អន្តរជាតិ
​អាម៉េរិកដាក់​ទណ្ឌកម្មលើ​ចិន មីយ៉ាន់ម៉ា ​កូរ៉េ​ខាង​ជើង និងបង់ក្លាដែស ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស
11, Dec 2021 , 7:29 pm        
រូបភាព
ក្រសួងហិរញ្ញវត្ថុអាម៉េរិក។ រូបភាព៖ AP
ក្រសួងហិរញ្ញវត្ថុអាម៉េរិក។ រូបភាព៖ AP
អាម៉េរិក នៅថ្ងៃទី១០ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្មទាក់ទងនឹងសិទ្ធិមនុស្ស លើបុគ្គល និងក្រុមហ៊ុនជាច្រើនដែលជាប់ពាក់ព័ន្ធជាមួយ ចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស។​ ក្រុមហ៊ុនបញ្ហាសិប្បនិមិត្តចិន SenseTime Group ក៏ត្រូវបានអាម៉េរិកដាក់ក្នុងបញ្ជីខ្មៅ នៅថ្ងៃទិវាសិទ្ធិមនុស្សនេះដែរ។

 
 
នៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ អាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេស។ ជាមួយគ្នានេះ កាណាដា និងអង់គ្លេស បានចូលរួមជាមួយអាម៉េរិក ដើម្បីប្រកាសដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា។ ក្រៅពីការប្រកាសដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា អាម៉េរិកក្រោមរដ្ឋបាល ប្រធានាធិបតី លោក ចូ បៃឌិន បានដាក់ទណ្ឌកម្មជាលើកដំបូងលើកូរ៉េខាងជើង។
 
បុគ្គលចំនួន ១៥នាក់ និងក្រុមហ៊ុនចំនួន ១០ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសខាងលើ បានរងទណ្ឌកម្មដូចជាបង្កកទ្រព្យសម្បត្តិនៅអាម៉េរិក និងហាមឃាត់ការធ្វើជំនួញជាមួយប្រជាជនអាម៉េរិក។ 
 
«សកម្មភាពរបស់យើងថ្ងៃនេះ ជាពិសេសគឺភាពជាដៃគូជាមួយអង់គ្លេស និងកាណាដា ផ្ញើបានសារថា ប្រទេសលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក នឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលបំពានអំណាចរបស់រដ្ឋ ដែលបង្កការឈឺចាប់ និងការគាបសង្កត់ក្នុងប្រទេស»។ លោក Wally Adeyemo អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) របស់ចិន SenseTime ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ទាក់ទងនឹងយោធាចិនដែរ។ អាម៉រិកបានចោទប្រកាន់ក្រុមហ៊ុនមួយនេះថា បានបង្កើតកម្មវិធីសម្គាល់មុខដែលអាចកំណត់អត្តសញ្ញាណជនជាតិភាគតិច ដូចជាជនជាតិវីហ្គ័រជាដើម។ អាម៉េរិក បានហាមឃាត់អ្នកវិនិយោគរបស់ខ្លួន​ មិនឱ្យវិនិយោគលើក្រុមហ៊ុន SenseTime។ 
 
ពាក់ព័ន្ធនឹងការប្រកាសដាក់ទណ្ឌកម្មថ្មីនេះ ស្ថានបេសកកម្មកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ (UN) ស្ថានទូតចិន មីយ៉ាន់ម៉ា និងបង់ក្លាដែស នៅទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់មានប្រតិកម្មឆ្លើយតបនៅឡើយ។ 
 
អ្នកជំនាញ និងក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនជាតិភាគតិចជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចមូស្លីមផ្សេងទៀត ត្រូវបានឃុំខ្លួន នៅក្នុងមណ្ឌលដ៏ធំនៅក្នុងតំបន់ស៊ីនជាំងភាគខាងលិចនៃប្រទេសចិន។ ជារឿយៗ ចិនបានបដិសេធចំពោះការចោទប្រកាន់នេះ​ ប៉ុន្តែរដ្ឋាភិបាលអាម៉េរិក និងក្រុមសិទ្ធិមនុស្សជាច្រើនបាននិយាយថា ទីក្រុងប៉េកាំងកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ជនជាតិវីហ្គ័រនៅទីនោះ។
 
គួររំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅសប្តាហ៍នេះ បានប្រមូលផ្តុំមេដឹកនាំពិភពលោកជាង ១០០ប្រទេស នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការជំរុញលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក​ដើម្បីការពារសិទ្ធិ និងសេរីភាព​ពីការកើនឡើងនៃអំណាចរបស់របបផ្តាច់ការជុំវិញពិភពលោក៕ 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com