ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យពិចារណាឡើងវិញ លើការហាមអ្នកដំណើរពីប្រទេស១០ ក្នុងទ្វីបអាហ្វ្រិក ចូលកម្ពុជា
02, Dec 2021 , 9:04 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល ពិចារណាឡើងវិញ លើការហាមអ្នកដំណើរពីប្រទេសចំនួន១០ ក្នុងតំបន់អាហ្វ្រិក ចូលមកកម្ពុជា។ ក្រសួងសុខាភិបាល ដាក់បម្រាមលើអ្នកដំណើរពីតំបន់អាហ្វ្រិកនេះ ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា អូមីក្រុង (Omicron)។



សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងទេ ដូច្នេះគ្មានការចាំបាច់អ្វី ដែលត្រូវបិទជើងហោះហើរពីតំបន់នោះឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើន ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ធ្នូ នេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖«យើងគួរតែពិចារណាឡើងវិញ រឿងហាមឃាត់ប្រទេសចំនួន១០ នៅអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា។ តែត្រូវបង្កើនការធ្វើតេស្តចំពោះអ្នកដំណើរមកពីប្រទេសទាំងនេះ»។
 
សម្ដេច ហ៊ុន សែន យល់ឃើញដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញូ ហ្គូដតេរ៉េស ដែរថា បើគ្រប់ប្រទេសទាំងអស់ នាំគ្នាបិទជើងហោះហើរពីប្រទេស ក្នុងតំបន់អាហ្វ្រិកខាងត្បូងនោះ វានឹងធ្វើឱ្យតំបន់មួយនេះ រស់នៅក្នុងភាពឯកោ។ ជាមួយគ្នាប្រមុខរដ្ឋាភិបាល បានអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងកុំស្លន់ស្លោខ្លាំងពេក ចំពោះមេរោគកូវីដ -១៩ បំប្លែងថ្មី «អូមីក្រុង» នេះ រហូតដល់បានម្ចាស់ការឡើយ។ ប៉ុន្តែពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នសម្រាប់ខ្លួនឯង។
 
កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាល ដោយមានការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បានសម្រេចហាមអ្នកដំណើរពីតំបន់អាហ្វ្រិកខាងត្បូងចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា អូមីក្រុង (Omicron) ដោយអង្គការសុខភាពពិភពលោក (WHO) បង្ហាញពីការព្រួយបារម្ភ។
 
ប្រទេសទាំង១០នោះរួមមានបុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង, ស៊ីមបាវ៉េ, ម៉ាឡាវី, អង់ហ្គោឡា និងសំប៊ី។ អ្នកដែលធ្វើដំណើរ ឬមានប្រវត្តិឆ្លងកាត់ប្រទេសទាំងនេះ ក្នុងអំឡុង៣សប្តាហ៍មុន ត្រូវផ្អាកចូលកម្ពុជាមួយរយៈ រហូតដល់មានការសម្រេចជាថ្មី៕

Tag:
 ហ៊ុន សែន
  អូមីក្រុង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com