ជាតិ
សេដ្ឋកិច្ច
FAO ផ្តល់​ជាង​២លាន​ដុល្លារ​ដល់​ក្រសួង​ផែន​ការ​សម្រាប់ការងារ​អង្កេតទិន្នន័យ​កសិកម្ម៥ឆ្នាំ
11, Dec 2021 , 6:59 pm        
រូបភាព
លោក អែនតូនីញ៉ូ ស៉្យែវ៉ន តំណាងស្តីទី FAO ប្រចាំ​កម្ពុជា និង លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ
លោក អែនតូនីញ៉ូ ស៉្យែវ៉ន តំណាងស្តីទី FAO ប្រចាំ​កម្ពុជា និង លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្ដល់ថវិកាប្រមាណ ២,១៩លាន​ដុល្លារអាម៉េរិក​ ដល់ក្រសួងផែនការ ដើម្បីធ្វើការងារអង្កេតទិន្នន័យកសិកម្មនៅកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់២០២៦។ ការ​ចុះកិច្ច​ព្រម​ព្រៀង​សម្រាប់ថវិកា​បដិភាគ ដោយមិនរួម​បញ្ចូលជំនួយ​បច្ចេកទេសនេះ បាន​ប្រព្រឹត្តទៅកាល​ពី​រសៀលថ្ងៃទី​៩ ខែ​ធ្នូ នៅទីស្តីការក្រសួងផែនការ។



នាជំនួប​ពិភាក្សាជាមួយ លោក អែនតូនីញ៉ូ ស៉្យែវ៉ន តំណាងស្តីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិកម្ពុជា(FAO) លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ផ្តល់ជំនួយបដិភាគ ជាមួយរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍ទិន្នន័យកសិកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦  ដើម្បីបំពេញនូវភាពកង្វះទិន្នន័យស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យកសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ។ ពិសេសសម្រាប់ការគាំទ្រ និងវាយតម្លៃលើសូចនាករសំខាន់ៗក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា(CSDGs)ផងដែរ។
 
ចំណែក លោក អែនតូនីញ៉ូ ស៉្យែវ៉ន បានលើកឡើងដែរថា បច្ចុប្បន្នវិស័យកសិកម្មរបស់កម្ពុជា នៅមានភាពកង្វះទិន្នន័យ។ ដូច្នេះ អង្គការFAO បានរៀបចំគម្រោងកម្មវិធីការងារអង្កេតកសិកម្ម ៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយថវិកាដល់ប្រទេសក្នុងតំបន់ទាំង៥០ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ លោករំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការងាររវាង ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេសរបស់អង្គការ FAO នឹងអាចទទួលបានទិន្នន័យកសិកម្មនៅកម្ពុជាដែលមានគុណភាព អាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អ។
 

 
ការចុះកិច្ចព្រមព្រៀងនេះ អង្គការ FAO បានផ្តល់ជំនួយជាថវិកាបដិភាគប្រមាណ ២លាន១៩ម៉ឺនដុល្លារ ដោយមិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស។ ជំនួយពីរដ្ឋាភិបាលប្រមាណជាង៣លានដុល្លារទៀត ធ្វើឲ្យគម្រោងនេះចំណាយថវិកាសរុបជាង៥លានដុល្លារ ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២១ ដល់២០២៦។ 
 
អង្គការ FAO បានធ្វើសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ ជាមួយក្រសួងផែនការចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍទិន្នន័យស្ថិតិកសិកម្មនៅកម្ពុជា គាំទ្រជាថវិកាបដិភាគ ជំនួយបច្ចេកទេស ជំនួយសម្ភារ ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យ និងចំណុចដៅនៃការអភិវឌ្ឍនប្រកបដោយចីរភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG)៕ 

Tag:
 FAO
 ក្រសួងផែន​ការ​
© រក្សាសិទ្ធិដោយ thmeythmey.com