ជាតិ
​«អរុណរះនាមាត់​ទន្លេ» និង «ដំណើរ​ចុង​ក្រោយ​» ជាប់​ពាន​រង្វាន់ទន្លេមេគង្គ​ឆ្នាំ​២០២១
11, Dec 2021 , 10:59 am        
រូបភាព
(ឆ្វេង) លោក អៀ ហុកនីម ម្ចាស់ស្នាដៃប្រលោមលោករឿង «អរុណរះនាមាត់ទន្លេ» និងលោក ឡឹក សុធារ លោក ឡឹក សុធារ ជាម្ចាស់ជយលាភីលេខ១ ផ្នែកកំណាព្យរឿង «ដំណើរចុងក្រោយ» នៃពានទន្លេមេគង្គ ២០២១
(ឆ្វេង) លោក អៀ ហុកនីម ម្ចាស់ស្នាដៃប្រលោមលោករឿង «អរុណរះនាមាត់ទន្លេ» និងលោក ឡឹក សុធារ លោក ឡឹក សុធារ ជាម្ចាស់ជយលាភីលេខ១ ផ្នែកកំណាព្យរឿង «ដំណើរចុងក្រោយ» នៃពានទន្លេមេគង្គ ២០២១
ភ្នំពេញ​៖ ​«អរុណរះនាមាត់​ទន្លេ» និង «ដំណើរ​ចុង​ក្រោយ​» ជា​ស្នាដៃ​ប្រលោម​លោក​និង​កំណាព្យ​រឿង​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ ដោយ​សម្រិត​សម្រាំង​បំផុត​ ដើម្បី​ផ្ដល់​ពាន​រង្វាន់​អក្សរសិល្ប៍​ទន្លេ​មេគង្គ​ ឆ្នាំ​២០២១ ក្រោម​ប្រធាន​បទ «ជីវិត និង​និរន្តរភាព​ទន្លេ​មេគង្គ​»​។ ​«អរុណរះនាមាត់​ទន្លេ» ជា​ស្នាដៃ​ប្រលោម​លោក​របស់​លោក អៀ ហុកនីម។ ចំណែក​ «ដំណើរ​ចុង​ក្រោយ​» គឺ​ជា​ស្នាដៃ​កំណាព្យ​រឿង​របស់​លោក ឡឹក​ សុធារ​។



​ដើម្បី​ថែរក្សា និង​លើក​ស្ទួយ​អក្សរ​សិល្ប៍​ជាតិ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេមេគង្គ​ ត្រូវ​បាន​បង្កើត​ឡើង​។ ពាន​រង្វាន់​នេះ បង្កើត​ឡើង​ ក៏​ក្នុង​ន័យ​រឹត​បន្តឹង​ចំណង​សាមគ្គី​ភាព មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ ជា​មួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ មាន (ចិន ភូមា ឡាវ ថៃ កម្ពុជា និង​វៀត​ណាម​)ផង​ដែរ​​។
 
លោក អៀ ហុកនីម វ័យ​​៥៤​ឆ្នាំ ដែល​ជា​ម្ចាស់​ស្នាដៃ​ប្រលោម​លោក​រឿង «អរុណរះនាមាត់​ទន្លេ» បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា រឿង​នេះ​​​បរិយាយ​អំពី​ជីវិត របស់​ស្រ្តី​ម្នាក់ ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រស់​នៅ និង​​ការ​ប្រកប​របរ​កសិកម្ម​​ ​តាម​មាត់​ទន្លេ​។ ក្រោយ​មក​ស្ត្រី​នោះ​បាន​រៀប​អាពាហ៍​ពិពាហ៍​ ជា​មួយ​បុរស​ម្នាក់ ហើយពួក​គេ​ បាន​នាំ​គ្នា​ទៅ​​រក​ការ​ងារ​ធ្វើ​ និង​រស់​នៅ​រាជធានី​​ភ្នំពេញ​។
 
