ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចលនាគាំទ្រលោក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្រ្តី ចាប់ផ្តើមផុសឡើង
02, Dec 2021 , 6:00 pm        
រូបភាព
សម្តេច ហ៊ុន សែន អង្គុយ ដោយមានកូនប្រុសទាំងបីនាក់ ឈរពីក្រោយ គឺលោក ហ៊ុន ម៉ាណែត (ឆ្វេងដៃ) លោក ហ៊ុន ម៉ានី (កណ្តាល) និង លោក ហ៊ុន ម៉ានិត ក្នុងពិធីរម្លឹកខួប៤០ឆ្នាំ នៃការផ្តួលរំលំរបបខ្មែរក្រហម ដែលប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន អង្គុយ ដោយមានកូនប្រុសទាំងបីនាក់ ឈរពីក្រោយ គឺលោក ហ៊ុន ម៉ាណែត (ឆ្វេងដៃ) លោក ហ៊ុន ម៉ានី (កណ្តាល) និង លោក ហ៊ុន ម៉ានិត ក្នុងពិធីរម្លឹកខួប៤០ឆ្នាំ នៃការផ្តួលរំលំរបបខ្មែរក្រហម ដែលប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
បណ្តាមន្រ្តីរាជការ ទាំងមន្រ្តីកងកម្លាំងប្រដាប់អាវុធ ទាំងមន្រ្តីស៊ីវិល រហូតមានដល់រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តីខ្លះផង រួមទាំងប្រជាពលរដ្ឋ ដែលមានសមានចិត្តជាមួយរដ្ឋាភិបាល បាននាំគ្នាបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត បង្ហាញការគាំទ្ររបស់ពួកគេ លើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។


ចលនាគាំទ្រយ៉ាងផុសផុលបែបនេះ លេចឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចេញពីពិធីសម្ពោធសមិទ្ធផលនានារបស់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ថា សម្តេច ក្នុងនាមជាឪពុក គាំទ្រយ៉ាងពេញទំហឹងឲ្យលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ឈរជាបេក្ខជននាយករដ្ឋមន្រ្តីមួយរូប ក្នុងចំណោមបេក្ខជនផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា។ តែសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែរ ដ្បិតកម្ពុជា អនុវត្តរបបប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានការបោះឆ្នោត សម្រាប់ជ្រើសរើសមេដឹកនាំប្រទេស។  
 
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ដែលជាស្ថាប័នខ្ពស់បំផុតក្នុងគណបក្សប្រជាជនកម្ពុជា មិនមានប្រសាសន៍ឡើយថា សម្តេច គាំទ្រ ឬមិនគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត សម្រាប់ការឈរជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងថ្ងៃអនាគត។ សម្តេច ទៀ បាញ់ លើកហេតុផលថា ការដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឈរជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងថ្ងៃអនាគត គឺមានន័យគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់ត្រូវអធិប្បាយអ្វីបន្ថែមឡើយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ សម្តេចរដ្ឋមន្រ្តីការពារជាតិ ថ្លែងយ៉ាងខ្លីថា៖«ខ្ញុំ គ្មានយោបល់អីទេ»។
 
តើសម្តេច យល់ថា លោក ហ៊ុន ម៉ាណែត មានគុណសម្បត្តិគ្រប់គ្រាន់ សម្រាប់ឈរជាបេក្ខជននាយករដ្ឋមន្រ្តីដែរឬទេ? សម្តេច ទៀ បាញ់ ជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលស្និទ្ធនឹងសម្តេច ហ៊ុន សែន ឆ្លើយបែបនេះថា៖«រឿងហ្នឹង មិនមែនខ្ញុំ ត្រូវតែយល់ ត្រូវតែវាយតម្លៃទេ។ កិច្ចការរបស់គេ គឺអនាគត ជាការពិសោធសម្រាប់អ្នកទាំងឡាយទាំងអស់ មិនមែនតែ [ឯកឧត្តម ហ៊ុន] ម៉ាណែត មួយទេ ហើយគេ ត្រូវតែឆ្លងកាត់ទៅតាមសភាពជាក់ស្តែង»។ 
 
