ជាតិ
សង្គមជាតិ
ការងារស្ម័គ្រចិត្ត ជួយឱ្យយុវជនអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ
08, Dec 2021 , 4:15 pm        
រូបភាព
ដោយ៖ ហ៊ន ថូវ៉ាន
 
អង្គការមួយចំនួនសហការជាមួយនាយកដ្ឋាននៃក្រសួងអប់រំ យុវជននិងកីឡា រួមគ្នាប្រារព្ធទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត» លើកទឹកចិត្តឲ្យយុវជននាំគ្នាមកចូលរួមនៅក្នុងការស្ម័គ្រចិត្ត ឲ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ។

 
លោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេសកម្ពុជា និងថៃ នៃអង្គការវីអេសអូ (VSO) បាននិយាយថាទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត» ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគាំទ្រ និងចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវ ។ មិនតែប៉ុណ្ណោះអ្នកស្ម័គ្រចិត្តនិងសហគមន៍មូលដ្ឋាន ត្រូវបានផ្តល់សិទ្ធិអំណាច និងធ្វើការរួមគ្នាក្នុងការដឹកនាំគម្រោងរបស់ពួកគេ ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។ 
 
ការស្ម័គ្រចិត្តរបស់យុវជន ពិតជាមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍខ្លួនឯង ព្រោះតាមរយៈការងារស្ម័គ្រចិត្ត យុវជនអាចដោះស្រាយនូវបញ្ហាប្រឈម តាមរយៈបទពិសោធន៍ការងារដែលធ្លាប់បានជួបកន្លងមក។ 
 
ក្រសួងអប់រំ យុវជន និងកីឡា អង្គការជាតិ និងអន្តរជាតិ រួមទាំងយុវជន លើកឡើងស្រដៀងគ្នាថា ការងារស្ម័គ្រចិត្តមិនត្រឹមតែជួយឱ្យយុវជនកសាងទំនាក់ទំនងក្នុងសង្គម និងបង្កើតទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងទិវានោះថា ជារៀងរាល់ថ្ងៃអ្នកស្ម័គ្រចិត្តជាយុវជនរាប់ពាន់នាក់កំពុងធ្វើការងារស្ម័គ្រចិត្តដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាធ្វើការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
 
លោកបន្តថា៖« ការស្ម័គ្រចិត្តធ្វើឱ្យសង្គមប្រមូលផ្តុំជាធ្លុងមួយ ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ និងថែមទាំងផ្តល់ជាមធ្យោបាយសម្រាប់ឱ្យប្រជាជន បង្ហាញពីតម្លៃរបស់ពួកគាត់ និងបញ្ជាក់សាជាថ្មីថាពួកគាត់មានចំណែកដ៏មានសារៈសំខាន់សម្រាប់សង្គម។ ការស្ម័គ្រចិត្តអាចកសាងតម្លៃខ្លួនឯង និងមានអារម្មណ៍ថាមានមោទនភាពពិតប្រាកដសម្រាប់រួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរ»។
 
លោក Robert Gillen នាយកផ្នែកយុទ្ធសាស្រ្ត គុណភាពកម្មវិធី និងអភិវឌ្ឍធនធាន នៃអង្គការទស្សនៈពិភពលោកកម្ពុជា បានបន្ថែមថា តាមរយៈការងារស្ម័គ្រចិត្ត យុវជនបានកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយមិត្តភក្តិ លោកគ្រូ អ្នកគ្រូរបស់ពួកគេ សហគមន៍ និងជាមួយអាជ្ញាធរមូលដ្ឋាន។
 
បើតាមលោក Robert Gillen សព្វថ្ងៃនេះ អង្គការទស្សនៈពិភពលោក អង្គការវីអេសអូកម្ពុជា  គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ភ្នាក់ងារភីសខ័រសហរដ្ឋអាមេរិក និងអង្គការឌីវីវីអន្តរជាតិ សហការជាមួយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធី«ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅ ២៥ រាជធានី ខេត្ត ដែលមានយុវជនស្ម័គ្រចិត្តចំនួន៣៥៥នាក់ចូលរួម។
 
កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា អង្គការទស្សនៈពិភពលោក អង្គការវីអេសអូកម្ពុជា(VSO) រួមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀត បានរួមគ្នាប្រារព្ធទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត»  ក្រោមប្រធានបទ«ស្ម័គ្រចិត្តឥឡូវនេះ ដើម្បីអនាគតរួមរបស់ពួកយើង»។ 
 
ថ្ងៃទី០៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានមហាសន្និបាតអង្គការសហប្រជាតិកំណត់យកជាទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត។ បើតាមអង្គការសហប្រជាជាតិ បច្ចុប្បន្ននៅទូទាំងពិភពលោកមានអ្នកស្ម័គ្រចិត្តចំនួន២៩ភាគរយ​ដែលភាគច្រើនមានអាយុក្រោម២៩ឆ្នាំ ហើយនៅក្នុងនោះមានអ្នកស្ម័ក្រចិត្ត៥១ ភាគរយជាស្ត្រី៕

Tag:
 ការងារស្ម័គ្រចិត្ត
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com