ជាតិ
សង្គមជាតិ
កិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow និងជំហានបន្ទាប់ដើម្បីអនាគតយើង
11, Dec 2021 , 12:59 pm        
រូបភាព
Tina Redshaw ជាអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ រូបភាព៖ ស្ថានទូតអង់គ្លេស
Tina Redshaw ជាអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ រូបភាព៖ ស្ថានទូតអង់គ្លេស
ដោយ៖ Tina Redshaw
 
កាលពីខែវិច្ឆិកាកន្លងទៅ ចក្រភពអង់គ្លេសបានស្វាគមន៍ប្រទេសនានាក្នុងពិភពលោកទៅកាន់ទីក្រុង Glasgow សម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៦ ឬ COP26 ។ មនុស្សប្រមាណ២៥,០០០ នាក់ រួមទាំងមេដឹកនាំពិភពលោកចំនួន ១២០ រូប មកពី ១៩៧ ប្រទេស បានមកជួបជុំគ្នានៅចក្រភពអង់គ្លេស ដើម្បីរួបរួមគ្នាស្វែងរកដំណោះស្រាយទប់ទល់នឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។

ពួកគេបានយល់ព្រមលើ «កិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow» ដែលនឹងបង្កើនល្បឿននៃសកម្មភាពដោះស្រាយបញ្ហាអាកាសធាតុ និងការកំណត់កំណើនសីតុណ្ហភាពត្រឹម១,៥ អង្សាសេឱ្យនៅជាគោលដៅរបស់យើងដដែល។
 
កិច្ចប្រជុំ COP26 បានទទួលជោគជ័យក្នុងការរៀបចំបទបញ្ញត្តិសម្រាប់អនុវត្តកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស (The Paris Rulebook) បន្ទាប់ពីការចរចាដ៏លំបាកអស់រយៈពេល ៦ឆ្នាំ។ នេះរួមបញ្ចូលទាំងកិច្ចព្រមព្រៀងលើមាត្រា ៦(ក្របខ័ណ្ឌសម្រាប់ប្រទេសនានាដើម្បីផ្លាស់ប្តូរឥណទានកាបូនតាមរយៈអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ក៏ដូចជា រយៈពេលទូទៅរយៈពេលនៃការកំណត់ពេលវេលាសម្រាប់ការប្តេជ្ញាចិត្តថ្នាក់ជាតិ) និងក្របខ័ណ្ឌពង្រឹងតម្លាភាព របៀបតាមដាន និងទំនាក់ទំនងវឌ្ឍនភាពលើការប្តេជ្ញាចិត្តអាកាសធាតុ។
 
វាគឺជាគោលបំណងសំខាន់ របស់ចក្រភពអង់គ្លេស ក្នុងនាមជាអ្នកដឹកនាំកិច្ចប្រជុំកំពូល COP26 នៅពេលដែលយើងចាប់ផ្តើមទទួលយកតួនាទីនេះកាលពី ២ឆ្នាំមុន ក្នុងការរក្សាកំណើនសីតុណ្ហភាពមិនឱ្យកើនលើស ១,៥ អង្សាសេ។ ដូចដែលប្រធាន COP26 លោក Alok Sharma បានលើកឡើងនៅចុងបញ្ចប់នៃសន្និសីទថា៖ «យើងអាចរក្សាកំណើនសីតុណ្ហភាពត្រឹម ១,៥ អង្សាសេបានប៉ុន្តែការចូលរួមមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយវានឹងអាចធ្វើទៅបានលុះត្រាតែមានការខិតខំប្រឹងប្រែងជាសាកលរួមគ្នា និងជាបន្ទាន់ក្នុងទសវត្សរ៍ក្រោយ»។ 
 
កិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow នឹងត្រូវបានវិនិច្ឆ័យថាតើប្រទេសណាខ្លះបានធ្វើតាមការប្តេជ្ញាចិត្តដែលពួកគេបានលើកឡើងនៅកិច្ចប្រជុំ COP26 លើការកាត់បន្ថយ ការបន្សុំា និងហិរញ្ញវត្ថុ ឬអត់។ សម្រាប់ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដែលងាយរងគ្រោះដោយសារអាកាសធាតុ វាពិតជាមានសារៈសំខាន់ណាស់ ដែលការប្តេជ្ញាចិត្តខាងក្រោមនៅទីក្រុង Glasgow ត្រូវបានអនុវត្ត៖
 
បណ្តាប្រទេសនានាបានព្រមព្រៀងគ្នាដើម្បីពិនិត្យមើលឡើងវិញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ដើម្បីនាំពួកគេចូលទៅក្នុងបន្ទាត់គោលដៅ ១,៥ អង្សាសេ ត្រឹមកិច្ចប្រជុំបន្ទាប់នៅឆ្នាំក្រោយ COP27។
 
