ជាតិ
ក្រសួងអប់រំ​ អនុញ្ញាតឲ្យដំណើរការរៀននិងបង្រៀន លក្ខណៈជាបណ្ដុំ នៅតាមគ្រឹះស្ថានសិក្សាឯកជន
03, Dec 2021 , 8:59 am        
រូបភាព
ដោយ៖ ហ៊ន ថូវ៉ាន
 
ក្រសួងអប់រំ​ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យដំណើរការសកម្មភាព និងសេវាកម្មផ្សេងៗ ដែលទាក់ទងទៅនឹងដំណើរការរៀននិងបង្រៀនផ្សេងៗដែលមានលក្ខណៈជាបណ្ដុំ នៅតាមគ្រឹះស្ថានសិក្សាឯកជន។ ការដំណើរការសកម្មភាពនិងសេវាកម្មទាំងនោះត្រូវគោរពទៅតាមគោលការណ៍ប្រតិបត្តិស្តង់ដា​ SOP និងគោលកាណ៍ណែនាំដទៃទៀត។

 
តាមសេចក្ដីជូនដំណឹងដែលចេញដោយក្រសួងអប់រំ​ យុវជន និងកីឡានៅថ្ងៃទី ២ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានអប់រំឯកជន បើកដំណើរការឡើងវិញនូវ សកម្មភាព ឬសេវាកម្មដែលទាក់ទងទៅនឹងដំណើរការរៀននិងបង្រៀន មានលក្ខណៈជាបណ្ដុំដូចជាសកម្មភាពកីឡា ហាត់ប្រាណ អត្តពលកម្ម ការហែលទឹក វាយសី និងសកម្មភាពសិល្បៈ រួមមានការរាំ ការសម្ដែង ការប្រគុំតន្រ្តី ដោយត្រូវសម្អាតនូវរាល់ឧបករណ៍ ដែលប្រើប្រាស់រួមគ្នាដោយប្រុងប្រយ័ត្ន។ 
 
ក្រៅពីនោះ បន្ទប់បណ្ណាល័យ បន្ទប់នេត្រា-សោតទស្សន៍ បន្ទប់ពិសោធន៍ មិនប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬប្រព័ន្ធបន្សុទ្ធខ្យល់រួមគ្នា​ ដោយត្រូវបើកបង្អួចឲ្យទូលាយ ដើម្បីមានខ្យល់ចូលក្នុងបន្ទប់។ 
 
ចំពោះការផ្ដល់សេវាអាហារនៅតាមអាហារដ្ឋាននៅក្នុងសាលា ត្រូវគ្រប់គ្រងពេលវេលាចូលទទួលទានរបស់សិស្ស មិនឲ្យមានភាពកុះករ និងត្រូវរក្សានូវគម្លាតសុវត្ថិភាព។ ចំណែកការផ្ដល់នូវទឹកស្អាតសម្រាប់សិស្សទទួលទាន ដែលចេញពីប្រភពតែមួយត្រូវផ្អាកជាបន្តទៀត រួមទាំងការដឹកជញ្ជូនសិស្សដោយបន្តរក្សាគម្លាតសុវត្ថិភាព។ 
 
ការដំណើរការសកម្មភាពនិងសេវាកម្មទាំងនោះត្រូវគោរពទៅតាម គោលការណ៍ប្រតិបត្តិស្តង់ដា​ SOP ស្ដីពីសេវាដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២២ តុលា ឆ្នាំ២០២១ និងគោលកាណ៍ណែនាំដទៃទៀត។ 
 
នៅក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា ចំពោះគ្រឹះស្ថានេកជនដែលមានបំណងបើកដំណើរការសកម្មភាពនិងសេវាកម្មខាងលើ ត្រូវឆ្លងកាត់ការពិភាក្សាជាមួយមាតាបិតានិងអាណាព្យាបាលសិស្សជាមុនសិន៕

Tag:
 អប់រំ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com