ជាតិ
កម្ពុជាមានសត្វត្រយងចង្កំកសជាង​៧០០ក្បាល​ដែល​ច្រើនជាងគេលើលោក
11, Dec 2021 , 9:59 pm        
រូបភាព
កម្ពុជាមានសត្វត្រយងចង្កំកសចំនួន៧៥៤ក្បាល ដែលជាចំនួនច្រើនជាងគេទូទាំងពិភពលោក។ បើតាមលទ្ធផលជំរឿនឆ្នាំ២០២១ របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ បច្ចុប្បន្នសត្វត្រយងចង្កំកស មានជាង១ពាន់ក្បាលប៉ុណ្ណោះ ដោយ៦៧០ក្បាលជាសត្វពេញវ័យ។



ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) និងក្រុមហ៊ុន Rising Phoenix បានសហការធ្វើជំរឿនសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗចំនួនបួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩។ លទ្ធផលជំរឿនលើកទី១ រកឃើញសត្វប្រភេទនេះចំនួន៣១០ក្បាល ក្រោយមកបានកើនឡើងដល់ជាង៩០០ក្បាលក្នុងឆ្នាំ២០១៣ ប៉ុន្តែធ្លាក់ចុះមកតិចជាង៥០០ក្បាលវិញ អំឡុងឆ្នាំ២០១៥-២០១៦។ 

 រូបភាពពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
 
រហូតមកដល់ឆ្នាំ២០២១នេះ សត្វត្រយងចង្កំកសនៅកម្ពុជាបានកើនដល់ជាង៧០០ក្បាល ដោយដែនជម្រកសត្វព្រៃសៀមប៉ាងមានជាង៣០០ក្បាល ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះមានជាង២០០ក្បាល និងដែនជម្រកសត្វព្រៃផ្សេងទៀតក៏បង្ហាញពីលទ្ធផលកើនឡើងផងដែរ។ នេះបើតាមលទ្ធផលជំរឿនឆ្នាំ២០២១​របស់ក្រសួងបរិស្ថាន។

 រូបភាពពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
 
ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN​ ហើយសត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នកម្ពុជាជាទីជម្រកដ៏រឹងមាំសម្រាប់សត្វប្រភេទនេះ ដោយពួកវាមានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែន​ព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្ដោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ នេះបើតាមលទ្ធផលជំរឿនដដែល។

 រូបភាពពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
 
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា៖«ស្ថានភាពនៃការអភិរក្សធនធនធម្មជាតិមានភាពប្រសើរឡើង ហើយការកើនឡើងនូវវត្តមានប្រភេទសត្វត្រយងចង្កំកស និងសត្វមួយចំនួនទៀតដែលជាប្រភេទសត្វកម្រ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការដៃគូដែលចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ដែលកម្ពុជានៅសល់ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ»។ 


 រូបភាពពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
 
ទន្ទឹមនឹងនេះ លោក ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យចូលរួមការពារ និងអភិរក្សសត្វកម្រទាំងនេះ ព្រោះវាមានតម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ៕

Tag:
 សត្វស្លាប
 ជំរឿនសត្វស្លាប
 សត្វត្រយងចង្កំកស
© រក្សាសិទ្ធិដោយ thmeythmey.com