ស្របពេលកំពុងមានសន្ទុះនៃការគាំទ្រខ្លាំងលើលោក ហ៊ុន ម៉ាណែត លោកតំណាងរាស្រ្ត ហ៊ុន ម៉ានី ដែលជាប្អូនប្រុសពៅ ក៏បានបង្ហោះរូបថត ដែលលោក ថតរួមគ្នាជាមួយលោក ហ៊ុន ម៉ាណែត និងបងប្រុសទីពីរ គឺលោក ហ៊ុន ម៉ានិត។ អមជាមួយរូបថត ដែលបង្ហោះលើទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានសរសេរសំណេរថា៖«បងធំខ្ញុំ [បងម៉ាណែត] រាងសង្ហាជាងគេ ហើយមានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់»។
 
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់, លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល, លោក ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, និង លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាដើម សុទ្ធតែប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជាក្នុងពេលអនាគត។ 
 
អ្នក ដែលប្រកាសគាំទ្រទាំងនោះ ភាគច្រើនលើកឡើងស្រដៀងគ្នាថា លោក ហ៊ុន ម៉ាណែត ជាយុវជនជំនាន់ក្រោយ ដែលគួរឲ្យគោរព មានគុណសម្បត្តិ និង សមត្ថភាពគ្រប់គ្រាន់។ ក្នុងចំណោមមន្រ្តីរាជការ ដែលប្រកាសគាំទ្រ មានអ្នកខ្លះ ចេញលិខិត ឬញត្តិជាផ្លូវការ តែអ្នកខ្លះ គ្រាន់តែបង្ហោះសារតាមបណ្តាញសង្គមប៉ុណ្ណោះ។ 

ញត្តិគាំទ្រ ដែលចេញក្នុងនាមក្រសួងដែនដីទាំងមូល បានសរសើរលោក ហ៊ុន ម៉ាណែត ថា៖«ឯកឧត្តម ហ៊ុន ម៉ាណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព សក្តានុពល និង ទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា»។
 
បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ដែលមានវ័យ៤៤ឆ្នាំ កាន់តួនាទីជាច្រើនក្នុងជួរកងទ័ព រួមមាន ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី។ នៅក្នុងបក្សវិញ លោក គឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្តាល។ គណៈអចិន្រ្តៃយ៍ ជាអង្គការចាត់តាំងខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកតែជាង៣០រូបប៉ុណ្ណោះ។ ចំណែក ប្រធានយុវជនថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនគណបក្សប្រជាជនកម្ពុជា។ លោក រៀនចប់ថ្នាក់បណ្ឌិតផ្នែកយោធាពីសហរដ្ឋអាម៉េរិក។  
 
មិនមែនជាលើកទីមួយឡើយ ដោយកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសរួចមកហើយថា លោក ហ៊ុន ម៉ាណែត ជាបេក្ខជនម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវឈរឈ្មោះជានាយករដ្ឋមន្រ្តី។ សម្តេច ហ៊ុន សែន ក៏ធ្លាប់បង្ហើបថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏អាចជាបេក្ខជននាយករដ្ឋមន្រ្តីម្នាក់ដែរ។ 
 
យ៉ាងណាក៏ដោយ គេ មិនអាចដឹងថា កម្ពុជា នឹងមាននាយករដ្ឋមន្រ្តីថ្មីនៅពេលណាឡើយ ខណៈសម្តេច ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីបីបួនទសវត្សរ៍មកហើយនោះ បានប្រកាសម្តងជាពីរដងថា សម្តេច នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីដោយគ្មានពេលកំណត់៕  

Tag:
 ហ៊ុន ម៉ាណែត
  បេក្ខជននាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com