កីឡាអន្តរជាតិ
អន្តរជាតិ
Lyon ត្រូវបានកាត់១ពិន្ទុ ដោយសារអ្នកគាំទ្របង្កបញ្ហាក្នុងការប្រកួតជាមួយ Marseille
10, Dec 2021 , 9:29 am        
រូបភាព
កីឡាករ Dimitri Payet ត្រុវបានអ្នកទស្សនាគប់ដបទឹកសុទ្ធចំក្បាលនាការប្រកួតទល់ Lyon កាលខែវិច្ឆិកា។
កីឡាករ Dimitri Payet ត្រុវបានអ្នកទស្សនាគប់ដបទឹកសុទ្ធចំក្បាលនាការប្រកួតទល់ Lyon កាលខែវិច្ឆិកា។
ក្រុម Olympique Lyonnais ត្រូវបានកាត់១ពិន្ទុពីតារាងចំណាត់ថ្នាក់ Ligue 1 បន្ទាប់ពីការប្រកួតត្រូវផ្អាក ដោយសារអ្នកគាំទ្របង្កបញ្ហាសណ្តាបធ្នាប់នាជំនួបក្រុមMarseille កាលពីខែវិច្ឆិកា។ នេះបើតាមលីគកំពូលបារាំង(LFP)បានប្រកាសនាថ្ងៃទី៨ ខែធ្នូ។



មូលហេតុដែលនាំឱ្យជំនួបប្រកួតរវាង Lyon និង Marseille ត្រូវផ្អាក ដោយសារតែកីឡាករ Dimitri Payet របស់ Marseille ត្រូវបានអ្នកទស្សនាគប់ដបទឹកបរិសុទ្ធ ត្រូវចំក្បាលអំឡុងពេលត្រៀមទាត់បាល់ជ្រុងនៃការប្រកួតនោះ។ ការប្រកួតនឹងត្រូវធ្វើឡើងសារជាថ្មី ដោយមិនអនុញ្ញាតឱ្យមានមនុស្សចូលទស្សនាឡើយ តែថ្ងៃប្រកួតមិនទាន់បានបញ្ជាក់នោះទេ។
 
«រាល់គ្រប់ទង្វើដែលបង្ហាញពីអំពើហិង្សាលើកីឡាករ ជាពិសេសនោះគឺលើកីឡាករសំខាន់ៗផងនោះ សឱ្យឃើញថាក្លិបដែលគ្រប់គ្រងលើអ្នកគាំទ្រទាំងនោះ ត្រូវតែទទួលខុសត្រូវចំពោះការកាត់១ពិន្ទុនេះ។»លោក Sebastien Deneux ប្រធានផ្នែកវិន័យលីគកំពូលបារាំង(LFP) បាននិយាយ។
 
ក្លិប Lyon ដែលមានលោក Jean-Michel Aulas ជាប្រធានបានរិះគន់យ៉ាងខ្លាំងទៅកាន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន។
 
មិនត្រឹមតែ Lyon ទេ ដែលលីគកំពូលបារាំងកាត់១ពិន្ទុ។ក្លិប Nice ក៏ត្រូវបាន Legue 1 កាត់២ពិន្ទុដែរ កាលពីខែមិថុនា ដោយសារអ្នកគាំទ្របានគប់កាំជ្រូច ដបទឹកសុទ្ធនិងបង្កភាពអសន្តិសុខ ក្នុងទីលានប្រកួតដូចគ្នាផងដែរ។
 
Ligue 1 រដូវកាល ២០២១-២២ នេះក្រុម ដែលតែងតែមានបញ្ហាពីសំណាក់អ្នកគាំទ្រខ្លាំងនោះ មានក្រុម Montpellier, Angers, Marseille និង St Etienne៕

Tag:
 Ligue 1
  Lyon
  Marseille
© រក្សាសិទ្ធិដោយ thmeythmey.com