ជាតិ
សង្គមជាតិ
រថយន្តដែលចរាចរណ៍នៅកម្ពុជា បានកើនដល់៩២ម៉ឺនគ្រឿង ខណៈម៉ូតូកើនជាង៥លានគ្រឿង
10, Dec 2021 , 9:59 pm        
រូបភាព
ទិដ្ឋភាពកកស្ទះចរាចរណ៍ នៅម្តុំស្ពានព្រះមុនីវង្សចាស់ កាលពីយប់ថ្ងៃទី៨មេសា ឆ្នាំ២០២១។
ទិដ្ឋភាពកកស្ទះចរាចរណ៍ នៅម្តុំស្ពានព្រះមុនីវង្សចាស់ កាលពីយប់ថ្ងៃទី៨មេសា ឆ្នាំ២០២១។
ដោយ: ថ្មីៗ
ភ្នំពេញ៖ ចំនួនរថយន្តដែលបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជានាបច្ចុប្បន្ន បានកើនដល់៩២ ម៉ឺនគ្រឿង និងម៉ូតូកើនដល់ ៥,២លានគ្រឿង។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

 
ឆ្នាំ១៩៩៨ កម្ពុជាមានរថយន្តដែលចរាចរណ៍តាមដងផ្លូវនៅទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង និងម៉ូតូ មានត្រឹម៥០ម៉ឺនគ្រឿងប៉ុណ្ណោះ។  លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធ​​ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៦ធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នចំនួនរថយន្តនៅកម្ពុជា បានកើនរហូត៩២ម៉ឺនគ្រឿង ខណៈម៉ូតូកើនដល់៥,២លានគ្រឿង។ 
 
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលឆ្នាំ២០២០​ មានរថយន្តសរុប៦៤០ ១៨៣គ្រឿង ត្រូវបានចុះបញ្ជីបន្ថែម ដោយនៅក្នុងនោះរថយន្តធុនធ្ងន់ មាន១៥៩៥៦គ្រឿង និងរថយន្តធុនតូចមាន ៩២ ៩៥៨គ្រឿង។ ដោយឡែកម៉ូតូវិញ ក៏មានជាង៥៣ម៉ឺនគ្រឿងផងដែរ។ 
 
បើគិតពីឆ្នាំ២០១៦-២០២០ កម្ពុជាមានយានយន្ដចំនួន ២ ៦៥០ ១០៧គ្រឿង បានចុះបញ្ជី។ ក្នុងនោះមានរថយន្ដធុនស្រាល ចំនួន៣១៨ ៣៤៥គ្រឿង,  រថយន្ដធុនធ្ងន់ចំនួន៧១,៤៦៩គ្រឿង និងម៉ូតូ ចំនួន២ ២៦០ ២៩៣គ្រឿង៕ 

Tag:
 រថយន្ត
  ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com