កីឡាអន្តរជាតិ
អន្តរជាតិ
ចិនថា ពហិការការទូតរបស់អាម៉េរិកនៅអូឡាំពិកប៉េកាំង ជានយោបាយសង្គ្រាមត្រជាក់
07, Dec 2021 , 9:29 pm        
រូបភាព
មិនទុកយូរឡើយ ចិនបានប្រតិកម្មតបនឹងការប្រកាសធ្វើពហិការការទូតរបស់អាម៉េរិកតាមរយៈការមិនបញ្ជូនមន្ត្រីទៅចូលរួមព្រឹតិ្តការណ៍អូឡាំពិកក្រុងប៉េកាំង។ ដោយហៅទង្វើអាម៉េរិក ជានយោបាយដឹកនាំបែបសង្គ្រាមត្រជាក់។ បេសកកម្មចិនប្រចាំ UN អះអាងថា ជោគជ័យរបស់អូឡាំពិករដូវរងាឆ្នាំ២០២២ មិនពឹងលើការចូលរួមរបស់មន្ត្រីទាំងនោះឡើយ។



សេតវិមាននៅថ្ងៃទី៦ ខែធ្នូ ប្រកាសថា គ្មានគណៈប្រតិភូផ្លូវការណាមួយ នឹងត្រូវបញ្ជូនទៅក្នុងព្រឹត្តិការណ៍កីឡារដូវរងាក្រុងប៉េកាំងដែលនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយឡើយ។ នេះបើតាមការផ្សាយរបស់កាសែតចិន CGTN នៅថ្ងៃទី៧ ខែធ្នូ។
 
ការប្រកាសនេះ ធ្វើឡើងក្រោយប្រធានាធិបតី ចូ បៃឌិន កាលពីខែមុនអះអាងថា អាម៉េរិកពិចារណាធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាវិធានមួយដើម្បីប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិនទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាំង។ ក្រុងវ៉ាស៊ីនតោនបានចាត់ទុកទង្វើរបស់ចិនថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច ដែលកំពុងរស់នៅលើទឹកដីពួកគេ។
 
«ការសម្រេចចិត្តរបស់អាម៉េរិកជុំវិញការធ្វើពហិការការទូតអូឡំាពិក បានឆ្លុះបញ្ចាំងពីចិត្តគំនិតនៃសង្រ្គាមត្រជាក់។ នេះគ្រាន់តែជាការស្វែងរកការធ្វើនយោបាយដើម្បីបំបែកបំបាក់ និងបង្កឱ្យមានការប្រឈមមុខគ្នាប៉ុណ្នោះ។ នេះជាការអះអាងរបស់អ្នកនាំពាក្យបេសកកម្មចិនប្រចាំ UN។
 
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី៦ ខែធ្នូ បានប្រឡះអាម៉េរិកថាជានយោបាយបំផ្លើសការពិតតាមរយៈការធ្វើពហិការការទូតនេះ។ អ្នកនាំពាក្យរូបនេះបន្ថែមបែបបញ្ចើចបញ្ចើរអាម៉េរិកថា ការធ្វើពហិការការទូតព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ដោយមិនមានការអញ្ជើញនោះពិតជាមានកិត្តិយសណស់៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com