ជាតិ
រដ្ឋាភិបាលបង្កើតគណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសពសម្តេចក្រុមព្រះ
02, Dec 2021 , 6:06 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី២ ខែធ្នូ នេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្តេចក្រុមព្រះ បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅប្រទេសបារាំង។



គណៈកម្មការរៀបចំព្រះពិធី មានសម្តេចចៅហ្វាវាំង គង់ សំអុល ជាប្រធាន អមដោយអនុប្រធាន១២អង្គ/នាក់ ក្នុងនោះមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាព្រះរាជបុត្រច្បងរបស់សម្តេចក្រុមព្រះ ផងដែរ។ នាយទាហាន និងមន្ត្រី១៤នាក់ទៀតជាសមាជិក។

តាមប្រការ២ គណៈកម្មការនេះ មានភារកិច្ចរៀបចំព្រះរាជពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ ដោយប្រតិបត្តិឲ្យល្អប្រសើរ សមស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងព្រះរាជវង្សានុវង្ស។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នាពិធីមួយក្នុងខេត្តព្រះសីហនុ ថា កម្ពុជាកំពុងរៀបចំដង្ហែព្រះសពមកមាតុប្រទេស។

លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៊ិច ប្រាប់សារព័ត៌មានថ្មីៗថា ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកដល់កម្ពុជា នៅម៉ោង១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១៕ 




Tag:
 សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com