កីឡាអន្តរជាតិ
អន្តរជាតិ
AFF Suzuki Cup៖ ម៉ាឡេស៊ី មានកីឡាករ២រូបទៀត ឆ្លងកូវីដ-១៩
10, Dec 2021 , 4:50 pm        
រូបភាព
កីឡាករជម្រើសជាតិម៉ាឡេស៊ីពីររូបទៀត តេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ អំឡុងការប្រកួត AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី។ មកទល់ពេលនេះម៉ាឡេស៊ី ដែលកំពុងនាំមុខកំពូលតារាងពូល B មានកីឡាករឆ្លង៤នាក់។



លោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ីប្រកាសនៅថ្ងៃទី៩ ខែធ្នូ ថា កីឡាករខ្លួនពីររូប រួមមានខ្សែបម្រើ Akhyar Rashid ដែលជាប់ឈ្មោះជាកីឡាករឆ្នើមក្នុងជំនួបបើកឆាកពូល B ទល់កម្ពុជា និងខ្សែការពារ Quentin Cheng ឆ្លងកូវីដ-១៩។
 
« Rashid លេងបានល្អណាស់ក្នុងការប្រកួតដំបូង ប៉ុន្តែដោយសារធ្វើតេស្តវិជ្ជមានកូវីដ-១៩ រូបគេមិនបានចូលលេងនៅពេលម៉ាឡេស៊ីឈ្នះឡាវ ៤-០ ឡើយ»។ នេះជាការបញ្ជាក់របស់លោក Cheng Hoe។
 
បើតាមការផ្សាយរបស់កាសែត CNA របស់សិង្ហបុរី ចំណោមសមាជិកក្រុមរបស់ម៉ាឡេស៊ី២៤រូប មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤នាក់ហើយ។ មុនពេល Rashid និង Cheng មានអ្នកចាំទី Khairulazhan Khalid និងខ្សែបម្រើ Faisal Halim តេស្តវិជ្ជមានកាលពីសប្តាហ៍មុន។
 
ឆ្លងកាត់ការប្រកួត២លើកពូល B ម៉ាឡេស៊ី ឡើងឈរលើតារាងបណ្តោះអាសន្ន ក្រោយរកបានជ័យជម្នះទាំង២លើកជាប់គ្នា ក្នុងនោះឈ្នះកម្ពុជានៅជំនួបបើកឆាក ៣-១ មុនស៊ីឡាវ ៤-០។ ឥណ្ឌូណេស៊ី និង​វៀតណាម មាន៣ពិន្ទុ ក្រោយប្រកួតបាន១លើកដូចគ្នា ខណៈកម្ពុជា និងឡាវ ចាញ់២ប្រកួតដូចគ្នា៕

Tag:
 AFF Suzuki Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com