ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អាជ្ញាធរថៃ ចាប់ផ្សឹកព្រះអង្គ បូ ប៉េត និងត្រៀមបញ្ជូនមកកម្ពុជាវិញ
02, Dec 2021 , 1:43 pm        
រូបភាព
ព្រះអង្គ បូ ប៉េត ពេលនៅជាព្រះសង្ឃ (រូបពីហ្វេសប៊ុក Bor Bet) និង ពេលព្រះអង្គ ត្រូវបានចាប់ផ្សឹកនៅប្រទេសថៃ (រូបពីធ្វីតធឺ Phil Robertson)
ព្រះអង្គ បូ ប៉េត ពេលនៅជាព្រះសង្ឃ (រូបពីហ្វេសប៊ុក Bor Bet) និង ពេលព្រះអង្គ ត្រូវបានចាប់ផ្សឹកនៅប្រទេសថៃ (រូបពីធ្វីតធឺ Phil Robertson)
ព្រះសង្ឃខ្មែរមួយព្រះអង្គ ព្រះនាម បូ ប៉េត ដែលបានភៀសព្រះកាយទៅគង់នៅក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរថៃ ចាប់ផ្សឹក កាលពីយប់ម៉ោងប្រមាណ៧ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងអាចបញ្ជូនព្រះអង្គ មកកម្ពុជាវិញ។ ព័ត៌មាននេះ ត្រូវបានលោក ភីល រ៉ូបឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទទួលបន្ទុកកិច្ចការក្នុងតំបន់អាស៊ី ផ្សព្វផ្សាយលើបណ្តាញសង្គមធ្វីតធឺ (Twitter) ហើយត្រូវបានមន្រ្តីអតីតគណបក្សប្រឆាំង និងអ្នកមាននិន្នាការប្រឆាំង នាំគ្នាផ្សាយបន្តលើបណ្តាញសង្គមហ្វេសប៊ុក។



លោក ភីល រ៉ូបឺតសុន ហៅការចាប់ផ្សឹកព្រះអង្គ បូ ប៉េត និងត្រៀមបញ្ជូនព្រះអង្គមកឲ្យអាជ្ញាធរកម្ពុជា ថាជាការមិនអាចទទួលយកបាន។ លោក អះអាងថា ព្រះអង្គ ត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃ (UNHCR) ទទួលស្គាល់ជាជនភៀសខ្លួននៅប្រទេសថៃរួចហើយ។

មន្រ្តីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ លើកឡើងដូច្នេះថា៖«ប៉ូលិសថៃ បានបង្ខំឲ្យព្រះអង្គ ដោះស្បង់ចីវរ។ ចាំបាច់ត្រូវធ្វើសកម្មភាពដ៏ធំមួយ ដើម្បីបញ្ឈប់ការចាប់បញ្ជូនខ្លួនដោយបង្ខំ ការចាប់ដាក់ពន្ធនាគារ និង ការធ្វើទារុណកម្ម»។

លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនទាន់អាចផ្តល់ចម្លើយបានឡើយថា អាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃ ឬក៏អត់ ក្នុងការចាប់ផ្សឹកព្រះអង្គ បូ ប៉េត ដើម្បីបញ្ជូនមកកម្ពុជា ដោយលោក ប្រាប់ថា លោក មិនទាន់ទទួលបានព័ត៌មាននេះទេ។ ចំណែក តុលាការកម្ពុជា ចេញដីកាឲ្យចាប់ព្រះអង្គ ឬក៏អត់ ហើយចោទព្រះអង្គពីបទអ្វីនោះ ក៏លោក មិនទាន់ដឹងដែរ។ លោក និយាយជាមួយសារព័ត៌មានថ្មីៗយ៉ាងខ្លីថា៖«ខ្ញុំ មិនទាន់មានព័ត៌មានទេ ខ្ញុំ ឆែកមើលសិន»។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឡើយ ជុំវិញករណីព្រះអង្គ បូ ប៉េត ដោយសារលោក មិនទទួលការហៅចូល។

ព្រះអង្គ បូ ប៉េត ត្រូវបានគេសង្កេតឃើញថា ព្រះអង្គ តែងចូលរួមជាមួយប្រជាពលរដ្ឋ ក្នុងការតវ៉ានឹងរដ្ឋាភិបាល ដើម្បីទាមទារអ្វីមួយ ហើយព្រះអង្គ ក៏តែងចូលរួមក្នុងកិច្ចការងារសង្គមផ្សេងៗដែរ។

ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរថៃ បានចាប់បញ្ជូនអ្នកមាននិន្នាការប្រឆាំងបីនាក់រួចមកហើយ យកមកឲ្យអាជ្ញាធរកម្ពុជា។ អ្នកទាំងបីនោះ គឺអតីតព្រះសង្ឃ វឿន វាសនា ជាសកម្មជនបរិស្ថាន លោក វឿង សំណាង ជាអតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខពីអតីតគណបក្សសង្គ្រោះជាតិ និង អ្នកស្រី ឡាញ់ ថាវរី ជាមេឃុំអតីតគណបក្សសង្គ្រោះជាតិ នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ លោក វឿន វាសនា និង លោក វឿង សំនាង ត្រូវបានចោទពីបទរួមគំនិតក្បត់ (ជាតិ) ហើយអ្នកស្រី ឡាញ់ ថាវរី ត្រូវបានចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។

អត្ថបទទាក់ទង

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមកន្លងមកថា ការចាប់សកម្មជនប្រឆាំង បញ្ជូនមកឲ្យកម្ពុជា គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ៕

Tag:
 កម្ពុជា-ថៃ
  ចាប់សកម្មជនប្រឆាំង
  បូ ប៉េត
© រក្សាសិទ្ធិដោយ thmeythmey.com