ពេល​បាន​មក​ដល់​រាជធានី អ្វី​ៗ​មិន​ដូច​ការ​គិត​ឡើយ​។ ​ប្ដី​របស់ស្ត្រី​នោះ​​ បាន​ធ្លាក់​ទៅ​ក្នុងផ្លូវ​​អបាយ​មុខ មិន​យូរ​ប៉ុន្មាន​​ប្ដី​នោះ​ក៏​បាន​ស្លាប់​។ ក្រោយ​​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ គ្រួសារ​មួយ​នេះ ក៏​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋ​កិច្ច​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​នាង​ត្រូវ​ចិញ្ចឹម​កូន​តូច ​រហូត​ដល់​ទៅ​៣​នាក់​តែ​ម្នាក់​ឯង​។
  

 លោក អៀ ហុកនីម ម្ចាស់ស្នាដៃប្រលោមលោករឿង «អរុណរះនាមាត់ទន្លេ»
 
ជីវិត​រស់​នៅ​រាជធានី ដោយ​គ្មាន​មុខ​របរ​ច្បាស់​លាស់ គ្មាន​ទី​ពឹង និង​គ្មាន​ទី​ជម្រក​ ពិត​ជា​ធ្វើ​ឱ្យ​ស្ត្រី​មេម៉ាយ​រូប​នោះ ​ពិបាក​រស់​នៅ​​ណាស់​។ ក្រោយ​មក​ស្ត្រី​រូប​នោះ បាន​ជួប​ជា​មួយ​មិត្ត​ម្នាក់ ​ដែល​ធ្លាប់​បាន​រៀន​ជា​មួយ​គ្នាតាំង​ពី​នៅ​តូច​។ មិត្ត​នោះ​បាន​បបួល​នាង​ទៅ​ស្រុក​វិញ។ ប៉ុន្តែ​ស្ត្រី​មេម៉ាយ​នោះ ​ពិត​ជា​​ស្ទាក់​ស្ទើរ​ខ្លាំងណាស់​ ម្យ៉ាង​នាង​​មាន​ចិត្ត​​ខ្មាស​អ្នក​ភូមិ​ផង​។ ដោយ​មាន​ការ​​បង្ខំពី​មិត្ត​​ផង លើក​ហេតុ​ផល​ផង និង​លើក​ទឹក​ចិត្ត​ផង ស្ត្រី​មេម៉ាយ​រូប​នោះ​ ក៏​បាន​សម្រេច​ចិត្ត​ទៅ​ស្រុក​កំណើត នៅ​ខេត្ត​កំពង់​ចាម​វិញ​។
 
ពេល​បាន​ទៅ​ដល់​ស្រុក​កំណើត ស្ត្រី​មេម៉ាយ​កូន​បី​នាក់រូប​​នោះ ​ខំ​ធ្វើ​កសិកម្ម​ផង និង​ចិញ្ចឹម​ត្រី​​ផង ដោយ​ទាញ​គុណ​ប្រយោជន៍​ពី​​​ដង​ទន្លេ​មេគង្គ​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែងយ៉ាង​ស្វិត​ស្វាញ​​ ​ជីវភាព​របស់​នាងចាប់​ផ្ដើម​​ធូរធារ​បន្តិច​​ម្ដង​ៗ​ ហើយ​កូន​ៗទាំង​អស់​របស់​នាង ​ក៏​បាន​ចូល​រៀន​គ្រប់​គ្នា​ដែរ​។
 
