ជាតិ
សម្ដេច ហ៊ុន សែន ៖ អ្នកសារព័ត៌មានក៏រួមចំណែកទប់ស្កាត់កូវីដ-១៩ បានជោគជ័យដែរ
11, Dec 2021 , 12:00 pm        
រូបភាព
ភ្នំពេញ៖​ កម្ពុជា បានទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំចូលក្នុងសហគមន៍ ដែលមានការថយចុះជាលំដាប់។ សម្ដេច ហ៊ុន សែន បានលើកឡើងថា​ ជោគជ័យដែលកម្ពុជាសម្រេចបាននេះ គឺដោយសារការខិតខំរបស់រដ្ឋាភិបាល ដែលបានអនុវត្តគោលនយោបាយផ្ដល់វ៉ាក់សាំងកូវីដ-១៩ និងមានការចូលរួមពីពលរដ្ឋ ពិសេស ការរួមចំណែកផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានផងដែរ។

 
 
បើតាមសម្ដេចនាយករដ្ឋមមន្រ្តី ហ៊ុន សែន ការខិតខំរបស់រដ្ឋាភិបាល និងការចូលរួមផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន បានធ្វើឱ្យពលរដ្ឋកម្ពុជាស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលប់ ដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។ 
 
នាឱកាសអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ សម្ដេច ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំពុះពារឧបសគ្គ ប្រឈមគ្រោះថ្នាក់ និងជម្នះរាល់ការលំបាក ក្នុងការផ្សព្វផ្សាយព័ត៌មានបានរហ័ស និងទាន់ពេលវេលាជូនពលរដ្ឋក្នុងអំឡុងពេលកូវីដ-១៩ ។ 
 
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖« ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្ដាប់តូចវាយប្រហារមកលើរដ្ឋាភិបាល បំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភាន់ច្រឡំ និងបំផុស​មិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម»។ 

 វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ នៅថ្ងៃទី ១១ ខែធ្នូ ។
 
សម្ដេច ហ៊ុន សែន សង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានលើកយកប្រធានបទ«កូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» ពិតជាមានការពិភាក្សាស៊ីជម្រៅអំពីការលំបាករបស់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចក្នុងបរិបទកូវីដ-១៩នាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេច ក៏អំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ចៀសវាងបំពានច្បាប់ និងវិជ្ជាជីវៈ ប៉ះពាល់ដល់កិត្តិយស និងចូលរួមឱ្យកាន់តែសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានអប់រំ វិធានការរបស់រដ្ឋាភិបាល ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ 

Tag:
 សម្ដេចហ៊ុន សែន
  វេទិកានិពន្ធនាយសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com