COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ពីរលើក ទើបអាចចូលទស្សនាការប្រកួតកីឡានៅអង់គ្លេសបាន
10, Dec 2021 , 8:29 am        
រូបភាព
អ្នកចូលរួមគាំទ្រព្រឹត្តិការណ៍កីឡានៅក្នុងប្រទេសអង់គ្លេស ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួនពីរដង ឬតេស្តចេញលទ្ធផលអវិជ្ជមាន ដើម្បីអាចចូលរួមការប្រកួតកីឡាកម្រិតកំពូលៗបាន។ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានដាក់កំហិតបែបនេះ ដើម្បីចូលរួមទប់ស្កាត់ វីរុសបំប្លែងថ្មីអូមីក្រុង។



រដ្ឋាភិបាលអង់គ្លេសបានកំណត់ប័ណ្ណចាក់វ៉ាកសាំង NHS COVID Pass ជាកាតព្វកិច្ចសម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាធំៗ ដែលមានមនុស្សច្រើនលើសពី១ម៉ឺននាក់ឡើងទៅ ក្នុងគោលបំណងពន្យឺតការរីករាលដាលរបស់វីរុសអូមីក្រុង។
 
ច្បាប់ថ្មីដែលជាផ្នែកមួយនៃវិធានការ B របស់នាយករដ្ឋមន្ត្រីអង់គ្លេសនេះ នឹងដាក់ឱ្យអនុវត្តន៍ជាធរមានក្នុងប្រទេសអង់គ្លេសចាប់ពីថ្ងៃទី១៥ ខែធ្នូ តទៅ។
 
អង់គ្លេសមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ជិត១៥សែនករណី នាអំឡុងពេលរាតត្បាតខ្លាំងកន្លងមក។ ក្រោយទទួលបានការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស អង់គ្លេសបានថមថយចំនួនអ្នកឆ្លង និងស្លាប់ច្រើន ហើយលោក Johnson ក៏ដកការរឹតត្បិតក្នុងប្រទេសផងដែរ។
 
តាមការសិក្សារបស់វេជ្ជបណ្ឌិត Anthony Fauci ជាមន្ត្រីជាន់ខ្ពស់ខាងជំងឺឆ្លងអាម៉េរិក បង្ហាញថា វីរុសបំប្លែងខ្លួនថ្មីទម្រង់អូមីក្រុង មិនបង្កឱ្យមានជំងឺ ធ្ងន់​ធ្ងរជាងវីរុសទម្រង់ផ្សេងៗពីមុននោះទេ។ យ៉ាងណាលោក Fauci ក៏បញ្ជាក់ថា មនុស្ស​គ្រប់គ្នា​គួរ​មាន​ការប្រុងប្រយ័ត្ន ខណៈដែលការសិក្សាពីស្ថានភាពធ្ងន់ធ្ងរនៃវីរុស​នេះអាចនឹង​ចំណាយ​ពេល​ច្រើន​សប្ដាហ៍ទៀត។
 
ជំនួបរវាងក្រុម Tottenham Hotspur ទល់នឹង Rennes ក្នុងការប្រកួត Europa Conference League នៅយប់ថ្ងៃទី៩ ខែធ្នូ ត្រូវបានសម្រេចផ្អាកវិញក្រោយក្រុមលោក Antonio Conte មានកីឡាករ និងបុគ្គលិកឆ្លងកូវីដ-១៩ ដល់ទៅ១៣នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com