ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
នាយករដ្ឋមន្រ្តី៖«សិទ្ធិសេរីភាព បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនទៅមុខ»
10, Dec 2021 , 1:42 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីរម្លឹកខួប៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ រូប៖ AFP
សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីរម្លឹកខួប៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ រូប៖ AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងតាមរយៈសារលើទំព័រហ្វេសប៊ុកថា សិទ្ធិសេរីភាពរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានរំដោះយកមកវិញ នៅក្រោយពេលរបបខ្មែរក្រហម ត្រូវបានផ្តួលរំលំទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាររបស់សម្តេច ធ្វើឡើងក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។



ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរដូច្នេះថា៖«បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និង សិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនជឿនលឿនទៅមុខ»។

ប្រមុខរដ្ឋាភិបាល រម្លឹកថា ក្នុងរបបខ្មែរក្រហម គឺប្រជាពលរដ្ឋ មិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និង សិទ្ឋិប្រកបការងារ ជាដើម។ មេដឹកនាំកម្ពុជា បន្តថា របបខ្មែរក្រហម បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឲ្យប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល។

តាមរយៈសារលើបណ្តាញសង្គម នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ឆ្នាំ និងជូនពរឲ្យប្រជាពលរដ្ឋ ជួបសំណាងល្អ៕

Tag:
 ហ៊ុន សែន
  ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣
© រក្សាសិទ្ធិដោយ thmeythmey.com