ជាតិ
លោក ប៉ិច បូឡែន៖ ឈប់យកពាក្យ គ្រូជោគជ័យ ហ្នឹងមកលេងសើច ចំអកហៅ ដល់គ្រូត្រឹមត្រូវ
10, Dec 2021 , 5:29 pm        
រូបភាព
ភ្នំពេញ​៖ លោក ប៉ិច បូឡែន ដែលជា​​អគ្គនាយកក្រុម​ហ៊ុន វេសឡាញ និង​ជា​ប្រធាន​សហព័ន្ធ សេវា​អប់រំ និង​ជា​អនុប្រធាន​ប្រតិបត្តិ សមាគម YEAC បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ដោយ​សូម​ឱ្យ​ឈប់​យក​ពាក្យ​ “​គ្រូ​ជោគ​ជ័យ​” ទៅ​និយាយជា​ការ​​លេង​សើច​ និង​ចំអកដល់​គ្រូ​បណ្ដុះ​បណ្ដាល​ គ្រូ​បង្វឹក​ អ្នក​ប្រឹក្សា​យោ​បល់ ឬ​អ្នក​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​ជា​ដើ​ម​។



​លោក ប៉ិច បូឡែន ​បាន​បញ្ជាក់​ថា សាធារណជន​ គួរ​តែ​ស្ដី​បន្ទោស​​ចំមុខ​ ឬ​ចំ​ឈ្មោះ​បុគ្គល​ណា​ ដែល​ចែក​រំលែក​ចំណេះ​ក្នុង​ន័យ​កេង​ប្រវ័ញ្ច ឬបោកប្រាស់អ្នកដទៃ ដោយ​ហៅ​ពួក​គេ​ថាជា​ "គ្រូបោក" តែម្តងទៅ។ ក្នុង​ន័យ​នេះ លោក​ ប៉ិច បូឡែន ចង់​សង្កត់​ធ្ងន់​ថា សាធារណជន​ មិន​គួរ​ពោល​ពាក្យ​ “​គ្រូ​បោក​” ទៅ​កាន់​​គ្រូ​បណ្ដុះ​បណ្ដាល​ គ្រូ​បង្វឹក​ អ្នក​ប្រឹក្សា​យោ​បល់ ឬ​អ្នក​ចែក​រំលែក​ចំណេះ​ដឹង​ទូ​ទៅ​ឡើយ​។
 
ប្រធាន​សហព័ន្ធ សេវា​អប់រំ​រូប​នេះ ពន្យល់​បន្ថែម​៖«ប្រទេស​យើង​ត្រូវ​ការ​​អភិវឌ្ឍន៍​ធនធាន​​ចំណេះ​ដឹង​ច្រើន​ទៀត​ណាស់​។ យើង​ត្រូវ​ការ​ចែក​រំលែក​ចំណេះ ជំនាញ​គ្នា យើង​ត្រូវ​រៀន​សូត្រ​ថែម​ច្រើន​ណាស់​។ នៅ​បណ្តា​ប្រទេស​ជឿន​លឿន​គេ​មាន​វគ្គ​សិក្សា​ជា​ច្រើន​ពាក់​ព័ន្ធ​រឿង​ជោគ​ជ័យ​​នេះ តែ​គេ​មិន​យក​មក​លេង​សើច​បែប​នេះ​ទេ​។ និយាយឱ្យសមញ្ញ បើ​អ្នកណាចេញមកបោក ដោយ​គិតតែប្រយោជន៍ខ្លួនឯង ហៅអាពួកហ្នឹងថា "អាបោក" តែម្តងទៅ ហើយឈប់នាំគ្នាទៅរៀន ឬស្តាប់វា»។
 
អគ្គនាយកក្រុម​ហ៊ុន វេសឡាញ និង​ជា​ប្រធាន​សហព័ន្ធ សេវា​អប់រំ និង​ជា​អនុប្រធាន​ប្រតិបត្តិ សមាគម YEAC លោក ប៉ិច បូឡែន បន្ថែម​ទៀត​ថា សាធារណជន​ គួរ​តែ​ចេះ​ថ្លឹង​ថ្លែង​ឱ្យ​ឃើញ​ថា ​បើ​បុគ្គល​ណា​បង្រៀន​ ឬចែករំលែក ធ្វើ​ឱ្យ​ទទួលបានផល បានការរីកចម្រើន ពួក​គេ​គួរ​តែ​បន្ត​គាំទ្រ​បុគ្គល​នោះ​បន្ត​ទៀត​។ 
 
