កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ AT-Madrid ដណ្តើមបានកៅអីវគ្គ១៦ក្រុម ឯ Liverpool ឈ្នះគ្រប់​ប្រកួតនៅវគ្គជម្រុះ
08, Dec 2021 , 9:15 am        
រូបភាព
Atletico Madrid បានឈានទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពីយកឈ្នះ Porto ៣-១ ក្នុងការប្រកួតពូល B ដែលមានកាតក្រហមដល់ទៅ៣។ Liverpool ឈ្នះទាំង៦ប្រកួតក្នុងវគ្គជម្រុះនេះ។



៣គ្រាប់របស់ Atletico Madrid ធ្វើបានដោយ Antoine Griezmann, Angel Correa និង Rodrigo De Paul ឯមួយគ្រាប់របស់ Porto សម្រេចដោយ Fabio Vieira។ ជំនួបចុងក្រោយពូល B ដ៏ស្វិតស្វាញ នៅថ្ងៃទី៧ ខែធ្នូ មានកាតក្រហមដល់ទៅ៣ ក្នុងនោះ Yannick Carrasco របស់ AT-Madrid និងកីឡាករ Porto ពីររូប Agustin Marchesin និង Wendell។
 
ជ័យជម្នះ ៣-១ គ្រប់គ្រាន់ដើម្បីជួយក្រុមអេស្ប៉ាញដែលមានលោក Diego Simeone ជាអ្នកចាត់ការបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌកំពូលអឺរ៉ុប។ AT-Madrid បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ពូល B មាន៧ពិន្ទុ នាំមុខ Porto ដែលឈរលេខ៣ចំនួន២ពិន្ទុ។ Porto សល់កៅអីលេងនៅ Europa League ខណៈ AC Milan ដែលចាញ់ Liverpool ហាលអាវ។
Liverpool ឈរនៅកំពូលតារាងនៅវគ្គជម្រុះ បន្ទាប់ពីពួកគេឈ្នះទាំង៦ប្រកួតនិងមាន១៨ពិន្ទុពេញ។
 
នៅពូល A ក្រុម RB Leipzig ដណ្តើមបានកៅអី Europa League ក្រោយឈ្នះ Man City ២-១។ ទោះបរាជ័យនៅជំនួបចុងក្រោយ តែ Man City នៅតែរក្សាកំពូលតារាងពូល A ដោយរកបាន១២ពិន្ទុ នាំមុខក្រុមលេខ២ PSG ១ពិន្ទុ។ RB Leipzig បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣មាន៧ពិន្ទុ ឯ Club Bruges នៅបាតតារាងមាន៤ពិន្ទុ។
 
Ajax ក៏ជាក្រុមដែលអាចរកបានជ័យជម្នះទាំង៦ប្រកួតនៅវគ្គជម្រុះផងដែរ ក្រោយបន្តឈ្នះ Sporting Lisbon ៤-២ នាជំនួបចុងក្រោយពូល C។ Ajax រកបាន១៨ពិន្ទុ តាមពីក្រោយដោយ Sporting ដែលមាន៩ពិន្ទុ ស្មើក្រុមលេខ៣ Borussia Dortmund ដោយខុសតែសំណល់គ្រាប់ស៊ុត។ Besiktas នៅបាតតារាងគ្មានពិន្ទុរាប់។
 
ពូល D ក្រុម Real Madrid បន្តឈ្នះ Inter Milan នៅជំនួបចុងក្រោយក្នុងលទ្ធផល ២-០។ Sheriff Tiraspol ស្មើ Shakhtar Donetsk ១-១។ Real Madrid រកបាន១៥ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយដោយ Inter Milan ដែលមាន១០ពិន្ទុ។ Tiraspol បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣មាន៧ពិន្ទុ ឯ Shakhtar នៅបាតតារាងរកបាន២ពិន្ទុ៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com