ជាតិ
NGO ៖ មន្ត្រីទន្ទ្រានដីព្រៃលិចទឹក ត្រូវមានទោសតាមច្បាប់ ដោយមិនត្រូវឱ្យរួចខ្លួន ត្រឹមសារភាពឡើយ
02, Dec 2021 , 8:59 pm        
រូបភាព
តំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវបានទន្ទ្រានយកមកធ្វើជាដីកសិកម្ម នៅក្នុងខេត្តសៀមរាប។ រូបភាពដោយ៖ លោក Chhut Chheana  និងក្រុមការងារគម្រោងអច្ឆរិភាពនៃទន្លេមេគង្គ(Wonders of the Mekong) កាលពីខែកញ្ញា ឆ្នាំ ២០២០។
តំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវបានទន្ទ្រានយកមកធ្វើជាដីកសិកម្ម នៅក្នុងខេត្តសៀមរាប។ រូបភាពដោយ៖ លោក Chhut Chheana និងក្រុមការងារគម្រោងអច្ឆរិភាពនៃទន្លេមេគង្គ(Wonders of the Mekong) កាលពីខែកញ្ញា ឆ្នាំ ២០២០។
ភ្នំពេញ៖ មន្ត្រីទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ត្រូវមានទោសតាមច្បាប់ ដោយមិនត្រូវឱ្យរួចខ្លួន ត្រឹមតែសារភាពកំហុសឡើយ។ នេះជាការលើកឡើងរបស់សង្គមស៊ីវិល ដែលបានបន្ថែមថា បើរដ្ឋាភិបាលអនុគ្រោះដល់មន្ត្រីខិលខូចបែបនេះ នឹងការរិះគន់ថា រដ្ឋអនុវត្តច្បាប់ស្ដង់ដាផ្សេងគ្នា រវាងមន្ត្រីដែលមានសិទ្ធិអំណាច និងពលរដ្ឋក្រខ្សត់។

 
មន្រី្តដែលមានសិទ្ធិអំណាចជាច្រើន ជាប់ពាក់ព័ន្ធនឹងការទន្ទ្រានដី ហើយខ្លះក៏ចេញមុខប្រគល់ដីជូនរដ្ឋវិញ ក្រោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តបញ្ជាឲ្យស្រាវជ្រាវ និងដកហូតដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាបវិញ។ មន្ត្រីដែលសារភាពពីទោសកំហុស លើករណីទន្ទ្រានយកដីព្រៃលិចទឹកនោះ នឹងទទួលបានការលើកលែងទោស ប៉ុន្តែនៅបន្តជាប់ពិរុទ្ធភាព។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២៨ វិច្ឆិកា។
 
លោក ស៊ឹង សែនករុណា មន្រី្តអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (ADHOC) លើកឡើងថា ការទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋជាបទឧក្រិដ្ឋ ហើយការចេញមុខសារភាព គ្រាន់តែជាផ្នែកមួយដែលតុលាការធ្វើការពិចារណាបន្ធូបន្ថយទោសប៉ុណ្ណោះ។ ដូច្នេះ រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ គួរដាក់ពិន័យតាមច្បាប់ដែលបានចែង។ 
 
«មិនអាចគ្រាន់តែសារភាពកំហុស ហើយមិនទទួលទោសដែលបានប្រព្រឹត្តទេ គួរមានការពិន័យ និងដាក់ទណ្ឌកម្មតាមច្បាប់»។ នេះបើតាមលោក កុរណា ដែលបន្ថែមថា បើអ្នកប្រព្រឹត្តបទល្មើសទាំងនោះរួចខ្លួន គឺឆ្លុះបញ្ចាំងថាសង្គមកម្ពុជា អ្នកមានអំណាចប្រព្រឹត្តបទល្មើសហើយរួចខ្លួន។ 
 
ចំណែកខាងក្រុមយុវជនដែលធ្វើការលើធនធានធម្មជាតិនិងបរិស្ថាន សង្ឈឹមថា អ្នកពាក់ព័ន្ធការទន្ទ្រានដីរដ្ឋខុសច្បាប់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ លោក សាន ម៉ាឡា មន្រី្តផ្នែកតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្ដាញយុវជនកម្ពុជា(CYN) យល់ថា បើបុគ្គលមានអំណាចដែលកាន់កាប់ដីតំបន់ទន្លេសាបខុសច្បប់ ទទួលបានការលើកលែងទោសពីរដ្ឋាភិបាល និងអ្នកអនុវត្តច្បាប់ ជារឿងអយុត្តិធម៌បំផុត។ 
 
