ជាតិ
បទសម្ភាសន៍
​អ្នកស្រី កែវ ម៉ាលីកា ស្ថាបត្យករស្រ្តី ដែលចេញប្លង់ទីស្តីការថ្មីក្រសួងមហាផ្ទៃ
11, Dec 2021 , 8:59 pm        
រូបភាព
អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកា ក្រុមហ៊ុន  M Architech & Construction Co., Ltd..
អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកា ក្រុមហ៊ុន M Architech & Construction Co., Ltd..
 ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ទីស្ដីការថ្មី ក្រសួងមហាផ្ទៃ នឹងដំណើរការសាងសង់ឆាប់ៗនេះ ដែលចេញប្លង់ដោយស្ថាបត្យករស្រ្តីដំបូងគេគឺ អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកាក្រុមហ៊ុន M Architect & Construction Co., Ltd.។ ឆ្លងកាត់បទពិសោធជាង១០ឆ្នាំ អ្នកស្រី បានបន្សល់ទុកនូវស្នាដៃជាច្រើន ក្នុងការរចនាប្លង់អាគារ នៅរាជធានីភ្នំពេញ។ ដើម្បីធានានូវគុណភាពសំណង់ និងរចនាបថបែបខ្មែរ អ្នកស្រី ម៉ាលីកា បានបង្កើតក្រុមការងារ ដែលជាអ្នកជំនាញមានបទពិសោធច្បាស់លាស់ និងគំនិតច្នៃប្រឌិតខ្ពស់។ ទាក់ទងនឹងការចេញប្លង់នេះ ស្ថាបត្យករស្រ្តីរូបនេះ អះអាងថា​ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ដោយចុះសិក្សាលម្អិត ទាំងប្លង់អាគារ ទីតាំង តម្រូវការប្រើប្រាស់ លំហខ្យល់ សោភ័ណភាព និងបញ្ចូលនូវលក្ខណៈវប្បធម៌ជាតិ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី កែវ ម៉ាលីកា ដូចតទៅ៖

 
 
«ដើម្បីធានានូវគុណភាពសំណង់ និង រចនាបថបែបខ្មែរ  ខ្ញុំបានបង្កើតក្រុមការងារសុទ្ធសឹងជាអ្នកជំនាញមានបទពិសោធច្បាស់លាស់ និងទាមទារគំនិតច្នៃប្រឌិតខ្ពស់  ហើយខ្ញុំផ្ទាល់តែងប្រយ័ត្នខ្លាំង ចំពោះការសាងសង់សមិទ្ធផលដ៏ធំ និងសំខាន់ចំពោះមុខនេះ។ គឺយើងត្រូវចុះសិក្សាលម្អិត ទាំងប្លង់អាគារ ទីតាំង តម្រូវការប្រើប្រាស់ លំហខ្យល់ សោភ័ណភាព និងតែងតែបញ្ចូលនូវលក្ខណៈវប្បធម៌ជាតិផងដែរ»។ ទាំងនេះជាការលើកឡើងរបស់ អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកាក្រុមហ៊ុន M Architect & Construction Co., Ltd. ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី»។

 អ្នកស្រី    កែវ ម៉ាលីកា  និង សម្តេច ស ខេង ប្រមុខថ្នាក់ដឹកនាំ ថ្ងៃបើកការដ្ឋានសាងសង់អាគារ ទីស្តីការថ្មី ក្រសួងមហាផ្ទៃ
 
អតីតនិស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុនរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ  ទាក់ទងនឹងអាគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ ដែលត្រូវដំណើរការសាងសង់ឆាប់ៗនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ខាងមុ។ អ្នកស្រី កែវ ម៉ាលីកា លើកឡើងថា​ នេះជាសមិទ្ធផលធំជាងគេ បើធៀបនឹងស្នាដៃជាច្រើនកន្លងមក ដែលធ្លាប់ចេញប្លង់ ក្នុងនាមជាស្ថាបត្យករស្រ្តី។

 អ្នកស្រី    កែវ ម៉ាលីកា អគ្គនាយិកា ជាមួយ ស្ថាបត្យករ ជាច្រើនទៀត
 
ស្រ្តីវ័យ៤១ឆ្នាំ ដែលមានបទពិសោធជាង១០ឆ្នាំ ក្នុងវិស័យនេះ បានបង្ហាញឱ្យឃើញពីទម្រង់អាគារថ្មីនេះ ដូច្នេះ៖ «ចំពោះក្រសួងមហាផ្ទៃ ដែលជាស្ថាប័នរដ្ឋ ស័ក្ដិសមនឹងការរចនាប្លង់អាគារបែបក្លាសិក ព្រោះបង្ហាញពីភាពរឹងមាំ រក្សាទុកបានយូរ និងមានអំណាចថែមទៀតផង។ រីឯដំបូលវិញ យើងបន្ថែមរចនាបថ បែបខ្មែរគឺ «បុស្បុក» ដែលបង្ហាញពីភាពខ្ពង់ខ្ពស់ប្រសើរក្រៃលែង សម្រាប់បង្ហាញពីមុខមាត់ស្ថាប័ន ហើយរឹតពិសេស  គឺពិតជាស័ក្ដិសមចំពោះថ្នាក់ដឹកនាំប្រទេសថែមទៀតផង។ ប៉ុន្តែទម្រាំសម្រេចចេញនូវប្លង់អាគារនេះ គឺមានការផ្លាស់ប្តូរយោបល់ និងមានការផ្តល់ជាគំនិតពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃផងដែរ»។

 អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកា ក្រុមហ៊ុន  M Achitich & Construction Co., Ltd.
 
ទម្រាំមកដល់ចំណុចនេះ អ្នកស្រី កែវ ម៉ាលីកា តែង​មានភាព​អំណត់ព្យាយាម ដោយ​ហ៊ាន​បញ្ចេញ​នូវ​គំនិត​យោបល់ ការច្នៃប្រឌិត ដើម្បី​បង្កើតអ្វីដែលថ្មីជារបស់​ខ្លួនឯង។ អ្នកស្រី កែវ ម៉ាលីកា បន្ថែមថា៖ «ក្នុងមួយជីវិតស្ថាបត្យករ បើចង់ចេញប្លង់អាគារធំៗបាន ត្រូវចាប់ផ្តើមធ្វើរឿងពីតូចទៅ ហើយដាក់ចិត្តទទួលថា នឹងមានមតិបដិសេធ ការកែប្រែជាច្រើនលើកច្រើនសារ ទម្រាំតែស្នាដៃយើង មានការទទួលស្គាល់ទូលំទូលាយ»៕

Tag:
 ​អ្នកស្រី កែវ ម៉ាលីកា ស្ថាបត្យករស្រ្តី ដែលចេញប្លង់ទីស្តីការថ្មីក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com