កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ធ្លាក់ពី UCL ត្រឹមវគ្គចែកពូលលើកដំបូងរយៈពេល១៧ឆ្នាំ ក្រោយចាញ់ Bayern Munich ៣-០
09, Dec 2021 , 7:43 am        
រូបភាព

Barcelona ធ្លាក់ចេញពីវគ្គចែកពូលក្របខណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១៧ ឆ្នាំ ក្រោយប្រកួតចាញ់ Bayern Munich ក្នុងលទ្ធផល ៣-០ នៅជំនួបចុងក្រោយពូល E នៅថ្ងៃទី៨ ខែធ្នូ។



៣គ្រាប់របស់ម្ចាស់ផ្ទះ Bayern Munich ដែលសម្រេចបានដោយ Thomas Mueller, Leroy Sane និង Jamal Musiala បានរារាំងម្ចាស់ជើងឯកអឺរ៉ុប៥សម័យ មិនអាចឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមលោក Xavi Hernandez ខកខានទៅវគ្គខ្វែងជាលើកដំបូងចាប់តាំងពីរដូវកាល ២០០០-០១ ខណៈរដូវកាល ២០០៣-០៤ ពួកគេមិនបានកៅអីអឺរ៉ុបតែម្តង ដោយសារបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ក្នុងតារាង La Liga។

ការធ្លាក់ចេញពី Champions League ជារឿងអាម៉ាស់សម្រាប់ក្រុមរហស្សនាមអ្នកមានបុណ្យ  បន្ទាប់ពីពួកគេមានបញ្ហាហិរញ្ញវត្ថុ រហូតបង្ខំចិត្តអនុញ្ញាតឱ្យវីរបុរសខ្លួន Lionel Messi ទៅចូលរួមជាមួយ Paris St-Germain ដោយគ្មានតម្លៃផ្ទេរ។

ឆ្លងកាត់ការប្រកួតទាំង៦លើក Barcelona បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ពូល E មាន៧ពិន្ទុ តាមពីក្រោយក្រុមលេខ២ Benfica ដែលឈ្នះ Dynamo Kyiv ២-០ ចំនួន១ពិន្ទុ។ ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ស្ថិតនៅកំពូលតារាងជាមួយជ័យជម្នះទាំង៦លើកមាន១៨ពិន្ទុពេញ។

Bayern Munich និង Benfica ចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុមក្របខណ្ឌអឺរ៉ុបរដូវកាល ២០២១-២២ ខណៈក្រុមយក្សអេស្ប៉ាញសល់កៅអីលេងនៅ Europa League។ Dynamo Kyiv ដែលនៅបាតតារាងរកបាន១ពិន្ទុហាលអាវ។

ដោយសារជំនួបរវាង Villarreal និង Atalanta នៅពូល F ត្រូវផ្អាកដោយសារព្រិលធ្លាក់ក្នុងទីលានខ្លាំង គេទោះបរកឃើញ១៥ក្រុមឡើងទៅកាន់វគ្គខ្វែង និង៨ក្រុមទៅធ្លាក់ទៅលេងពានលំដាប់ទី២អឺរ៉ុប Europa League។

១៥ក្រុមទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League មាន Ajax, AT-Madrid, Bayern Munich, Benfica, Chelsea, Inter Milan, Juventus, Liverpool, Lille, Man City, Man Utd, PSG, Real Madrid, RB Salzburg, Villarreal / Atalanta និង Sporting Lisbon។

៨ក្រុមធ្លាក់ទៅលេង Europa League មាន RB Leipzig, FC Porto, Dortmund, Sheriff Tiraspol, Barcelona, Sevilla, Villarreal / Atalanta និង Zenit St Petersburg៕



Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com