ជាតិ
ក្រសួងកំពុងពិចារណា បង្កើត«ក្រមប្រតិបត្តិវប្បធម៌» គ្រប់គ្រងសកម្មភាពទាំងឡាយ ដែលប៉ះពាល់វប្បធម៌ជាតិ
02, Dec 2021 , 3:03 pm        
រូបភាព
លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ
លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ
ភ្នំពេញ៖ «ក្រមប្រតិបត្តិវប្បធម៌» នឹងមានវិសាលភាព គ្រប់គ្រងលើសកម្មភាពរបស់បុគ្គលទាំងឡាយ ដែលធ្វើឱ្យប៉ះពាក់ដល់ សេចក្ដីថ្លៃថ្នូររបស់វប្បធម៌ជាតិ និងសីលធម៌សង្គមជាដើម។ ទោះជាយ៉ាងណា ក្រមនេះ កំពុងស្ថិតក្នុងការពិចារណា និងព្រាង ដើម្បីស្នើទៅថ្នាក់ដឹកនាំក្រសួង។



លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមការងាររបស់លោក កំពុងពិចារណាបង្កើត”ក្រមប្រតិបត្តិវប្បធម៌” ដើម្បីគ្រប់គ្រងសកម្មភាពទាំងឡាយ របស់សាធារណជនទូទៅ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។
 
ទោះជាយ៉ាងណាក៏ដោយ ការបង្កើត”ក្រមប្រតិបត្តិវប្បធម៌” នេះ លោក វ៉ាន់ថា នៅពុំទាន់អាចជម្រាបលម្អិតបានឡើយ ដោយរង់ចាំការពិភាក្សា ផ្ដល់យោបល់ និងឯកភាពពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ បន្ថែមទៀត។ 
 
ទីប្រឹក្សាអមក្រសួងវប្បធម៌រូបនេះ បន្ថែមទៀតថា ដោយសារក្រមចាស់ មានវិសាលភាពគ្រប់គ្រងត្រឹមអ្នកសិល្បៈ ដូច្នេះប្រសិនបើសាធារណជនធម្មតា ធ្វើទង្វើណាមួយប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូររបស់វប្បធម៌ ឬប្រពៃណីជាតិ ក្រសួងវប្បធម៌ ពុំមានសិទ្ធិហៅពួកគេទៅណែនាំឡើយ។ ហេតុនោះហើយ ទើបបានជា ”ក្រមប្រតិបត្តិវប្បធម៌” គួរតែបង្កើតឡើង។
 
លោក ចំរើន វ៉ាន់ថា ពន្យល់៖«យើងកំពុងគិតថា ធ្វើយ៉ាងណាដើម្បីឱ្យវិសាលភាពរបស់ក្រមដែលបង្កើតឡើងថ្មីនេះ អាចក្ដោបបានគ្រប់មនុស្សទូទៅ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គម និងវប្បធម៌ជាតិ។ ក្រមចាស់ផ្ដោតលើតែអ្នកសិល្បៈប៉ុណ្ណោះ តែសម្រាប់មហាជនមិនទាន់មាន។ ឥឡូវយើងកំពុងរៀបចំសុំគោលការ និងសុំយោបល់បន្ថែមពីថ្នាក់ដឹកនាំក្រសួង»។
 
គេនៅចាំបាន ក្រោយពីក្រសួងមានសមត្ថកិច្ច បានកោះហៅបុគ្គលមួយចំនួន ពិសេសស្ត្រីលក់ផលិតផលតាមអនឡាញច្រើនប្រភេទ ដែលប្រើភាសាអសុរោះ និងស្លៀកពាក់បង្ហាញភាពស៊ិចស៊ីហួសហេតុ ទៅអប់រំណែនាំ និងចុះកិច្ចសន្យា ឱ្យឈប់ធ្វើអ្វីប៉ះពាល់ដល់តម្លៃវប្បធម៌ និងប្រពៃណីជាតិបន្តទៀត ការស្លៀកពាក់ស៊ិចស៊ីជ្រុលហួសហេតុ បានស្ងប់មួយរយៈ។ 
 
ទោះជាយ៉ាងណា នៅមួយរយៈពេលចុងក្រោយនេះ សកម្មភាពទាំងនោះ បានកើនឡើងវិញ។ ដូច្នោះហើយ ទើបបានជាក្រសួងវប្បធម៌កំពុងពិចារណា បង្កើត”ក្រមប្រតិបត្តិវប្បធម៌” ឡើង។

Tag:
 សិល្បៈ
  វប្បធម៌
  ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com