អ្នក​និពន្ធ​ដែល​មាន​​​ស្រុក​កំណើត​នៅ​ស្រុកបារាយណ៍ ខេត្ត​កំពង់​ធំរូប​នេះ បញ្ជាក់​បន្ថែម​ដូច្នេះ​៖«ជា​ការ​អប់រំ​ក្នុង​រឿង គឺ​ខ្ញុំ​បង្ហាញ​ពី​ការ​មិន​រើស​អើង​គ្នា និងការ​​មាន​ភក្ដី​ភាព​ចំពោះ​មិត្ត​ បើ​ទោះ​បី​ជា​មិត្ត​​ធ្លាក់​ខ្លួន​ក្រ​ក៏​ដោយ​​។ រឿង​នេះ​ឱ្យ​កូន​មាន​ភាព​កតញ្ញូ​ចំពោះ​ឪពុក​ម្ដាយ​។ ខ្ញុំ​បង្ហាញ​ពី​តម្លៃ​នៃ​ទន្លេ​មេគង្គ​ ហើយ​ដី​សណ្ដ​ទន្លេ​មេគង្គ​ ពិត​ជា​ផ្ដល់​ផល​ប្រយោជន៍​ខ្លាំង​ណាស់​ ដោយ​មិន​ត្រឹម​តែ​ប្រទេស​យើង​ទេ គឺ​ប្រទេស​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​ដង​ទន្លេ​នេះ​ផង​ដែរ​»។

 ប្រលោមលោកខ្នាតវែង និពន្ធដោយលោក អៀ ហុកនីម (រូបផ្ដល់ឱ្យ)
 
លោក អៀ ហុកនីម សព្វ​ថ្ងៃ​​​ជា​ប្រធាន​ក្រុម​ប្រឹក្សា សហគមន៍សូត្រ​នៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ និង​ជា​ផលិត​ករ​ភាព​យន្ត​។ លោក​ចាប់​ផ្ដើម​ការ​តែង​និពន្ធ ​តាំង​ពីលោក​​រៀន​នៅ​វិទ្យា​ល័យ​ ដោយ​រៀន​តែងនិពន្ធ​​ពី​ឪពុក​របស់​លោក​ផ្ទាល់​ ប៉ុន្តែ​ជា​អកុសល ឪពុករបស់​លោក​​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៤។
 
នៅ​ឆ្នាំ​១៩៩១ លោក​ ហុកនីម បាន​សរសេរ​ប្រលោម​លោក​ខ្នាត​​ខ្លី​មួយ ដែល​មាន​ចំណងជើង​ថា «វិបត្តិ​ស្នេហ៍យុវវ័យ» ដើម្បី​លក់​យក​ប្រាក់​រៀន។ ក្រោយ​មក​ទៀត លោក​បាន​សរសេរ​ប្រលោម​លោក​ខ្នាត​វែង​មួយ​​ទៀត​រឿង ​«​ពេល​ដែល​អូន​ចេញ​ទៅ​» ដោយ​បោះ​ពុម្ព​ជា​សៀវ​ភៅ​​។  
 
នៅ​ឆ្នាំ​២០២០ លោក​បាន​ចូល​រួម​ប្រកួត ​ពាន​រង្វាន់​អក្សរ​សិល្ប៍​ស្លឹក​រឹត ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ លើ​ស្នាដៃ​ប្រលោម​លោក​រឿង​ «ពេល​ដែល​ម្ដាយ​ឃ្លាត​ទៅ​»។ រឿង​នេះ​​រៀប​រាប់​ពី​ជីវិត​របស់​ប្រជា​ជន​ និង​ក្មេង​ៗ​ដែល​ព្រាត់​ប្រាស​ឪពុក​ម្ដាយ​ ក្នុង​សម័យ​ខ្មែរ​ក្រហម​។ នៅ​ឆ្នាំ​២០២០ដដែល លោក​បាន​ដាក់ស្នាដៃ​ទៅ​​ប្រកួត​នៅ​ក្រសួង​វប្បធម៌រឿង «មរតក​ជីដូន​ខ្ញុំ​» ទទួល​បាន​ប័ណ្ណ​កិត្តិយស​។ នៅដើម​​ឆ្នាំ​២០២១ លោក​បាន​ប្រកួត​ពាន​រង្វាន់​​ពុទ្ធសាសន​បណ្ឌិត្យ រឿង​​ ​«ភត្តាភិហារស្ត្រី» ជាប់​ចំណាត់​ថ្នាក់​លេខ​២។ 
  
