ជាតិ
«កេរដំណែលស្នាដៃម្ហូបខ្មែរ» ជាប់ជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីល្អផ្ដាច់គេ
02, Dec 2021 , 9:59 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាន់បង្ហាញសៀវភៅ កេរ្តិ៍ដំណែល​ស្នាដៃម្ហូបខ្មែរ
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាន់បង្ហាញសៀវភៅ កេរ្តិ៍ដំណែល​ស្នាដៃម្ហូបខ្មែរ
សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬជាភាសាអង់គ្លេសហៅថា The Taste of Angkor ទទួលបានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ (The Best Asian Cookbook) តាមរយៈកម្មវិធី Gourmand World Cookbook Award 2021។


 
សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលបានចងក្រងឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីល្អផ្ដាច់គេ ក្នុងចំណោមសៀវភៅចំនួន៤០០ក្បាល ក្នុងកម្មវិធី Gourmand World Cookbook Award 2021។ កម្មវិធីលំដាប់ពិភពលោកមួយនេះ ធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ទី៦ ខែធ្នូ ឆ្នាំ២០២១​ នៅទីក្រុងប៉ារីស ប្រទេសបារាំងហើយមានការចូលរួមពីប្រទេសចំនួន១៩៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែធ្នូ ម្សិលមិញនេះ។


 
តាមសេចក្ដីប្រកាសព័ត៌មានដដែល អត្ថន័យក្នុងសៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬ «The Taste of Angkor» គឺពិពណ៌នាយ៉ាងលម្អិតអំពីគ្រឿងផ្សំ នៃមុខម្ហូប និងបង្អែមរបស់ខ្មែរ ចំនួន៣៨មុខប្លែកៗពីគ្នា។ លើសពីនេះ សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ក៏បង្ហាញពីវិធីចម្អិនអាហារងាយៗ និងគ្រឿងផ្សំដែលងាយស្រួលរកនៅបរទេសផងដែរ។ 


 
ជ័យលាភី «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ ឬ The Best Asian Cookbook» ដែលកម្ពុជាទទួលបាននេះ គឺជាមោទកភាពនៃសមិទ្ធផលដ៏ត្រចេះត្រចង់ថ្មីដែលវាឆ្លុះបញ្ចាំងពីការខំប្រឹងរបស់រដ្ឋាភិបាល ក្នុងការជំរុញ និងផ្សព្វផ្សាយវិស័យការទូតម្ហូបអាហារអត្តសញ្ញាណជាតិ ឱ្យពិភពលោកបានស្គាល់។


 
សូមបញ្ជាក់ថា សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬ «The Taste of Angkor» បានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សាខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំណែកឯ កម្មវិធីប្រកួតមុខម្ហូប Gourmand World Cookbook Award នេះដែរ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំងសកលលោក៕

Tag:
 សៀវភៅ
 កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com