ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ចំណាយថវិកា៣០០លានដុល្លារ ស្ថាបនាផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ
02, Dec 2021 , 7:59 pm        
រូបភាព
រូបភាព ក្រុងព្រះសីហនុ ពីលើអាកាស។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
រូបភាព ក្រុងព្រះសីហនុ ពីលើអាកាស។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ព្រះសីហនុ៖ រដ្ឋាភិបាលកម្ពុជា ចំណាយទឹកប្រាក់ចំនួន ៣០០លានដុល្លារ លើការស្ថាបនាផ្លូវចំនួន៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងព្រះសីហនុ។ តាមប្រសាសន៍ សម្ដេច ហ៊ុន សែន ការស្ថាបនាផ្លូវនេះ គឺ​ស័ក្ដិសមជាទីក្រុងទំនើប មានផាសុខភាពសម្រាប់ទេសចរ និង ការអភិវឌ្ឍសេដ្ឋកិច្ច។



នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០២ ខែធ្នូ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវផ្លូវចំនួន៣៧ខ្សែ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្រោមទំហំទឹកប្រាក់ ៣០០លានដុល្លារ ក្នុងក្រុងព្រះសីហនុ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ នាក្រុងព្រះសីហនុ សម្ដេច ហ៊ុន សែន លើកឡើងដូច្នេះ៖ «ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងជាផ្លូវលំហរសាធារណៈ ប្រកបដោយមេត្រីភាព សុវត្ថិភាព និងសីលធម៌, ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច, ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន»។ 
 
យោងតាមរបាយការណ៍របស់ លោក ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរ ការកសាងនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុ  ក្នុងគោលបំណងប្រែក្លាយក្រុងព្រះសីហនុ ឱ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ និងមានការអភិវឌ្ឍ ប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់។
 
នាឱកាសបើកសម្ពោធនេះ ប្រមុខរដ្ឋាភិបាល ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមបន្តទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការចំបាច់នានា របស់ក្រសួងសុខាភិបាល ជាពិសេសអំឡុងពេលនៃការបើកអាជីវកម្មមួយចំនួន តាមភោជនីយដ្ឋាន អាហារដ្ឋាន ខារ៉ាអូខេ ឌីស្កូតិក ជាដើម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន៕

Tag:
 ThmeyThmey25
  សម្ពោធផ្លូវ៣៧ខ្សែ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com