កីឡាអន្តរជាតិ
អន្តរជាតិ
Ranieri អ្នកចាត់ការ Watford ទទូចឱ្យកីឡាករចាក់វ៉ាក់សាំងបង្កាកូវីដ-១៩
10, Dec 2021 , 9:29 pm        
រូបភាព
លោក Claudio Ranieri អ្នកចាត់ការទូទៅក្រុម Watford ជំរុញឱ្យកីឡាករទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ ការស្នើរបស់ Ranieri បន្ទាប់ពីកីឡាករ និងបុគ្គលិកក្រុម Tottenham Hotspur ដល់ទៅ១៣នាក់ឆ្លងជំងឺរាតត្បាតនេះ។



ជំនួបរវាងក្រុម Tottenham Hotspur ទល់នឹង Rennes ក្នុងការប្រកួត Europa Conference League នៅយប់ថ្ងៃទី៩ ខែធ្នូ ត្រូវបានផ្អាកក្រោយក្រុមលោក Antonio Conte មានកីឡាករ៨នាក់ និងបុគ្គលិក៥នាក់ឆ្លងកូវីដ-១៩។ ជំនួប Spurs និង Brighton & Hove Albion នៅ Premier League សប្តាហ៍ក៏ត្រូវលើកពេលប្រកួតផងដែរ។
 
ដោយសារចំនួនអ្នកឆ្លងលើសមាជិកក្រុមមាន់ខ្នាយមាសច្រើនបែបនេះ លោក Ranieri អ្នកចាត់ការ Watford បានបង្ហាញក្តីបារម្ភចំពោះការប្រកួតក្នុងលីគកំពូលអង់គ្លេស។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូថា កីឡាករទាំងអស់ត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីបង្ការគ្រោះថ្នាក់ និងប៉ះពាល់ដល់ការប្រកួត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
 «ខ្ញុំគិតថាអ្វីដែលសំខាន់ កីឡាករទាំងអស់ត្រូវតែចាក់វ៉ាក់សាំង ព្រោះយើងមានការប្រកួតរៀងរាល់៣ថ្ងៃម្តង ហើយជួបអ្នកកីឡាករច្រើន... បើគ្មានវ៉ាក់សាំង ជាហានិភ័យធំ»។ នេះជាការបន្ថែមរបស់លោក Ranieri ខណៈលោកស្នើដោយទទូចឱ្យកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់ទៅទទួលការចាក់វ៉ាក់សាំង។
 
Watford ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាង Premier League មាន១៣ពិន្ទុ នឹងត្រូវធ្វើដំណើរទៅជួយ Brentford សម្រាប់ជំនួបសប្តាហ៍ទី១៦ នៅរាត្រីថ្ងៃទី១០ ខែធ្នូ៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com