ជាតិ
​​​ន​យោ​បាយ​ជាតិ​
មិនពេញចិត្តនឹងបញ្ហាសិទ្ធិមនុស្ស អាម៉េរិក ឈានទៅមួយជំហានទៀត គឺរឹតបន្តឹងការលក់អាវុធឲ្យកម្ពុជា
09, Dec 2021 , 3:00 pm        
រូបភាព
អ្នកស្រី ហ្គីណា រ៉ៃមុនដូ រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក ស្ថិតក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពី AFP
អ្នកស្រី ហ្គីណា រ៉ៃមុនដូ រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក ស្ថិតក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពី AFP
ដោយ: ថ្មីៗ
រដ្ឋាភិបាលអាម៉េរិក បានដាក់ទណ្ឌកម្មមួយបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា គឺរឹតបន្តឹងការនាំផលិតផលផ្នែកអាវុធយោធាចូលកម្ពុជា។ ការបន្ថែមទណ្ឌកម្មនេះ ដ្បិតអាម៉េរិក យល់ថា អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយមន្រ្តីក្នុងជួយរដ្ឋាភិបាលកម្ពុជា នៅតែបន្តមាន ហើយរួមទាំងបណ្តោយឲ្យឥទ្ធិពលកងទ័ពចិន ជះមកលើកម្ពុជាថែមទៀត។


 
ការរឹតបន្តឹងការនាំអាវុធចូលមកកម្ពុជា ធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ អ្នកស្រី ហ្គីណា រ៉ៃមុនដូ (Gina Raimondo) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាម៉េរិក ថ្លែងក្នុងសេចក្តីសម្រេចថា៖«សហរដ្ឋអាម៉េរិក នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះឯករាជ្យភាពរបស់កម្ពុជា និងអធិបតេយ្យភាពរបស់ប្រជាជនកម្ពុជា។ យើង ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកាត់បន្ថយឥទ្ធិពលកងទ័ពចិននៅកម្ពុជា ដែលអាចគំរាមកំហែងដល់សន្តិសុខតំបន់ និងសន្តិសុខសាកល»។ 
 
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រាប់ថា លោក មិនទាន់អាចធ្វើអត្ថាប្បាយអ្វីបានឡើយ ចំពោះវិធានការរបស់អាម៉េរិក ក្នុងការរឹតបន្តឹងការនាំអាវុធចូលកម្ពុជា ពីព្រោះព័ត៌មាននេះ ទើបតែកើតឡើងថ្មីៗ និងភ្លាមៗ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ យ៉ាងខ្លីថា៖«ខ្ញុំ មិនទាន់អាចបញ្ចេញមតិអីបានទេ ចាំមើលខ្ញុំ ពិចារណាសិន»។ 
 
អាម៉េរិក សំអាងថា មានមូលដ្ឋានកងទ័ពជើងទឹកចិននៅកំពង់ផែរាម ខេត្តព្រះសីហនុ ទើបប្រទេសមហាអំណាចលេខមួយនេះ អះអាងថា កងទ័ពចិន ជះឥទ្ធិពលលើកម្ពុជា។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បកស្រាយស្ទើររាប់ភ្លេចទៅហើយ ថា គ្មានកងទ័ពជើងទឹកចិននៅកំពង់ផែរាម ដូចការចោទប្រកាន់នោះទេ។ ដោយសារធុញទ្រាន់ និងហត់នឿយនឹងការបកស្រាយជាដដែលពេក ប្រមុខរដ្ឋាភិបាលកម្ពុជា បានកាសចេញពីកម្មវិធីមួយក្នុងខេត្តព្រះសីហនុ នៅដើមខែធ្នូ ឆ្នាំ២០២១ ថា ឈប់និយាយ ឬបកស្រាយអ្វីទៀតហើយ ចំពោះរឿងកំពង់ផែរាមនេះ។ 
 
អាម៉េរិក ទើបនឹងបានដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកកាន់អគ្គយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ អាម៉េរិក សម្រេចដាក់ទណ្ឌកម្ម ដោយផ្អែកលើហេតុផលថា លោកទាំងពីរ ពាក់ព័ន្ធនឹងអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្ម ដែលអាម៉េរិក ដាក់នោះ គឺហាមមិនឲ្យលោកទាំងពីរ ចូលទឹកដីអាម៉េរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកលោក ដែលមាននៅលើទឹកដីអាម៉េរិក។ 
 
ក្រសួងការពារជាតិកម្ពុជា និងក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់អាម៉េរិកថា មន្រ្តីយោធាទាំងពីររូបរបស់កម្ពុជា ប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ ក្រសួងទាំងពីរ បង្ហាការប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាចមួយនេះ មកលើមន្រ្តីយោធាកម្ពុជា៕

Tag:
 កម្ពុជា-អាម៉េរិក
  ទណ្ឌកម្ម
  ផ្អាកលក់អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com