COVID-19
អន្តរជាតិ
WHO៖ កុំស្លន់ស្លោនឹងវីរុសបំប្លែងថ្មីអូមីក្រុង តែត្រូវត្រៀមខ្លួនចំពោះ​ការរីករាលដាល
11, Dec 2021 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ស្របពេលអ្នកវិទ្យាសាស្ត្រកំពុងបន្តស្រាវជ្រាវពីវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់កុំឱ្យភ័យ​ស្លន់ស្លោ ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យរួច ជាស្រេច ចំពោះការរីករាលដាលថ្មី។ នេះបើតាមការចុះ​ផ្សាយលើវែបសាយអង្គការសហប្រជាជាតិ។

 
 
នៅចុងខែវិច្ឆិកា អាហ្វ្រ៊ិកខាងត្បូង និងបុតស្វាណា បានរាយការណ៍ពីការលេចឡើងវីរុស​បង្ក​ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ឈ្មោះថា «អូមីក្រុង»។ ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារសុខភាព​របស់អង្គការសហប្រជាជាតិបានអះអាងថា វាត្រូវប្រើពេលប្រមាណជាង២សប្តាហ៍​ ដើម្បីដឹងពីរបៀបចម្លងរបស់វីរុសបំប្លែងថ្មីនេះ និងសមត្ថភាពនៃការបង្កគ្រោះថ្នាក់​របស់វា។
 
ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ដំបូន្មានប្រឆាំងនឹងការបិទ​ច្រកព្រំដែន និងជើងហោះហើរនានា លើកលែងតែប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់​ខ្សោយខ្លាំង មិនមានលទ្ធភាពទប់​ស្កាត់ការឆ្លងប៉ុណ្ណោះ។ 
 
«វាជារឿងល្អ ប្រសិនបើអ្នករៀបចំប្រទេសរបស់អ្នក ជាពិសេសប្រព័ន្ធសុខាភិបាលដើម្បីទប់ស្កាត់ចំពោះករណីថ្មីដែលអាចកើតមាន ដោយសារយើងប្រាកដចិត្តថាវីរុសបំប្លែងថ្មីអូមីក្រុង នឹងរីករាលដាលនៅជុំវិញពិភពលោក»។ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការWHO បានលើកឡើងបែបនេះ។ អង្គការសុខភាពពិភពលោក ក៏បានព្រមានប្រជាជន មិនគួរប្រតិកម្មភ័យស្លន់ស្លោពេកទៅលើការរីករាលដាលវីរុស​ តែគួរតែត្រៀមខ្លួនទប់ទល់នឹងការឆ្លងរាលដាលវិញ។
 
ស្ថានភាពឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅអាហ្រ្វ៊ិកខាងត្បូង បានកើនឡើង​យ៉ាងគំហុក ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងដើមខែធ្នូនេះ។ ចំណែកប្រជាជនអាហ្រ្វ៊ិកខាងត្បូង​ដែលបានចាក់វ៉ាក់​សាំងពេញលេញ ទើបតែបានជាង ២៥ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបជាង ១៥លាន​នាក់។
 
អាស្រ័យហេតុនេះ ការលេចឡើង​វីរុសបំប្លែងខ្លួន អូមីក្រុង បានក្លាយជាក្ដីព្រួយបារម្ភធ្ងន់ធ្ងរ​សម្រាប់អាហ្រ្វិក​ខាងត្បូង ក៏ដូចជាពិភពលោកទាំងមូល។ ប៉ុន្តែ ការភ័យខ្លាចមិនអាចជួយ​ការពារមនុស្សពីការឆ្លងវីរុសថ្មីនេះបានឡើយ មានតែការត្រៀមខ្លួន ដើម្បីទប់ស្កាត់ការរីកសាយ តាមរយៈការរក្សាអនាម័យប៉ុណ្ណោះ ដែលជាវិធានការល្អប្រសើរបំផុត៕

Tag:
 កូវីដ-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com