ជាតិ
សម្ដេច ហ៊ុន សែន គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តី ដែលឆ្លងកាត់ការបោះឆ្នោត
02, Dec 2021 , 9:31 am        
រូបភាព
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើន ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ធ្នូ នេះ សម្ដេច ហ៊ុន សែន បានប្រកាសគាំទ្រកូនឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត ដែលឆ្លងកាត់ការបោះឆ្នោត។



«ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី»។ នេះជាការបង្ហើបរបស់សម្ដេច ហ៊ុន សែន ដែលបានចោទជាសំនួរវិញថា កូនអ្នកដទៃធ្វើនាយករដ្ឋមន្រ្តីបន្តបាន ហេតុអ្វីកូនសម្ដេច ធ្វើមិនបាន?

ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​លើកយក​ករណី​លោក ស៊ិន ហ្ស៊ូ​អា​បេ ដែលមាន​ឪពុក​ជា​អតីតរដ្ឋមន្ត្រីការបរទេស លោក ស៊ិន តារ៉ូអាបេ និងមានជីតាជាអតីតនាយករដ្ឋមន្រ្តី ហើយ​ក្រោយមក​លោក អា​បេ ក្លាយជា​នាយករដ្ឋមន្ត្រី​។ លោក អា​បេ បាន​កាន់តំណែង​នាយករដ្ឋមន្ត្រី​២​លើក ២០០៦ ដល់​២០០៧ និង​២០១២ ដល់​២០២០ ដោយ​សុំលាលែង​ចេញពី​តំណែង ដោយសារ​បញ្ហា​សុខភាព​។ អា​បេ កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ នៅក្នុង​ប្រទេស​ជប៉ុន​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ទោះបីជា​កូន​សម្ដេច ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្តី ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​បោះឆ្នោត ។ «​អនាគត នៅពេលក្រោយ ហ៊ុន សែន , ហ៊ុន ម៉ាណែត គឺជាបេក្ខភាពមួយ ក្នុងចំណោមនាយករដ្ឋមន្រ្តី មិនមែនមានតែ១នាក់។ ប៉ុន្តែ (ហ៊ុន ម៉ាណែត) ទទួលបានការ​គាំទ្រ​ពី​ឪវាពេញលេញ គឺ ហ៊ុន សែន​» ។ នេះ​ជាការ​បន្ថែម​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បន្តថា បេក្ខភាព​នាយករដ្ឋមន្ត្រី មាន​ច្រើន​រូប​ទៀត នៅក្នុង​បក្ស ក្នុងនោះ មាន​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផងដែរ​។ 

សម្ដេច ហ៊ុន សែន ក៏ប្រកាសច្បាស់ថា សម្ដេច ស ខេង , សម្ដេច ទៀ បាញ់ , លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មិនធ្វើនាយករដ្ឋមន្រ្តីទេ។ «បើគង់តែ ខេង , បាញ់ , ឆៃលី ធ្វើជានាយករដ្ឋមន្រ្តីដដែល ឱ្យខ្ញុំធ្វើដដែលតែម្ដងទៅ វាមិនស្រួលជាង»។ នេះជាការបន្ថែមរបស់នាយករដ្ឋមន្រ្តី។
 
 

Tag:
 ហ៊ុន សែន
  ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com