កីឡាអន្តរជាតិ
អន្តរជាតិ
Pele វីរបុរសបាល់ទាត់ប្រេស៊ីលចូលពេទ្យជាថ្មី ដើម្បីព្យាបាលដុំសាច់ក្នុងពោះវៀន
09, Dec 2021 , 2:30 pm        
រូបភាព
វីរបុរសកីឡាបាល់ទាត់​ប្រេស៊ីល Pele ត្រូវបានបញ្ជូនត្រឡប់ទៅមន្ទីរពេទ្យសារជាថ្មី ដើម្បី​ព្យាបាលជំងឺ​ដុំ​សាច់​ក្នុង​ពោះវៀនធំ។



Pele ដែលជួយប្រេស៊ីលលើកពានកីឡាបាល់ទាត់ពិភពលោក World Cup ៣សម័យបានទទួលការវះកាត់យកដុំសាច់ក្នុងពោះវៀនម្តងរួចមកហើយកាលពីខែកញ្ញា។ កាលនោះខាងមន្ទីរពេទ្យរាយការណ៍ថាបុរសវ័យ៨១ឆ្នាំរូបនេះព្យាបាលដោយប្រើគីមីផងដែរ។
 
មន្ទីរពេទ្យ Albert Einstein ដែលស្ថិតក្នុងក្រុង Sao Paulo អះអាងថា Pele ស្ថិតក្នុងស្ថានភាពប្រសើរ ហើយនឹងអាចត្រូវត្រឡប់ទៅផ្ទះវិញនៅប៉ុន្មានថ្ងៃខាងមុខ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមគ្រូពេទ្យប្រេស៊ីលនិយាយថាជំងឺដុំសាច់របស់អតីតកីឡាករ Santos និង New York Cosmos រូបនេះគឺកាចសាហាវ។
 
សុខភាព​របស់ Pele បានស្ថិតក្នុងការ​ព្រួយ​បារម្ភ ក្រោយទទួលការវះកាត់ក្រពេញប្រូស្តាតនៅឆ្នាំ២០១៥ និងចូលមន្ទីរពេទ្យជាលើកទីពីរក្នុងរយៈពេល៦ខែបន្ទាប់។​ នៅឆ្នាំ២០១៩​ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម្តងទៀតដោយសារការឆ្លងមេរោគក្នុងបង្ហូរនោម។
 
នៅឆ្នាំ២០២១ Pele ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ជម្រើសជាតិបេ្រស៊ីលចំនួន៧៧គ្រាប់ ក្នុងការបង្ហាញខ្លួន៩២លើក ចូលពេទ្យដល់ទៅ២ដង ដោយសារជំងឺដុំសាច់ក្នុងពោះវៀនធំ៕

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com