លោកថ្លែងយ៉ាងដូច្នេះថា «បើអ្នកដែលប្រព្រឹត្តខុស ទន្ទ្រានដីហើយសារភាព ទទួលបានការលើកលែងទោសពីរដ្ឋាភិបាលឬអ្នកអនុវត្តច្បាប់ គឺរឿងអយុត្តិធម៌និងអនុវត្តច្បាប់ស្ដង់ដាខុសគ្នាជាមួយពលរដ្ឋតូចតាច»។ 
 
ជាមួយគ្នានេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ ក៏លើកឡើងដូចលោក ករុណា និងលោក ម៉ាឡា ដែរ។ លោកថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធគឹត្រូវអនុវត្តវិធានការឲ្យបានតឹងរឹង ដើម្បីជាគំរូ។ 
«បើមន្រី្តប្រព្រឹត្ត(ទន្រ្តានដីខុសច្បាប់)មិនបានអនុវត្តតាមផ្លូវច្បាប់ ហើយអនុវត្តច្បាប់លើតែប្រជាជនខ្សត់ខ្សោយ ឥតមានតម្លាភាពនិងយុត្តិធម៌ឡើយ»។ 
 
ជុំវិញការអនុវត្តច្បាប់ស្ដង់ដាពីនេះ លោក សាន ម៉ាឡា បានលើកឡើងថា រដ្ឋាភិបាលតែងតែអនុវត្តយ៉ាងតឹងរឹង ហើយរឹតត្បិតសិទ្ធិសេរីភាពលើក្រុមសកម្មជន ដែលចូលរួមការពារបរិស្ថាន។ បើតាមលោក ម៉ាឡា រដ្ឋាភិបាល រួមទាំងអ្នកអនុវត្តច្បាប់ នឹងរងការរិះគន់ បើដោះស្រាយមិនបានត្រឹមត្រូវ។ លោកពោលដូច្នេះ៖ «ដូច្នេះបើរដ្ឋាភិបាលមិនចង់ឲ្យមានការរិះគន់ទេ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់ដោយឥតមានការលើកលែងចំពោះអ្នកមានអំណាចដែលរំលោភបំពានទាំងអស់នោះ»។ 
 
អ្នកក្រខ្សត់ គឺគ្រាន់តែយកដីទៅដាំដុះឬប្រកបមុខរបរ ដើម្បីរស់ប៉ុណ្ណោះ។ រីឯ អ្នកមានអំណាច ទន្ទ្រានដីយ៉ាងលោភលន់ ហើយបង្កផលប៉ះពាល់កាន់តែធំ។ ដូច្នេះ ទំហំទោសទណ្ឌក៏ត្រូវដែល ពិនិត្យតាម ផលប៉ះពាលដែរ។ នេះបើតាមក្រុមសង្គមស៊ីវិល ដែលបានកត់សម្គាល់ឃើញថា កន្លងមកមន្រី្តភាគច្រើនអនុវត្តតាមបទបញ្ជា ជាជាងការបំពេញតួនាទី។ 
 
បើតាមសង្គមស៊ីវិលទាំងនោះ ការចាត់វិធានការលើមន្រី្តមានសិទ្ធិអំណាចប្រព្រឹត្តខុស មិនត្រូវធ្វើឡើងតែមួយឆាវប៉ុណ្ណោះទេ។ «បើករណីនោះស្ងប់ស្ងាត់ ពួកគេក៏រួចខ្លួនទៅវិញ»។ 
 
តំណាងសង្គមស៊ីវិលទាំងបី បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ពេលឃើញមន្រី្តមិនបានបំពេញតួនាទី ខណៈពលរដ្ឋតែងតែបង់ពន្ធដល់មន្រី្តរាជការ។ សង្គមស៊ីវិលបានសង្កេតឃើញថា ការទន្ទ្រានដី និងបទល្មើសធនធានធម្មជាតិ គឺសុទ្ធតែជាប់ពាក់ព័ន្ធនឹងអ្នកមានសិទ្ធិអំណាច។ ជាក់ស្ដែងដូចករណីដីព្រៃលិចទឹកជាប់បឹងទន្លេសាបនេះ គឺសុទ្ធតែមានមន្រី្តតាមបណ្ដាខេត្តជាប់ពាក់ព័ន្ធ ទើបនាយករដ្ឋមន្រី្តបញ្ជាឲ្យរដ្ឋមន្រី្តចុះអន្តរាគមន៍។
 
គួរបញ្ជាក់ថា ការចាប់ផ្ដើមពិនិត្យករណីរំលោភដីព្រៃលិចទឹក ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានរបាយការណ៍ស្រាវជ្រាវពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ សម្ដេចក៏បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់។បើតាមលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ដីព្រៃលិចទឹកនៅជុំវិញទន្លេសាប ដែលរងការកាប់ទន្ទ្រាននោះ មានរហូតដល់រាប់ម៉ឺនហិកតា ដែលពុំទាន់រកមុនអ្នកទន្ទ្រានឃើញ៕
 
អត្ថបទទាក់ទង
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com