ជាតិ
ក្រសួងការងារ និងអង្គការហេឡែន គ្រោងចុះMOU ដើម្បីលើកកម្ពស់សុខភាពកម្មកររោងចក្រ
02, Dec 2021 , 5:09 pm        
រូបភាព
កម្មការិនី ចេញពីរោងចក្រមួយកន្លែង ក្នុងខេត្តតាកែវ ក្រោយបញ្ចប់ម៉ោងការងារ។ រូបភាព កញ្ញា ជឿន ស្រីណយ។
កម្មការិនី ចេញពីរោងចក្រមួយកន្លែង ក្នុងខេត្តតាកែវ ក្រោយបញ្ចប់ម៉ោងការងារ។ រូបភាព កញ្ញា ជឿន ស្រីណយ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងចុះអនុស្សរណៈជាមួយអង្គការហេឡែន ខេលល័រ លើគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្ដារោងចក្រមួយចំនួនក្នុងប្រទេស។ គម្រោងនេះ ​ផ្តោតសំខាន់លើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនី អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ, អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ, ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន, ការអប់រំស្ដីពីការចិញ្ចឹមទារក និងកុមារតូចអំឡុងពេលធ្វើការ។



ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយអង្គការហេឡែន ខេលល័រ នៅថ្ងៃទី៣០ ខែវិច្ឆិកា គ្រោងចុះអនុស្សរណៈ លើគម្រោងអនុវត្តសាកល្បងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ស្ត្រី និងកុមារ នៅតាមបណ្ដារោងចក្រមួយចំនួន។ បើតាមក្រសួងការងារ គម្រោងនេះ ទទួលបានការគាំទ្រថវិកា ពីគម្រោង GIZ-MUSEFO ដែលជាគម្រោងមួយ រួមចំណែកលើកកម្ពស់សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។
 
ក្រសួងការងារ អះអាងថា គម្រោងអនុវត្តសាកល្បងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនេះ ផ្តោតសំខាន់លើការអប់រំ ដល់បុគ្គលិក កម្មករ កម្មការិនី អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ ក្នុងការលើកកម្ពស់សុខភាព និងការការពារជំងឺផ្សេងៗ, អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ, ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន, ការអប់រំស្ដីពីការចិញ្ចឹមទារក និងកុមារតូចអំឡុងពេលធ្វើការ។

  ជំនួបរវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី Gwyneth Cotes នាយិកាអង្គការហេឡែន ខេលល័រប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
 
ក្នុងជំនួបខាងលើនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា៖ «ចំពោះគម្រោងនេះ ក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរ អំពីកិច្ចគាំពារ​ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា»។ រដ្ឋមន្ត្រីក្រសួងការងាររូបនេះ ក៏ស្នើឱ្យមានកិច្ចសហការផ្លូវការ ដោយមានអនុស្សរណៈរវាងអង្គរហេឡែន ខេលល័រ ជាមួយក្រសួងការងារ ដើម្បីមានសកម្មភាពសម្រាប់យកទៅអនុវត្ត និងមានគោលដៅច្បាស់លាស់ និងលទ្ធផល។
 
តាមរយៈគម្រោងនេះ លោកស្រី Gwyneth Cotes នាយិកាអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា រំពឹងថាគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភតាមបណ្ដារោងចក្រនេះ នឹងទទួលបានលទ្ធផលជោគជ័យ។ បើតាមលោកស្រី Gwyneth Cotes អង្គការ ហេឡែន ខេលល័រ ជាអង្គការមនុស្សធម៌មិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធី លើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងផែនការ, ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕

Tag:
 ThmeyThmey25
  ក្រសួងការងារ
  អង្គការហេឡែន
© រក្សាសិទ្ធិដោយ thmeythmey.com