 ពានរង្វាន់របស់លោក អៀ ហុកនីម (រូបផ្ដល់ឱ្យ)
 
ចំណែក​លោក ឡឹក​ សុធារ វិញ​ លោក​ជា​ម្ចាស់​ជយ​លាភី​លេខ​១ ផ្នែក​កំណាព្យ​រឿង​”ដំណើរ​ចុង​ក្រោយ​”។ មាន​វ័យ​៤៥​ឆ្នាំ លោក សុធារ ថា​ «ដំណើរ​ចុង​ក្រោយ​» និយាយ​អំពី​ដំណើរ​​ពនេចររបស់​ហ្វូង​ត្រី​រាជ​ និង​ត្រី​រៀល​ ចេញ​ពី​បឹង​ទន្លេសាប​ ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ ដើម្បី​ពង​កូន​តាម​លក្ខណៈ​ធម្មជាតិ​របស់​ពួក​វា​​។ ក្នុង​ដំណើរ​ពនេចរ​ ត្រី​ទាំង​ពីរ​ប្រភេទ​នេះ បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ ដោយភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​អភិវឌ្ឍ​ និង​ការ​បំផ្លិច​បំផ្លាញ​​ធម្មជាតិ​ នៅ​តាម​ដង​ទន្លេ​មេគង្គ​។ ទំនប់​វារីអគ្គិសនី ត្រូវ​បាន​សាង​សង់​ ទ្វារ​ទឹក​ត្រូវ​បាន​បិទ​ ពួក​គេ​បាន​តស៊ូ និង​សាមគ្គី​គ្នា​ ដើម្បី​ជំនះឧបសគ្គ​ទាំង​នោះ ហើយ​នឹង​បាន​ត្រឡប់​មក​ទន្លេ​មេគង្គ​​ផ្នែក​ខាង​ក្រោម​វិញ​។
 
ស្នាដៃ​អក្សរ​សិល្ប៍​នេះ បាន​បរិយាយ​ទៀត​ថា បើ​ទោះ​បី​ជា​ក្នុង​ដំណើរ​នោះ ហ្វូង​ត្រី​ទាំង​អស់​បាន​ជួប​ឧបសគ្គ​មួយ​ចំនួន​ក្ដី ប៉ុន្តែ​ដំណើរ​ដ៏​វែង​ឆ្ងាយ​នោះ បាន​ធ្វើ​ឱ្យ​ពួក​គេ​សប្បាយ​​រីក​រាយ​ ដោយ​សារ​សម្រស់​ដ៏​ស្រស់​ត្រកាល​ នៅ​តាម​ដង​ទន្លេង​ដែល​ពួក​គេ​បាន​ឆ្លង​កាត់​ ពិសេស​នៅ​ផ្នែកទន្លេ​​មេគង្គ​ខាង​លើ​ នៅ​ចន្លោះ​ខេត្ត​ក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រែង។
 
ប៉ុន្តែ​ភាព​សប្បាយ​រីក​រាយ​នោះ មិន​នៅ​ស្ថិត​ស្ថេរយូរ​​ឡើយ​ ​ទុក្ខ​សោក​បាន​កើត​ឡើង​លើ​ហ្វូង​ត្រី​ទាំង​អស់ ក៏​ព្រោះ​តែ​មេហ្វូង​របស់​ពួក​គេ​បាន​ស្លាប់​ ដោយ​សារ​តែ​ការ​បំពុល​បរិស្ថាន ​​ការ​ប្រើ​ថ្នាំ​គីមី និង​ការ​ប្រើ​ឧបករណ៍​ឆក់​​ត្រី​ជា​ដើម​ នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​នៅ​តាម​ស្រែចម្ការ​។ បើ​ទោះ​បី​ជា​ពួក​គេ បាន​​ជួប​ឧបសគ្គ និង​បាត់​បង់មេដឹក​នាំ​​​យ៉ាង​ណាក្ដី​​ ក៏ពួក​​គេ​នៅ​តែ​បន្ត​ធ្វើ​ពនេចរ ​ដល់​​ដង្ហើម​ចុង​ក្រោយ​ រហូត​រឿង​មួយ​នេះ​ ក្លាយ​ជា​ស្នាដៃ ​«ដំណើរ​ចុង​ក្រោយ​»។
 

