កីឡាអន្តរជាតិ
អន្តរជាតិ
Erik Ten Hag៖ គ្មានក្រុមណាចង់ឡើងជួប Ajax នៅវគ្គជម្រុះ១៦ក្រុមឡើយ
08, Dec 2021 , 10:59 pm        
រូបភាព
លោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax Amsterdam អះអាងថា នៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League គ្មានក្រុមណាមួយចង់ក្លាយជាគូប្រកួតរបស់ Ajax ឡើយ។ ការចាប់គូប្រកួតវគ្គ១៦ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ។



Ajax ជាក្រុមទី២ បន្ទាប់ពី Liverpool នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលដែលឈ្នះ ៦ប្រកួតជាប់គ្នា។ ការប្រកួតចុងក្រោយក្នុងពូល C Ajax បានយកឈ្នះលើក្រុម Sporting Lisbon ដោយលទ្ធផល ៤-២។ កីឡាករ Sebastien Haller ក្លាយជាកីឡាករទីពីរបន្ទាប់ពី Cristiano Ronaldo ដែលស៊ុតគ្រាប់បាល់៦ប្រកួតជាប់គ្នាគិតតាំងពីរដូវកាល២០១៧-១៨ ។


 
«ការយកឈ្នះប្រកួតនីមួយៗពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែពួកយើងបានឈ្នះ៦ប្រកួតជាប់គ្នាក្នុងពូល។ យើងនឹងបានឃើញរឿងរ៉ាវផ្សេងៗទៀតនៅការប្រកួតខាងមុខបន្តទៀត ហើយក្រុមយើងពិតជាមានទំនុកចិត្តពេលនេះ។ គ្មានក្រុមណាមួយឡើយនៅវគ្គ១៦ក្រុមដែលចង់មកជួបយើង ប៉ុន្តែយើងក៏ត្រូវតែធ្វើឱ្យបានល្អនៅវគ្គបន្ទាប់ផងដែរ។»លោក Ten Hag បាននិយាយក្នុងសន្និសីទព័ត៌មានក្រោយចប់ការប្រកួតនាថ្ងៃទី៨ ខែធ្នូ។
 
ក្រោយបញ្ចប់ការប្រកួតពូល C Ajax ឈរលេខមួយមាន ១៨ពិន្ទុពី៦ប្រកួតខណៈក្រុមលេខ២ Sporting Lisbon មាន៩ពិន្ទុ ចំណែក Borussia Dortmund ឈរលេខ៣មាន៩ពិន្ទុដោយជំពាក់គ្រាប់បាល់១គ្រាប់ត្រូវទៅលេង UEFA Europa League៕

Tag:
 Erik Ten Hag
  Ajax
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com