ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កឹម សុខា៖«ដើម្បីធានាសន្តិភាព ស្ថិរភាព និង វឌ្ឍនភាពសង្គមឲ្យរឹងមាំ គួររួមគ្នាគោរពសិទ្ធិមនុស្ស»
10, Dec 2021 , 9:50 am        
រូបភាព
លោក កឹម សុខា កាលពីឆ្នាំ២០១៥ (រូប៖ AFP)
លោក កឹម សុខា កាលពីឆ្នាំ២០១៥ (រូប៖ AFP)
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើសារតាមរយៈទំព័រហ្វេសប៊ុក ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។ លោក ឲ្យតម្លៃខ្ពស់លើសិទ្ធិមនុស្ស រហូតដល់លោក ប្រើពាក្យថា គុណតម្លៃនៃសិទ្ធិមនុស្ស គឺមិនអាចកាត់ថ្លៃបានឡើយ។



មុនក្លាយជាអ្នកនយោបាយ លោក កឹម សុខា ដែលក្នុងអតីតកាលធ្លាប់ធ្វើកិច្ចការងារផ្នែកសិទ្ធិមនុស្សតាមអង្គការសង្គមស៊ីវិលដែរនោះ បានលើកពីទស្សនៈផ្ទាល់ខ្លួនថា៖«ខ្ញុំ យល់ថា ដើម្បីធានា ការពារសន្តិភាព ស្ថិរភាព និង វឌ្ឍនភាពសង្គមឲ្យរឹងមាំ គួរតែរួមគ្នាលើកស្ទួយ គោរព និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន»។

ប្រធានអតីតគណបក្សប្រឆាំង ដែលត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយរូបនេះ បន្តថា ការមិនឲ្យតម្លៃសិទ្ធិមនុស្ស ការមិនគោរពសិទ្ធិគ្នាទៅវិញទៅមក ជាពិសេសការរំលោភសិទ្ធិមនុស្ស គឺជាដើមចមនៃជម្លោះទាំងឡាយ ដែលអាចរីករាលដាលរហូតដល់មានសង្គ្រាម នាំឲ្យមនុស្សលោកទទួលរងនូវការឈឺចាប់ វិនាសកម្ម និង ឈានទៅបំផ្លាញសន្តិភាព។ លោក បន្ថែមថា ម្យ៉ាងទៀតជម្លោះ ឬ សង្គ្រាមដែលកើតមកពីការរំលោភសិទ្ធិមនុស្ស មិនមែនប៉ះពាល់តែអ្នកប្រព្រឹត្ត និងអ្នកទទួលរងការរំលោភដោយផ្ទាល់នោះទេ គឺរាលដាលទៅបំផ្លាញអ្នកដទៃ ប្រទេសដទៃ និងពិភពលោកទៀតផង។

លោក អះអាងថា ដោយសារហេតុនេះហើយ ទើបបានជាអង្គការសហប្រជាជាតិ ចាត់ទុកបញ្ហាសិទ្ធិមនុស្ស គឺជាបញ្ហាសាកល និងអាចមានការចូលរួមឃ្លាំមើលពីមជ្ឈដ្ឋានខាងក្រៅ។ ដូច្នេះ សម្រាប់លោក ការលើកកម្ពស់ ឬ ការការពារសិទ្ធិមនុស្ស មិនអាចចាត់ទុកថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុង ឬ ជាការរំលោភលើអធិបតេយ្យភាពនោះទេ៕

Tag:
 កឹម សុខា
  ទិវាសិទ្ធីមនុស្សលើកទី៧៣
© រក្សាសិទ្ធិដោយ thmeythmey.com