បណ្តាប្រទេសនានាបានព្រមព្រៀងគ្នាក្នុងការកាត់បន្ថយថាមពលធ្យូងថ្ម ជាដំណាក់កាល និងបញ្ឈប់ការឧបត្ថម្ភលើគម្រោងឥន្ធនៈដែលគ្មានប្រសិទ្ធភាព។
 
បណ្តាប្រទេសនានាបានយល់ព្រមចាប់ផ្តើមកម្មវិធីការងារ Glasgow-Sharm el Sheikh លើគោលដៅសកលស្តីពីការបន្សុំា (Global Goal on Adatation) ហើយប្រទេសអភិវឌ្ឍន៍បានយល់ព្រមផ្តល់ហិរញ្ញប្បទានអាកាសធាតុយ៉ាងហោចណាស់ពីរដងច្រើនជាងមុនលើការបន្សុំារបស់ប្រទេសកំពុងអភិវឌ្ឍនៅត្រឹមឆ្នាំ ២០២៥ ។
 
COP26 បានសង្កត់ធ្ងន់លើស្ថានភាពនៃការបាត់បង់ និងការខូចខាត (Loss and Damage) ដែលជាសសរស្តម្ភសំខាន់នៃសកម្មភាពអាកាសធាតុ ប៉ុន្តែកិច្ចសន្ទនាកំពុងបន្តលើសំណើពីប្រទេសកំពុងអភិវឌ្ឍក្នុងការរៀបចំកន្លែងផ្តល់ហិរញ្ញប្បទានជាក់លាក់មួយ។
 
COP26 ក៏បានផ្តល់ភាច្បាពស់លាស់ និងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពលើគោលដៅប្រមែរប្រមូលហិរញ្ញវត្ថុឱ្យបាន ១០០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានរំពឹងថាអាចសម្រេចបាននៅឆ្នាំ ២០២៣ ។
 
ការយល់ព្រមលើកិច្ចព្រមព្រៀងនេះ មិនមែនជាដំណើរការងាយស្រួលនោះទេ ហើយប្រាកដណាស់ថា មិនមែនជាការបង្ខាំងមនុស្សនៅក្នុងសាលចរចាផ្លូវការនោះទេ។ វាគឺជាចំណុចកំពូលនៃការចរចាដោយមិនចេះនឿយហត់ ការទូតដ៏ប៉ិនប្រសប់ និងការស្តាប់សំឡេងរបស់យុវជន អ្នកស្រាវជ្រាវ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យឯកជន ជាពិសេសអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។
 
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូកម្ពុជាចំនួន៣៥ រូបពីប្រទេសកម្ពុជាដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់។ សកម្មភាពរយៈពេល ២ សប្តាហ៍របស់គណៈប្រតិភូ រួមមាន ការក្លាយជាប្រទេសហត្ថលេខីសម្រាប់គំនិតផ្តួចផ្តើមក្រឡាចត្រង្គបៃតង - One Sun One World One Grid ។ យើងកំពុងទន្ទឹងរង់ចាំការប្រកាសយល់ព្រមរបស់កម្ពុជាលើចំណុចបន្ថែមទៀតនៃសេចក្តីប្រកាស COP26 នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលរួមទាំងការគាំទ្រចំពោះសេចក្តីប្រកាសរបស់មេដឹកនាំពិភពលោកស្តីពីការប្រើប្រាស់ព្រៃឈើ និងដី (Forest and Land Use) ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១៤១ ដែលជាការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីបញ្ឈប់និងប្តូរស្ថានភាពនៃការបាត់បង់ព្រៃឈើ និងការពារការរិចរិលនៃដីនៅត្រឹមឆ្នាំ ២០៣០។
 
រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងបន្តឆ្លើយតបនឹងការអំពាវនាវឱ្យមានសកម្មភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិរបស់ចក្រភពអង់គ្លេសត្រូវបានកើនឡើងទ្វេដងដល់ ១១,៦ ពាន់លានផោនក្នុងឆ្នាំ ២០២១ ដល់ ២០២៥។ នៅ COP26 ចក្រភពអង់គ្លេសបានប្រកាសការគាំទ្រថ្មីសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន៖
 
ទឹកប្រាក់ចំនួន ១១០ លានផោននឹងផ្តល់ទៅឱ្យគម្រោងហិរញ្ញប្បទានបៃតងអាស៊ាន ASEAN Catalytic Green Finance Facility ដែលគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។ វានឹងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បណ្តាប្រទេសអាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ដូចជាថាមពលកកើតឡើងវិញ ការដឹកជញ្ជូនស្អាត ឬហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅទូទាំងតំបន់។
 