ទោះ​ជា​យ៉ាង​ណា លោក​ បូឡែន ថា​​មុន​នឹ​ង​វាយ​តម្លៃ​គ្រូ​ណា​មួយ គេ​ត្រូវ​ត្រួត​ពិនិត្យ​ផ្នត់​គំនិត និង​​វិនិច្ឆ័យ​ ឱ្យ​ឃើញ​ថា តើ​គ្រូ​ឬ​អ្នក​បណ្តុះ​បណ្តាល ឬ​គ្រូ​បង្វឹក​នោះ​មាន​ក្រម​សីលធម៌ មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ មាន​ទំនួល​ខុស​ត្រូវ និង​មាន​គោល​បំណង​ឈ្នះ-ឈ្នះ ដើម្បី​បង្កើត​ប្រយោជន៍​ជា​រួម​ឬ​ទេ។
 
«នៅ​ពេល​យើង​មិន​ចង់​ស្តាប់​ពី​ផ្នត់​គំនិត និង​រៀន​សូត្រ​សកម្ម​ភាព​អ្នក​មាន យើង​នឹង​អាច​បន្ត​នៅ​ក្រ​។ បើ​យើង​មិន​ព្រម​រៀន​សូត្រ​ពី​វិធី​សាស្រ្ត​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​ការងារ យើង​នឹង​នៅ​ក្រិន​មួយ​កន្លែង​។ បើ​យើង​មិន​រៀនពី​​វិធី​សាស្រ្ត​ជោគ​ជ័យ​ក្នុង​ការ​រក​ស៊ី យើង​នឹង​មិន​រីក​ចម្រើន​។ បើ​យើង​មិន​រៀន​សូត្រ​ពី​គន្លឹះ ឬ​គោល​គំនិត​កសាង​គ្រួសារ ឬ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន យើង​ក៏​អាច​នឹង​មាន​បញ្ហា​រកាំ​រកូស​ក្នុង​គ្រួសារ»​។ នេះ​ជា​ការ​បញ្ជាក់របស់​លោក ប៉ិច បូឡែន។
 
​អគ្គនាយកក្រុម​ហ៊ុន វេសឡាញ និង​ជា​ប្រធាន​សហព័ន្ធ សេវា​អប់រំ លោក បូឡែន សង្កត់​ធ្ងន់​ថា ការ​ខំប្រឹង​ប្រែង ដើម្បី​​ឱ្យ​ខ្លួន​រីក​ចម្រើន​​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​សំខាន់​​បំផុត​ កុំ​ឱ្យ​ការ​រីក​ចម្រើន​នោះ​ ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺ​ចាប់​។
 
សូម​រំលឹក​ជូន​ថា ចាប់​តាំង​ពី​មាន​គ្រូ​ជោគ​ជ័យ​មួយ​រូប​ ចេញ​មក​និយាយ​ថា ខ្លួន​បាន​ជួយ​រក​វិធី​ដោះ​ស្រាយ​បំណុល​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ជូន​អ្នក​នាង​ ស្រេង សុកាន់​ដា ហៅ​ ខ្ញុង​ ដែល​ជា​តារា​កំប្លែង​ ដោយ​ឱ្យ​នាង​​ប្រកាស​ថា​ខ្លួន​ក្ស័យ​ធន​ នឹង​សុំ​ឱ្យ​ម្ចាស់​បំណុល​ទាំង​អស់ ​ទុក​ពេល​ឱ្យ​នាង​រក​ប្រាក់​ដោះ​បំណុលតាម​សម្រួល បាន​ធ្វើ​ឱ្យ​មហាជន​កម្ពុជា​មួយ​ចំនួន​ ចាប់​ផ្ដើម​យក​ពាក្យ​”គ្រូ​ជោគ​ជ័យ​”​នេះ ទៅ​ប្រើ​ក្នុង​ន័យ​ចំអក​ ហើយ​អ្នក​ខ្លះ​ប្រើ​ពាក្យ​ “គ្រូជោគ​ជ័យ “ ថា​ជា​ “គ្រូបោក​” ជា​ដើម​​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ជួយរក​ដំណោះ​ស្រាយ​ឱ្យ​អ្នក​នាង ខ្ញុង​ ដោយ​​គ្រូជោគ​ជ័យ​នោះ​ អ្នក​នាង​ខ្ញុង​ ក៏​ត្រូវ​បង់​ប្រាក់​មួយ​ចំនួន​ធំ​ ទៅ​គ្រូ​ជោគ​ជ័យ​​នោះ​ដែរ ដើម្បី​ជា​ថ្នូរ​ដូរ​យក​ដំណោះ​ស្រាយ​៕ 

Tag:
 ភាព​ជោគ​ជ័យ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com