អន្តរជាតិ
កិច្ចជំនួប G7៖ អង់គ្លេស ស្វែងរក​ជំហររួម​ប្រឆាំង​រុស្ស៊ី ​ជុំវិញ​វិបត្តិ​អ៊ុយក្រែន
11, Dec 2021 , 10:29 pm        
រូបភាព
ប្រមុខការទូតអង់គ្លេស លោកស្រី Liz Truss ជាមួយសមភាគីអាម៉េរិក លោកអាន់តូនី ប្លិងខិន។ រូបភាព៖ AFP
ប្រមុខការទូតអង់គ្លេស លោកស្រី Liz Truss ជាមួយសមភាគីអាម៉េរិក លោកអាន់តូនី ប្លិងខិន។ រូបភាព៖ AFP
អង់គ្លេស ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃទី ១១​ ខែធ្នូ នឹងស្នើឱ្យប្រទេសទាំង៧ មានជំហររួម​ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីចំពោះអ៊ុយក្រែន។

 
កិច្ចប្រជុំ G7 ​ដែលនឹងរៀបចំនៅទីក្រុង Liverpool មានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក​ អាន់តូនី ប្លិងខិន និងសមភាគីមកពីបារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន និងកាណាដា​។ កិច្ចប្រជុំជួបមុខផ្ទាល់នេះ បានកើតឡើង ខណៈមានការព្រួយបារម្ភជាអន្តរជាតិលើការបញ្ជូនកម្លាំងទ័ពរបស់រុស្ស៊ី មកជិតអ៊ុយក្រែន។ 
 
«អ្វីដែលយើងត្រូវធ្វើ គឺរារាំងរុស្ស៊ីមិនឱ្យធ្វើសកម្មភាពនោះ»។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានប្រាប់អ្នកកាសែតបែបនេះ មុនកិច្ចប្រជុំក្រុមប្រទេស G7។ សកម្មភាពដែលប្រមុខការទូតអង់គ្លេសសំដៅនោះ គឺជាការឈ្លានពានរបស់រុស្ស៊ី។ លោកស្រី Liz Truss ក៏បានបន្តថា កិច្ចប្រជុំ G7 នៅចុងសប្តាហ៍នេះ គឺដើម្បីបង្ហាញជំហររួមរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗ ក្នុងការប្រឆាំងជាដាច់ខាតលើការឈ្លានពានរបស់រុស្ស៊ីចំពោះអ៊ុយក្រែន។
 
អ៊ុយក្រែនគឺជាចំណុចកណ្តាលនៃវិបត្តិនៅក្នុងទំនាក់ទំនងរវាងប្រទេសលោកខាងលិច និងរុស្ស៊ី។ ក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារ។  យ៉ាងណាមិញ រុស្សីបានច្រានចោលការចោទប្រកាន់ទាំងនោះ។ ផ្ទុយទៅវិញ រុស្ស៊ី​បាន​ចោទ​អ៊ុយក្រែន និង​អាម៉េរិក​ពី​អាកប្បកិរិយាបង្ក​អស្ថិរភាព និងអះអាងថាសកម្មភាពខ្លួន គឺដើម្បីធានា​សន្តិសុខ និង​ការពារ​ខ្លួនប៉ុណ្ណោះ។
 
ជាមួយគ្នានេះ រុស្ស៊ី នៅថ្ងៃទី១០ ខែធ្នូ បានជំរុញឱ្យបក្សសម្ព័ន្ធយោធាណាតូបោះបង់ចោលការអនុញ្ញាតឱ្យអ៊ុយក្រែន និងហ្សកស៊ី ចូលរួមជាសមាជិក ដើម្បីជាផ្នែកមួយនៃកិច្ចចរចាសន្តិសុខនាពេលខាងមុខ។ ការចូលរួមរបស់អ៊ុយក្រែន និងហ្សកស៊ីជាសមាជិកអង្គការណាតូ វានឹងនាំឱ្យមានការបំពាក់អាវុធលើដែនដីទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីផង។ ជាការឆ្លើយតប លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានច្រានចោលការទាមទារនោះ និងអះអាងថា​ ទំនាក់ទំនងអ៊ុយក្រែន និងណាតូគឺសម្រេចដោយសមាជិកទាំង ៣០ និងអ៊ុយក្រែន។ ប្រទេសផ្សេង មិនអាចសម្រេចបានឡើយ៕ 

Tag:
 អង់គ្លេស
  G7
© រក្សាសិទ្ធិដោយ thmeythmey.com