 លោក ឡឹក សុធារ ម្ចាស់ស្នាដៃកំណាព្យរឿង «ដំណើរចុងក្រោយ» (រូបផ្ដល់ឱ្យ)
 
កវី ឡឹក​ សុធារ បញ្ជាក់​អំពី​បំណង​សំខាន់​ ដែល​លោក​តែង​រឿង​នេះ​ឡើង​ថា៖«​ខ្ញុំ​ចង់​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​មួយ​ចំនួន​ នៅ​តាម​ដង​ទន្លេ​មេគង្គ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាក់​ដល់​មច្ឆ​ជាតិ​ ធនធាន​ធម្មជាតិ​ ជីវិត​ និង​ប្រពៃណី របស់​ប្រជាជន​នៅ​តាម​ដង​ទន្លេ។ ក្នុង​នោះ​ក៏​មាន​ប្រជា​ជន​ព្នង​ ​រស់​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ​ ដែល​រង​គ្រោះ​ដោយ​សារ​វា​រី​អគ្គិស​នីផង​ដែរ​​។ រឿង​និង​កាល​បរិច្ឆេទ​មួយ​ចំនួន​ គឺ​ជា​រឿង​ពិត​។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ចំណេះ​របស់​ខ្ញុំ​៣​ឆ្នាំ ដែល​បាន​ធ្វើ​ការ​ជា​មួយ​សហគមន៍​ នៅ​តាម​ដង​ទន្លេ​មេគង្គ​ ជា​មួយ​ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​តំបន់​ក្បាល​​រមីស និងតំបន់​ស្រែគរ ដើម្បី​ដាក់​បញ្ចូល​ក្នុង​រឿង​នេះ​»​។
 
លោក ឡឹក​​ សុធារ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​។ លោក​ជា​អាជីវករ និង​ជា​អ្នក​នយោបាយ​។ លោក សុធារ មិន​មានអាជីព​ជា​អ្នក​និពន្ធ​ឡើយ ប៉ុន្តែ​ការ​តែង​និពន្ធ​ គឺ​ជា​ចំណូល​ចិត្ត​​របស់​លោក ​តាំង​តែ​​ពី​រៀន​នៅ​វិទ្យា​ល័យ​។ លោក​ចាប់​ផ្ដើម​តែង​កំណាព្យ​ដំបូង​បង្អស់​ នៅ​ឆ្នាំ​២០១៧។ លោក​ពុំ​ធ្លាប់​បាន​ដាក់​ស្នាដៃ​​អក្សរ​សិល្ប៍​របស់​ខ្លួន​ ចូល​រួម​ប្រកួតពាន​រង្វាន់ណា​​​ឡើយ​ ពី​មុន​មក​។ ទើប​តែ​ក្នុង​ឆ្នាំ​២០២១​នេះ លោក​បាន​ដាក់​ស្នាដៃ​កំណាព្យ​រឿង​ ​«ដំណើរ​ចុង​ក្រោយ​» ប្រកួត​ក្នុង​ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេ​មេគង្គ​ ហើយ​ក៏​បាន​ជាប់​ពានរង្វាន់​​លេខ​១​តែ​ម្ដង​។
 
លោក ឡឹក​​ សុធារ អះអាង​ថា លោក​ពិត​ជា​​ចង់​ឃើញ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​។ គិត​គូរ​ដោះ​ស្រាយ​បញ្ហា​នានា នៅ​តាម​បឹង​ទន្លេ​សាប​ក្ដី​ នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្ដី។ ជា​ពិសេស​ការ​អភិវឌ្ឍ​នានា ត្រូវ​គិត​គូរ​ពី​ផល​ប៉ះ​ពាល់​ អវិជ្ជមាន​ផ្នែក​បរិស្ថាន​ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រជា​ជន​តាម​ដង​ទន្លេ​ ក៏​ដូច​ជា​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ដែរ​។​
 
