជាលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយពន្យលបន្ថែមថា ដើមឈើចាំស្នេហ៍នេះ គឺសំដៅលើភាពគង់វង្សជាអមតៈរបស់កម្ពុជា។
 
ដើម្បីបញ្ជាក់ឱ្យច្បាស់ពីអត្ថន័យទាំងនេះ ប្រមុខរដ្ឋាភិបាល ក៏បានពន្យល់បន្ថែមពីពាក្យ «គង់វង្ស» ថា គឺសំដៅលើការពារសន្តិភាព ស្ថិរភាព មិនឱ្យបាត់បង់ , របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរាជបល្ល័ង មិនឱ្យអ្នកណាប្រឆាំង និងគំរាមលុបបំបាត់ ។ ចំណែកទឹកដី ឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ក៏មិនឱ្យអ្នកណាបំផ្លាញបានដែរ។ បើតាមសម្ដេច ហ៊ុន សែន ពាក្យថា«ចាំស្នេហ៍» ឬ«តំណាងឱ្យភាពគង់វង្ស» នេះ គឺមានន័យជ្រាលជ្រៅ។
 
សម្ដេចនាយករដ្ឋមន្រ្តី ដែលបានធ្វើដំណើរទៅខេត្តព្រះសីហនុ នៅថ្ងៃទី១ ធ្នូ ហើយឈប់នៅត្រង់ចំណុចវិថីឆ្នេរពយជំទាវម៉ៅ បានថ្លែងថា ៖ «ខ្ញុំចង់និយាយសំដៅច្បាស់ទៅលើសន្តិភាពមួយនៃប្រទេសនេះ មិនត្រូវបាត់បង់ទេ មិនអាចឱ្យអ្នកបំផ្លាញទេ»។ 
 
វិថីឆ្នេរជំទាវម៉ៅនេះ មានដើមជ្រៃទ្រាំងមួយ ដុះចំកណ្ដាលផ្លូវ នាពេលដែលរដ្ឋបាលខេត្តព្រះសីហនុ កសាងផ្លូវនេះ ប៉ុន្តែត្រូវបានរដ្ឋាភិបាល សម្រេចឱ្យរក្សាទុក ដោយដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍» ។ នៅទីនោះ ក៏មានដុំថ្មមួយផ្ទាំងដែរ ហើយប្រមុខរដ្ឋាភិបាល ក៏បានដាក់ឈ្មោះថា «សិលាចាំស្នេហ៍»។ «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» គឺស្ថិតនៅលើវិថីឆ្នេរពយជំទាវម៉ៅ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលឆ្ពោះទៅឆ្នេរជំទាវម៉ៅ។ វិថីឆ្នេរពយជំទាវម៉ៅ មានការរៀបចំផ្លូវសងខាង ដោយមានបំពាក់ភ្លើងសូឡា និងមានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ៕

Tag:
 ដើមឈើចាំស្នេហ៍
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com