ចក្រភពអង់គ្លេសបានប្រកាសផ្តល់នូវទឹកប្រាក់ចំនួន 290 លានផោន នៅក្នុងមូលនិធិថ្មីសម្រាប់ការបន្សាំរួមទាំង 274 លានផោន ដែលបានប្រកាសដើម្បីគាំទ្រដល់កម្មវិធីសកម្មភាពអាកាសធាតុរបស់ចក្រភពអង់គ្លេសសម្រាប់ភាពធន់ក្នុងតំបន់អាស៊ី (Climate Action for a Resilient Asia (CARA)) ។ CARA នឹងជួយពង្រឹងភាពធន់នឹងអាកាសធាតុនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងនៅអាស៊ីអាគ្នេយ៍ផងដែរ។
 
ហិរញ្ញប្បទានឯកជនជាង ១៣០ ទ្រីលានដុល្លារ ($130 trillion) ត្រូវបានប្តេជ្ញាលើគោលដៅការបំភាយឧស្ម័នសូន្យសុទ្ធដោយលើផ្អែកលើវិទ្យាសាស្ត្រ និងព្រឹត្តិការណ៍សំខាន់ៗរយៈពេលខ្លី តាមរយៈសម្ព័ន Glasgow Financial Alliance for Net Zero (GFANZ) ដែលដឹកនាំ Mark Carney។
ជាងនេះទៅទៀត កម្មវិធីទ្វេភាគីរបស់យើងលើថាមពលកាបូនទាបអាស៊ាន(ASEAN Low Carbon Energy Programme) មូលនិធិទេសភាពជីវចម្រុះ (Biodiverse Landscapes Fund) និងមូលនិធិ Darwin (Darwin Fund Initiative) សុទ្ធតែចូលរួមចំណែកក្នុងការកសាងការបន្សាំ និងភាពធន់ និងពង្រឹងដំណោះស្រាយដោយផ្អែកលើកត្តាធម្មជាតិ ការលើកកម្ពស់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការកៀរគរហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅកម្ពុជា។
 
ការរក្សាសន្ទុះបន្ទាប់ពីកិច្ចប្រជុំ COP26 គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុក្នុងទំហំខុសៗគ្នា។ វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ទាំងតួនាទីសំខាន់ដែលតំបន់ត្រូវធ្វើក្នុងគោលដៅអាកាសធាតុរួមរបស់យើង ក៏ដូចជាអ្វីដែលត្រូវប្រឈម ប្រសិនបើយើងមិនទទួលបានជោគជ័យ។
 
យើងសង្ឃឹមថាយើងអាចពឹងផ្អែកលើដៃគូរបស់យើងនៅទូទាំងអាស៊ានដើម្បីពន្លឿនសកម្មភាពអាកាសធាតុរបស់ពួកគេក្នុងឆ្នាំនេះ តាមរយៈការពិនិត្យមើលឡើងវិញនូវគោលដៅឆ្នាំ ២០៣០ របស់ពួកគេនៅក្នុងការរួមចំណែកថ្នាក់ជាតិ (NDC) ដោយធានាថាគោលដៅរយៈពេលខ្លីនឹងធ្វើឱ្យយើងដើរលើផ្លូវឆ្ពោះទៅរកការសម្រេចបានការ បំភាយឧស្ម័នសូន្យសុទ្ធ(Net Zero) និងរក្សាបានកំណើនសីតុណ្ហភាពត្រឹម ១,៥អង្សាសេ។
 
លោក Alok Sharma ដែលជាប្រធាន COP26 បានលើកឡើងថា៖«វាអាស្រ័យលើយើងទាំងអស់គ្នាដើម្បីរក្សាកំណើនសីតុណ្ហភាពត្រឹម ១,៥ អង្សាសេ ឱ្យសម្រេចបាន និងបន្តការខិតខំប្រឹងប្រែងរបស់យើងដើម្បីទទួលបានលំហូរហិរញ្ញវត្ថុ និងជំរុញការបន្សុំា។ បន្ទាប់ពីការលះបង់ជាសមូហភាពលើកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុង Glasgow ការងាររបស់យើងនៅទីនេះមិនអាចខាតបង់ទទេឡើយ»។
 
យើងនៅមានការងារដែលមិនទាន់បានបញ្ចប់។ ចក្រភពអង់គ្លេសនៅតែប្តេជ្ញាបន្តភាពជាដៃគូជិតស្និទ្ធរបស់យើងលើបញ្ហាប្រែប្រួលអាកាសធាតុតាមរយៈឆ្នាំដែលចក្រភពអង់គ្លេសមានមុខងារជាប្រធាន COP26 និងបន្តការប្តេជ្ញានេះក្នុងពេលខាងមុខទៀត។
 
ខ្ញុំទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា និងជាមួយមិត្តភ័ក្តិរបស់យើងលើគ្រប់វិស័យ។ ជារួម យើងត្រូវតែបំពេញតាមការសន្យាដែលបានកំណត់នៅ ទីក្រុង Glasgow។ ការងាររបស់យើងចាប់ផ្តើមឥឡូវនេះ៕

Tina Redshaw ជាអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា 

© រក្សាសិទ្ធិដោយ thmeythmey.com