កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund និង Barcelona នៅតោងឱកាសក្នុង Europa League ខណៈ AC Milan ខកចិត្តដំបូងក្នុងរយៈពេល២៣ឆ្នាំ
11, Dec 2021 , 2:46 pm        
រូបភាព
Borussia Dortmund, Barcelona និង AC Milan ដែលជាក្រុម​ខ្លាំង សុទ្ធតែបានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គចែកពូល។ Dortmund ធ្លាក់ជាលើកទី៣ក្នុងរយៈពេល​១០​ឆ្នាំ Barcelona ធ្លាក់លើកដំបូង​នារយៈពេល​១៧​ឆ្នាំ​ចុងក្រោយ ប៉ុន្តែក្រុមទាំងពីរនៅមានឱកាសក្នុងព្រឹត្តិការណ៍ Europa League ក្នុងនាមជាក្រុម​លេខ​៣ក្នុងពូល ខណៈ AC Milan បានហាលអាវ​ទាំងខក​ចិត្តក្នុងរយៈពេល​២៣​ឆ្នាំចុងក្រោយ ដោយបញ្ចប់ចំណាត់ថ្នាក់​លេខ​៤ក្នុងពូល។

 
ទោះបីជា Dortmund បានយកឈ្នះប្រកួតលើក្រុម Basiktas ដោយលទ្ធផល ៥-០ ក្តីប៉ុន្តែពួកគេក៏នូវតែមិនអាចដណ្តើមតំណែងលេខ២ ពីក្រុម Sporting Lisbon បានឡើយដោយមាន ៩ពិន្ទុស្មើគ្នាតែ Dortmund បានជំពាក់គ្រាប់បាល់១គ្រាប់សរុបទាំង៦ប្រកួតក្នុងពូល C នេះ។ 
 
នេះជាការខកខានទៅកាន់វគ្គ១៦ក្រុមលើកទី៣ហើយសម្រាប់ Dortmund ក្នុងរយៈពេល ១០ឆ្នាំមកនេះ។ លើកទីមួយឆ្នាំ ២០១១-១២ Dortmund បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងពូលដែលមានក្រុម Arsenal, Marseille, Olympiacos ជាគូរប្រកួត បន្ទាប់មកឆ្នាំ ២០១៧-១៨ Dortmund បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូលពីក្រោយក្រុម Tottenham Hotspurs និងលេខ១ Real Madrid។ Borussia Dortmund កាលឆ្នាំ ២០១៥-១៦ ពួកគេមិនបានចូលប្រកួតពានរង្វាន់អឺរ៉ុបនេះឡើយដោយសារតែបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ នៅ Bundesliga។
 
រដូវបាលកាល ២០២១-២២ នៃពានរង្វាន់ Champions League ពូល C គឺជាការធ្លាក់ចេញលើកទី៣ Dortmund ដោយពួកគេបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៣។ ក្រុមលេខ១ក្នុងពូល C គឺ Ajax Amsterdam មាន១៨ពិន្ទុពី៦ប្រកួត Sporting Lisbon ឈរលេខ២ មាន៩ពិន្ទុស្មើជាមួយ Dortmund លេខ៣ និង Basiktas លេខ ៤។
 
ចំណែក Barcelona ពួក​គេ​បាន​រងបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich សារជាថ្មីក្នុងលទ្ធផល ៣-០ នៃប្រកួតចុងក្រោយ UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល E នាថ្ងៃទី៩ ខែធ្នូ។ Xavi គ្រូបង្វឹក Barcelona ខឹងចំពោះលទ្ធផលនេះ ក្រោយក្រុមធ្លាក់ចេញពីពានរង្វាន់កំពូលអឺរ៉ុបមួយនេះ។
 
ថ្វីបើនេះជាប្រកួតដំបូងសម្រាប់ Xavi ដែលដឹកនាំក្រុមតទល់ជាមួយ Bayern ក្តី តែគ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ ហាក់មិនពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុមខ្លួនឡើយ។ Xavi បានលើកឡើងថាលទ្ធផលការប្រកួតនេះ គួរតែជាការទទួលបានពិន្ទុ មិនមែនជាការចាញ់នោះទេ។
 
Barcelona ធ្លាក់ចេញពីវគ្គចែកពូលក្របខណ្ឌ UEFA Champions League ជាលើកដំបូង នៃរយៈពេល ១៧ ឆ្នាំ បើគិតពីឆ្នាំ២០០៣-០៤ ដែលពួកគេមិនបានលេងក្នុងពានរង្វាន់នេះតែម្តង ដោយសារតែទទួលចំណាត់ថ្នាក់លេខ៦នៅ La Liga។
 
ងាកទៅកាន់ AC Milan វិញ ក្នុងឆ្នាំ ២០២១-២២ ពួកគេបានឡើងមកប្រកួតពានរង្វាន់ Champions League នេះក្រោយខកខានរយៈពេល ៧ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣-១៤ មក។ AC Milan បានបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Serie A រដូវកាល ២០២០-២០២១ ដែលជាឱកាសនាំពួកគេមកលេង Champios League ជាថ្មីក្នុងរដូវកាលនេះ។ 
 
រយៈពេល២៣ឆ្នាំហើយដែល AC Milan បានធ្លាក់ចេញពីវគ្គចែកពូលលើកដំបូងដោយឆ្នាំ ១៩៩៦-៩៧ AC Milan ធ្លាប់ធ្លាក់ចេញពី Champions League ពូលD ដែលក្នុងនោះមានក្រុម Porto, Rosenborg និងក្រុម IFK Goteborg។
 
ម្ចាស់ជើងឯក Champions League ៧សម័យមួយនេះបានខកខានលេងក្នុងពានរង្វាន់លំដាប់ទីមួយអឺរ៉ុប UCL និងពានរង្វាន់ Europa League ផងដែរនៅរដូវកាល ២០១៤-១៥ ដោយពួកគេបានបញ្ចប់ចំណាត់លេខ៨ នៅក្របខណ្ឌ Serie A ដោយក្រុមមានធ្លាក់ទម្រង់លេខយ៉ាងខ្លាំងនាពេលនោះក្នុងឆ្នាំ ២០១៣-១៤។ ឆ្នាំ ២០១៣-១៤ ដដែលគ្នានេះ AC Milan ក៏ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមដោយចាញ់ក្រោមថ្វីជើងក្រុម Atletico Madrid លទ្ធផលទាំងពីរជើង ៥-១។
 
រយៈពេលបីឆ្នាំជាប់គ្នាពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៧ AC Milan មិនបានបង្ហាញមុខក្នុងពានរង្វាន់លំដាប់អឺរ៉ុបទាំង២ ដោយពីររដូវកាលពួកគេមិនអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ត្រឹមលេខ៥ ក្នុងលីគកំពូលអ៊ីតាលី Serie A ឡើយ។ ប៉ុន្តែក្នុងឆ្នាំ ២០១៧-១៨ ទើប AC Milan បានឈានជើងចូលប្រកួត Europa League ពីការប្រកួត Playoff ជម្រុះក្នុងតំបន់រហូតដល់វគ្គវគ្គចែកពូលដោយពួកគេមិនបានជាប់ដោយស្វ័យប្រវត្តិឡើយ។ 
 
បីរដូវកាលចាប់តាំងពីឆ្នាំ ២០១៧ រហូតឆ្នាំ ២០២០ AC Milan មានឱកាសលេងក្នុងពានរង្វាន់ Europa League៕

Tag:
 Borussia Dortmund
  AC Milan
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com