កីឡាអន្តរជាតិ
អន្តរជាតិ
Spurs បង្ខំចិត្តផ្អាកការប្រកួតទល់ Brighton ដោយសារកីឡាករនិងគ្រូជំនួយឆ្លងកូវីដ-១៩
10, Dec 2021 , 5:59 pm        
រូបភាព
ជំនួបក្របខណ្ឌ Premier League រវាងក្រុមមាន់ខ្នាយមាស Tottenham Hotspurs តទល់ Brighton & Hove Albion FC ត្រូវបានផ្អាកបណ្តោះអាសន្ននាថ្ងៃទី៩ ខែធ្នូ ក្រោយពេលក្លិបស្ថិតនៅទីក្រុងឡុងដ៍មួយនេះ មានករណីឆ្លងកូវីដ-១៩ លើកីឡាករនិងក្រុមគ្រូបង្វឹក។



Spurs ក៏បានប្រកាសផ្អាកការប្រកួត UEFA Conference League ជាមួយក្រុម Rennes ម្តងរួចមកហើយ ដោយសារតែបានរកឃើញឆ្លងជំងឺកូវីដ​-១៩ លើកីឡាករចំនួន៨រូប ព្រមទាំងគ្រូបង្វឹក៥រូប ។ មិនតែប៉ុណ្ណោះការប្រកួតជាមួយ Brighton នាថ្ងៃទី១២ ខែធ្នូ ក៏ត្រូវផ្អាកផងដែរ។ Spur ដែលឈរលេខ៥ នៅ Premier League ត្រូវបង្ខំចិត្តបិទទីកន្លែងហ្វឹកហាត់បន្ទាន់ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូមកម្ល៉េះ។
 
កិច្ចពិភាក្សារវាងគណកម្មការ Premier League ជាមួយតំណាងក្លិប Spurs បានជួបជជែកគ្នាបន្ទាន់ភ្លាមៗ ក្រោយក្លិបរហ័ស្សនាមមាន់ខ្នាយមាសមួយនេះ បានស្នើសុំផ្អាកប្រកួតការបណ្តោះអាសន្ន។«គណៈកម្មកា Premier League បានសម្រេចចិត្តផ្អាកការប្រកួតរបស់ Spurs រហូតដល់មានការណែនាំថ្មីណាមួយចេញពីខាងមន្រ្តីផ្នែកវេជ្ជសាស្រ្ត។»នេះបើតាមការលើកឡើងពី Premier League។
 
«យើងពិតជាសុំទោសទៅកាន់អ្នករាល់គ្នាក្នុងនោះក៏មានក្លិប Rennes និង Brighton & Hove Albion ព្រមទាំងសុំទោសទៅកានអ្នកគាំទ្រក្រុមទាំង២ ពីភាពរអាក់រអួលដែលបានកើតឡើងដោយសារពួកយើង។ យើងក៏សូមអរគុណទៅកាន់ក្លិបទាំង២ សម្រាប់ការយោគយល់អំឡុងកាលៈទេសៈពេលនេះ។»នេះជាការលើកឡើងពីសំណាក់ក្លិប Tottenham Hotspurs។
 
Tottenham Hotspurs ក្នុងរដូវកាល២០២១-២២ នេះ ធ្លាប់បានផ្អាកការប្រកួតជាមួយក្រុម Burnley ម្តងរួចមកហើយ កាលពីថ្ងៃទី ២៩ខែវិច្ឆិកា ដោយសារតែមានព្រិលធ្លាក់ខ្លាំងលើទីលាន៕

Tag:
 Tottenham Hotspurs
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com