កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Barca ត្រូវការឈ្នះ Bayern នៅពូលE ខណៈ៤ក្រុមនៅពូលG ប្រដេញពិន្ទុគ្នា យកកៅអី១៦ក្រុម
08, Dec 2021 , 6:29 pm        
រូបភាព
UEFA Champions League ជំនួបពូល E នាយប់រំលងអធ្រាតឈានចូលថ្ងៃទី៩ ធ្នូ ក្រុម Barcelona ត្រូវជួបតទល់ជាមួយក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich នាការប្រកួតវគ្គសន្សំពិន្ទុ វេលាម៉ោង ៣:០០។ សម្រាប់ជំនួបពូល G ក្រុម Salzburg, Sevilla, Wolfsburg, Lille ដែលកំពុងប្រដេញពិន្ទុគ្នា ស្រេកឃ្លានជ័យជម្នះរៀងៗខ្លួន នារាត្រីចុងក្រោយវេលាម៉ោង ៣:០០ដូចគ្នា។



Barcelona របស់អេស្ប៉ាញនឹងត្រូវធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដើម្បីប្រកួតតទល់ជាមួយ Bayern Munich នៃជំនួបជើងទី២ ក៏ជាការប្រកួតចុងក្រោយនៃពូល Eដែរ។ ក្រុមអ្នកមានបុណ្យដែលដឹកនាំដោយលោក Xavi Hernández កំពុងស្រេកឃ្លានជ័យជម្នះជាចាំបាច់លើក្រុមម្ចាស់ផ្ទះ ដោយសារតែ Barcelona មានតែ៧ពិន្ទុប៉ុណ្ណោះ ឈរលេខ២ ខណៈ Benfica ក៏ត្រូវការ៣ពិន្ទុជ័យជម្នះលើក្រុម Dynamo Kyiv នាយប់នេះដូចគ្នា។
 
ក្នុងពូល E ក្រុម Barcelona ក្រោមការដឹកនាំរបស់ Xavi នឹងត្រូវធ្វើការងារធ្ងន់ប្រជែងកៅអីវគ្គជម្រុះ១៦ក្រុម ស្របពេលក្រុម Benfica រំពឹងឈ្នះ Dynamo kyiv ដណ្តើមកៅអីលេខ២នាយប់នេះ។
 
«ការប្រកួតជាមួយ Bayern ពួកយើងនឹងអាចបំបាក់ពួកគេដើម្បីឈ្នះ ព្រោះយើងមិនរំពឹងលើអព្ភូតហេតុអ្វីមួយឡើយ។ការប្រកួតយប់នេះយើងបានត្រៀមខ្លួនបានយ៉ាងល្អ ហើយប្រវត្តិសាស្រ្តនៅទីក្រុង Munich នឹងត្រូវកែប្រែក្នុងយប់នេះជាមួយជ័យជម្នះរបស់យើង។» Xavi បាននិយាយក្នុងសន្និសីទព័ត៌មានមុនការប្រកួត។


 
ក្រឡេកទៅកាន់ជំនួបក្នុងពូល G វិញ ក្រុម៤ដែលមាន FC Salzburg, Sevilla, Wolfsburg, Lille កំពុងតែត្រៀមខ្លួនប្រកួតប្រជែងដណ្តើមកៅអី ទៅកាន់វគ្គ១៦ក្រុមបន្ត។ FC Salzburg ដែលឈរលេខ២ មាន៧ពិន្ទុទទួលស្វាគមន៍ក្រុម Sevilla ដែលឈរលេខ៣មាន៦ពិន្ទុ ខណៈ Wolfsburg ឈរបាតតារាងមាន៥ពិន្ទុ ត្រូវជួបក្រុមកំពូលតារាង Lille មាន៨ពិន្ទុ។ 
 
ក្រុមទាំង៤ ក្នុងពូល G នេះ នឹងត្រូវកាត់សេចក្តីស្វែងកៅអីទៅកាន់វគ្គបន្ត ស្របពេលដែលក្រុម Lille មកពីបារាំង កំពុងតែឱកាសច្រើនជាងក្រុមផ្សេង ដោយកំរិតនៃទម្រង់លេងរបស់ពួកគេហាក់ធ្វើបានយ៉ាងល្អ ទាំងក្នុង Ligue 1 និង UCL នេះ។ ចំណែក Salzburg, Sevilla, Wolfsburg នឹងត្រូវប្រជែងយកតំណែងលេខ ២ និងលេខ ៣ក្នុងនាមជាក្រុមធ្លាក់ទៅលេងពានរង្វាន់ UEFA Europa League។


 
ជំនួបចុងក្រោយក្នុងពូលផ្សេងទៀតក្នុងរាត្រីថ្ងៃទី៩ ខែធ្នូវេលាម៉ោង ៣:០០ (ម៉ោងនៅកម្ពុជា) ពូល F ក្លិប Atalanta ទទួលក្លិប Villarreal ខណៈបិសាចក្រហម Manchester Unitedទទួល Young Boys ។ ជំនួបពូល H ក្លិបសេះបង្កង Juventus ទទួលក្លិប Malmo FF និង Zenit St. Petersburg ទទួលក្រុមតោខៀវ Chelsea។

Tag:
 UEFA Champions League
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com