លោក ព្រឿង ប្រណីត ប្រធាន​សមាគមអ្នក​និពន្ធ​ខ្មែរ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ក្នុង​ឆ្នាំ​២០២១​នេះ ស្នាដៃ​ដែល​បាន​ដាក់​ទៅ​ប្រកួត​ប្រជែង​ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេ​មេគង្គ​ មាន​៣៤​ស្នាដៃ។ លោក​ ប្រណីត បន្ថែម​ទៀត​ថា ស្នាដៃ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ឱ្យ​ជាប់​ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេ​មេគង្គ​ ត្រូវ​បាន​សម្រិត​សម្រាំង​​ខ្លាំង​បំផុត​​ ព្រោះ​ជា​ស្នាដៃដែល​ត្រូវ​​បង្ហាញ​ទៅ​អន្តរជាតិ​។ ​
  
 លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ (រូបពីហ្វេសប៊ុក Proeung Pranit)
 
«​ដោយ​សារ​ពាន​រង្វាន់​នេះ រើស​តែ​១​ស្នាដៃ​ គឺ​កំណាព្យ​រឿង​១ និង​ប្រលោម​លោក​១ ដូច្នេះ​ពុំ​សូវ​មាន​អ្នក​ដាក់​ច្រើន​ទេ​ ប៉ុន្តែ​ស្នាដៃ​ដែល​ដាក់​មក​ គួរ​ឱ្យ​កោត​សរសើរ​។ និយាយ​ជា​រួម​ទៅ​ បេក្ខជន​ភាគ​ច្រើន ​ជា​កវីនិពន្ធដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ច្រើន​កន្លែង​ហើយ​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោក​ ព្រឿង ប្រណីត​។ 
 
សម្រាប់​ពាន​រង្វាន់អក្សរសិល្ប៍​​ទន្លេ​មេគង្គ លើក​ទី​១២ ​ឆ្នាំ​២០២១​នេះ នឹង​ត្រូវ​ប្រារព្ធ​ពិធី​ប្រគល់​​រង្វាន់​ ​នៅ​ប្រទេស​ឡាវ នាចុង​ឆ្នាំ២០២១​។ សម្រាប់​សោហ៊ុយ​ស្នាក់​នៅ អាហារ និង​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​ប្រារព្ធពិធី​ ប្រទេស​ឡាវ​ដែល​ជា​ម្ចាស់​ផ្ទះ​ ជា​អ្នក​ទទួល​បន្ទុក​។ ចំពោះ​សោហ៊ុយ​ធ្វើ​ដំណើរ​អន្តរជាតិ គឺ​ជា​បន្ទុក​របស់​ម្ចាស់​ជយលាភី​ទាំង​ពីរ​រូប​។ ចំពោះ​ជយលាភី​ទាំង​ពីរ​រូប​ តម្រូវ​ឱ្យ​​មាន​លិខិត​ឆ្លង​ដែន​រួច​ជា​ស្រេច​។ 
 
សូម​បញ្ជាក់​ផង​ដែរ​ថា ដោយ​សារតែជំងឺ​កូវីដ-១៩ ​​ពាន​រង្វាន់អក្សរសិល្ប៍​​ទន្លេ​មេគង្គ​ឆ្នាំ២០១៩ និង​ឆ្នាំ​២០២០​ នៅ​ពុំ​ទាន់​បាន​ធ្វើ​ពិធី​ប្រគល់​ពាន​​រង្វាន់​នៅ​ឡើយ​ទេ៕

Tag:
 អក្សរ​សាស្ត្រ​
  អក្សរ​សិល្ប៍​
  ពាន​រង្វាន់​
  ទន្លេ​មេគង្គ​
  ពាន​រង្វាន់​ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com