ជាតិ
លោក ជា សុផារ៉ា បង្កើតក្រុមការងារស្រាវជ្រាវ​ការទន្ទ្រានដីព្រៃលិចទឹក​នៅតំបន់ទន្លេសាប
29, Nov 2021 , 2:58 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយ: ថ្មីៗ
រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្ម និងសំណង់ បាន​បង្កើតក្រុម​ការងារ​ក្នុងក្របខណ្ឌ​ក្រសួង​របស់ខ្លួន ដើម្បី​ចុះពិនិត្យ និង​ស្រាវជ្រាវ​ការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ កាលពីយប់ថ្ងៃទី២៨ ខែ​វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ ដែលជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ផងដែរនោះ​ បាន​បើក​កិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ទាក់ទងនឹង​វិធាន​ការការពារ​បឹងទន្លេសាប។ កិច្ចប្រជុំនេះដែរ គឺ​ធ្វើតាមបញ្ជា​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលដែលសម្តេចទទួលបាន​របាយការណ៍​ស្រាវជ្រាវ​ពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

 
ក្រុម​ការងារ​៦ក្រុម​ត្រូវបាន​បង្កើតឡើង​ក្នុងក្របខណ្ឌ​ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យ និង​ស្រាវជ្រាវកាទន្ទ្រាន​ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ដោយ​ប្រធានក្រុមសុទ្ធតែជារដ្ឋលេខាធិការក្រសួង។
 
ក្រុមទី១​ដែលទទួលបន្ទុកនៅខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ទេព ធន រីឯលោក សួន សុធា អគ្គនាយក​សុរិយោដី និងភូមិសាស្ត្រជាអនុប្រធាន រួមទាំង​សមាជិក​៩​រូប។ ក្រុមទី២ ប្រចាំខេត្តពោធិ៍សាត់ ដឹកនាំដោយ​លោករដ្ឋលេខាធិការ សរ សុវណ្ណ និងលោក អ៊ិត សុត្ថា ជាអនុប្រធាន រួមទាំង​សមាជិក​៨នាក់។
 
នៅខេត្តបាត់ដំបង ដែលជាក្រុមទី៣ មាន​លោករដ្ឋលេខាធិការ ប៉ែន សុផល ជាប្រធាន និង​លោក សោ វណ្ណា ប្រធាននាយកដ្ឋានភូមិសាស្ត្រ ជាអនុប្រធាន អមដោយសមាជិក​៧នាក់។ ក្រុមទាំង​៤ ទទួលបន្ទុក​ខេត្តបន្ទាយមានជ័យ និង​សៀមរាប ដឹកនាំដោយ​លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ និងលោក ប៉ាត់ សុក ទីប្រឹក្សាក្រសួងជាអនុប្រធាន រួមទាំងសមាជិក​៤នាក់។

 
 
ក្រុមទី​៥នៅ​ខេត្តកំពង់ធំ មាន​លោករដ្ឋលេខាធិការ ឡៅ ទិព្វសីហា ជាប្រធាន លោកអនុរដ្ឋលេខាធិការ ហ៊ុន ប៊ុនថាន ជាអនុប្រធាន អមដោយសមាជិក​៤នាក់។ ចំណែក​ក្រុមទី៦ ជាអ្នកទទួល​បន្ទុក​សម្របសម្រួល និង​បូក​សរុប ដោយមាន​លោករដ្ឋលេខាធិការ ឡោ ដាវុធ ជាប្រធាន លោក សេង ឡូត អគ្គនាយករដ្ឋបាល ជាអនុប្រធាន និងសមាជិក​៥នាក់។
 
ក្រុមការងារទទួលបន្ទុកតាមខេត្ត មានភារកិច្ច​សហការសម្របសម្រួលជាមួយ​ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី និងអង្គភាពសមត្ថកិច្ចពាក់ព័ន្ធ រីឯក្រុម​ទទួលបន្ទុកសម្របសម្រួល និងបូកសរុប ត្រូវបន្តរាយការណ៍វឌ្ឍនភាព​ជួនថ្នាក់ដឹកនាំក្រសួង។
 
ទាក់ទងនឹងយុទ្ធនាការការពារបឹងទន្លេសាប ក៏ដូចជាការទប់ស្កាត់ការទន្ទ្រាន​ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ប្រកាសថាគ្មាន​ការអត់ឱននោះឡើយ។ សម្តេច​ឲ្យចាត់​វិធានការបង្ក្រាប ពោលគឺគ្មាន​ពេលអប់រំទៀតនោះទេ​៕
អត្ថបទទាក់ទង
 
 

Tag:
 បឹងទន្លេសាប
  ព្រៃលិចទឹក
© រក្សាសិទ្ធិដោយ thmeythmey.com