ជាតិ
ខ្លោងទ្វារអាគារព្រះឥសូរនៃប្រាសាទព្រះខ័នស្ថិតក្រោម​ការជួសជុល​ដោយសារទ្រុឌទ្រោមខ្លាំង
11, Dec 2021 , 7:59 am        
រូបភាព
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារនៃអាគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន ក្រោយតួនៃខ្លោងទ្វារមានភាពទ្រុឌទ្រោមខ្លាំង។ អាយុកាលនៃថ្មកាន់តែចាស់រេចរឹល រួមផ្សំនឹងការយាយីពីអាកាសធាតុផង បានធ្វើឱ្យគ្រឹះខ្លោងទ្វារចំណាស់នេះបាក់ស្រុត និងបាក់ធ្នឹមផងដែរ។ អ្នកជំនាញបានលើកឡើងថា ការជួសជុលខ្លោងទ្វារនេះ នឹងចំណាយពេល១ឆ្នាំ ដោយគិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ទៅ។



ខ្លោងទ្វារនៃអាគារព្រះឥសូរ មានទីតាំង​ស្ថិតនៅផ្នែកខាងជើង នៃតួកណ្តាលរបស់ប្រាសាទព្រះខ័ន។ ប្រាសាទព្រះខ័នជាប្រាសាទចំណាស់មួយ ដែលបានសាងសង់នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រាសាទនេះ សាងសង់តាមរចនាបថនៃប្រាសាទបាយ័ន ដោយប្រើថ្មបាយក្រៀម និងថ្មភក់។

សកម្មភាពអ្នកជំនាញកំពុងជួសជុលខ្លោងទ្វារនៃអាគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន។ រូបភាពពី អាជ្ញាធរជាតិអប្សរា 
 
បច្ចុប្បន្ន ខ្លោងទ្វារនៃអាគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន បានបាក់ស្រុតដោយសារទឹកជ្រៀបចូលគ្រឹះ ឫសឈើចាក់ចូលគ្រឹះ អាយុកាលនៃសំណង់ និងគុណភាពថ្មពុកផុយ។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានប្រាប់សារព័ត៌មានថ្មីៗ២៥ឱ្យដឹងថា គ្រឹះនៃខ្លោងទ្វារត្រូវបាន​ស្រុត សសរទ្រេតខ្លាំង ថ្មរំកិលចេញពីទីតាំងដើម ចំណែកដំបូលវិញដាច់ចេញពីគ្នា។
 
ក្រោយសង្កេតឃើញពីភាពទ្រុឌទ្រោមនៃខ្លោងទ្វារ អ្នកជំនាញក៏បានសិក្សា និងចាប់ផ្តើមជួសជុលឡើងវិញកាលពីដើមខែវិច្ឆិកាកន្លងទៅ។ បច្ចុប្បន្ន អ្នកជំនាញកំពុងជួសជុលពង្រឹងគ្រឹះ និងជើងតាង នៃខ្លោងទ្វារ បន្ទាប់មករៀបផ្គុំតួប្រាសាទឡើងវិញ។ ចំពោះការជួសជុលថ្មពុកផុយ អ្នកជំនាញ នឹងប្តូរថ្មថ្មី ជំនួសថ្មដែលខូចខាតខ្លាំងមួយចំនួន ប៉ុន្តែថ្មដែលអាចជួសជុលបាន អ្នកជំនាញនឹងជួសជុលប្រើឡើងវិញ។ លើសពីនេះ ធ្នឹមដែលបាក់ ដោយសារភាពបាក់ស្រុតនៃគ្រឹះប្រាសាទ ក៏ប្តូរធ្នឹមថ្មីជំនួសដែរ។

 លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ ។ រូបភាពពីអាជ្ញាធរជាតិអប្សរា​
 
ដ្បិតរយៈពេលនៃការជួសជុលមួយឆ្នាំ តែលោក សារិទ្ធ លើកឡើងដោយជឿជាក់ថា នឹងបញ្ចប់តាមពេលកំណត់។ យ៉ាងណាមិញការជួសជុលតែងមានឧបសគ្គ ដោយសារកត្តាមួយចំនួនដែលបង្កជាផលលំបាកអ្នកជំនាញ។ បុរាណវិទូរូបនេះ លើកឡើងថា ការជួលជុលវាពិតជាលំបាក ដោយសារខ្លោងទ្វារវាបាក់ស្រុតខ្លាំង ហើយអ្នកជំនាញត្រូវជួលជុលពង្រឹងចាប់ពីផ្នែកគ្រឹះ។ ជាពិសេស ​ខ្លោងទ្វារនេះឈរនៅលើសសរចំនួន២៤ ដោយផ្នែកខាងក្រោមនៃខ្លោងទ្វារ អត់មានជញ្ជាំងទេ ប៉ុន្តែវាជាសសរ។
 
លោក បានបន្ថែមថា សសរទាំងអស់ ស្រុតប្រែប្រួល ខុសពីលក្ខណៈដើមស្ទើរតែទាំងស្រុង ដូច្នេះកត្តាដែលស្មុគស្មាញ គឺត្រូវជួសជុលតម្រង់សសរជើងតាងឡើងវិញទាំងអស់។ លើសពីនេះ នៅពេលសសរវៀច បន្ទុកច្រើននៅលើធ្នឹម។ វាបានធ្វើឱ្យធ្នឹមបាក់ ហើយនៅពេលជួសជុលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងហ្មត់ចត់។

 សកម្មភាពអ្នកជំនាញកំពុងជួសជុលខ្លោងទ្វារនៃអាគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន។ រូបភាពពី អាជ្ញាធរជាតិអប្សរា
 
ខ្លោងទ្វារនៃអាគារព្រះឥសូរ ទ្រុឌទ្រោមតាំងពីទសវត្សទី២០មកម៉្លេះ ដោយកន្លងមកអ្នកជំនាញបារាំង បានចុះជួសជុល និងដាក់ឈើទ្រកាលពីឆ្នាំ ១៩២៨ ហើយនៅឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរាបានជួសជុល ដោយទល់ទ្រធ្នឹម និងសសរ៕

Tag:
 ប្រាសាទព្រះខ័ន
  អាជ្ញាធរជាតិអប្សរា
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com