កីឡាជាតិ
ជាតិ
កម្ពុជារំពឹងបាន​សមិទ្ធផលថ្មីច្រើននាព្រឹត្តិការណ៍កីឡាហែលទឹក​ពិភពលោក​នៅអាប៊ូដាប៊ី
11, Dec 2021 , 8:59 am        
រូបភាព
លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធកីឡាហែលទឹកកម្ពុជា
លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធកីឡាហែលទឹកកម្ពុជា
សហព័ន្ធកីឡាហែលទឹក បានជ្រើសរើស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិ ចំនួន៥រូប ដើម្បីត្រៀមចូលរួមប្រកួតកីឡាហែលទឹកជើងឯកពិភពលោក ក្នុងវិញ្ញាសា ហែលទឹក២៥ម៉ែត្រ (15th FINA World Swimming Championships -25m 2021) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦​ ដល់​​២១ ធ្នូ ឆ្នាំ២០២១​ ខាង​មុខ​ នៅ​ក្នុង​ទីក្រុង​អាប៊ូ​ដាប៊ី​ ប្រទេស​អារ៉ាប់រួម ។



កម្ពុជាក្នុងនាមជាសមាជិកនៃ សហព័ន្ធកីឡាហែលទឹកអន្ដរជាតិ ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកពិភពលោកនេះ ។ លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធកីឡាហែលទឹកកម្ពុជា បានបញ្ជាក់ថា ប្រទេសដែលចូលរួមប្រកួត សុទ្ធតែជាក្រុមខ្លាំង ដូចជាអាមេរិក អូស្រាលី ជប៉ុន ចិន និងប្រទេសផ្សេងទៀត នៅលើពិភពលោក ។ ចំណែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សូម្បីតែសិង្ហបុរី ដែលជាក្រុមខ្លាំង ក៏មិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រផងដែរ នៅពេលជួបក្រុមខ្លាំងទាំងនោះ ។
 
ដោយសារតែមូលហេតុទាំងនេះ ទើបលោក គិរី មិនសូវរំពឹងថា កម្ពុជានឹងអាចយកមេដាយបានតែ តែរំពឹងត្រឹមយកបទពិសោធន៍ និងការពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនី ។ អគ្គលេខាធិកាសហព័ន្ធកីឡាហែលទឹកកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗថា៖ «យើងប្ដេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព អ្វីដែលយើងសង្ឃឹមខ្ពស់បំផុតនោះ គឺថាធ្វើយ៉ាងណាឲ្យកីឡាករ កីឡាការិនីកម្ពុជា មានសមិទ្ធផលថ្មី កាន់តែមានការកើនឡើងនូវបច្ចេកទេស និងបទពិសោធន៍លើឆាកអន្ដរជាតិ» ។ 


 
សមាសភាពកីឡាករ កីឡាការិនីហែលទឹកទាំង៥រូបមាន៖ នាង សូរិទ្ធិយ៉ា ជាគ្រូបង្វឹក, កីឡាករ មនត្រស ផានសុវណ្ណអារុន, កីឡាករ ម៉ាត់ថេវ ហ្វ្រេងតារាបេននីឈី, កីឡាការិនី កាំង មុយនីន និងកីឡាការិនី ម៉ីលិតាន មីននិក ។ ចំពោះការបញ្ជូនកីឡាករ និងកីឡាការិនី តំណាងប្រទេសទៅប្រកួតនៅឆាកអន្តរជាតិ ត្រូវបានឆ្លងកាត់ការជ្រើសយកតាមរយៈសមត្ថភាព ការហ្វឹកហាត់ និងលទ្ធផលក្នុងការប្រកួតនៅក្នុងស្រុក ។ កីឡាករ កីឡាការិនីកម្ពុជាទាំង ៤រូប ហ្វឹកហាត់បានយ៉ាងម៉ត់ចត់ បើទោះជាប្រទេសជួបបញ្ហាកូវិដ-១៩ក៏ដោយ ។ កម្ពុជា នឹងផ្ញើក្ដីសង្ឃឹមក្នុងការប្រកួតស៊ីហ្គេម ២០២៣ បើសិនជាពួកគាត់កាន់តែពង្រឹងសមត្ថភាព ។
 
គួរបញ្ជាក់ដែរថា កីឡាករ មនត្រស ផានសុវណ្ណអារុន ធ្លាប់ធ្វើជាតំណាងឲ្យកម្ពុជា ក្នុងការប្រកួតជើងឯកយុវជនហែលទឹកពិភពលោក នៅប្រទេសហុងគ្រី ម្ដងហើយ ។ កាំង ម៉ុយនីន ធ្លាប់ប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន ។ ហើយកីឡាករ និងកីឡាការិនីពីររូបទៀត គឺជាលើកទីមួយ ដែលលេងតំណាងឲ្យកម្ពុជា ៕

Tag:
 ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com