COVID-19
អន្តរជាតិ
WHO ប្រឆាំងការស្តុកទុកវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសអ្នកមាន ខណៈប្រទេសក្រីក្រ កំពុងខ្វះខាត
11, Dec 2021 , 5:00 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី ៩ ខែធ្នូ បានប្រកាសប្រឆាំងប្រទេសអ្នកមាន ដែលស្តុកវ៉ាក់​​សាំងការពារជំងឺកូវីដ-១៩ ទុកចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួន ដើម្បីប្រយុទ្ធប្រឆាំងវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង​ ខណៈប្រទេសក្រីក្រ មានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ។

 
 
ប្រទេសលោកខាងលិចជាច្រើន បានដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋខ្លួន ដោយផ្តោតលើមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព។ ស្របពេលមានការរកឃើញវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ប្រទេសទាំងនោះ បានរៀបចំពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដល់ប្រជាជន។ 
 
ការផ្ទុះឡើងនៃវីរុសអូមីក្រុង បានធ្វើឱ្យអង្គការ WHO បារម្ភជាថ្មីក្នុងករណីប្រទេសអ្នកមានទិញវ៉ាក់សាំងទុកសម្រាប់ប្រជាជនខ្លួន។ តាមរយៈសេចក្តីថ្លែងការណ៍មួយ លោកស្រី Kate O'Brien នាយកគ្រប់គ្រងវ៉ាក់សាំងរបស់ WHO បានព្រមានថា ជំងឺរាលត្បាតកូវីដ-១៩ នឹងមិនបញ្ចប់ឡើយ ដរាបណាប្រជាជនលើពិភពលោកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។ 
 
ទន្ទឹមនេះ លោកស្រី O'Brien បានបន្តថា ការផ្គត់ផ្គង់វ៉ាក់សាំងដល់យន្តការ COVAX ដែលគ្រប់គ្រងដោយ WHO និងអង្គការសប្បុរសធម៌ GAVI បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការបរិច្ចាគពីប្រទេសអ្នកមាន។ យ៉ាងណាមិញ លោកស្រីបានបញ្ជាក់ថាបញ្ហាចម្បងសម្រាប់ COVAX គឺប្រទេសអ្នកមានដែលបរិច្ចាគវ៉ាក់សាំងនេះ បានបរិច្ចាគវ៉ាក់សាំងដែលមានសុពលភាពប្រើប្រាស់រយៈខ្លី ឬជិតផុតកំណត់។ 
 
លោក Mike Ryan ប្រធានផ្នែកគ្រប់គ្រងស្ថានភាពអាសន្នរបស់ WHO បានលើកឡើងថា វីរុសអូមីក្រុង ងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងវីរុសបង្កជំងឺកូវីដ-១៩ដទៃ។ លោកក៏បានបន្តថា កិច្ចខិតខំ ទាំងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ការចាក់វ៉ាក់សាំង និងការចែកចាយវ៉ាក់សាំងដោយសមភាព នឹងធ្វើឱ្យភាពខុសគ្នាដ៏ធំ ក្នុងការវិវដ្តនៃជំងឺរាតត្បាតនៅឆ្នាំ២០២២។
 
លើសពីនេះ គណៈវិនិច្ឆ័យរបស់ WHO នៅតែបន្តសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំង ដែលបានប្រើប្រាស់បច្ចុប្បន្នប្រឆាំងនឹងវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅឡើយ។ រហូតមកដល់ពេលនេះ គេសង្គេតឃើញថា ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ មានការរីករាលដាលនៃជំងឺទាប និងមានការវិវដ្ដទៅភាពធ្ងន់ធ្ងរនៃជំងឺទាប ខណៈប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្លាំង និងជាមូលដ្ឋានដែលវីរុសកូវីដ-១៩ បំប្លែងជាប្រភេទផ្សេងៗ។
 
គួរបញ្ជាក់ថា វីរុសអូមីក្រុង ត្រូវបានរកឃើញជាលើកដំបូងនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។ មកទល់ ពេលនេះ ប្រជាជនជាង ៧,៥​ ភាគរយប៉ណ្ណោះនៃប្រជាជនអាហ្រ្វិកជាង ១ ពាន់លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងដូសដំបូង។ បច្ចុប្បន្នមនុស្សជាង ២៦៧លាននាក់លើពិភពលោក បានឆ្លងជំងឺកូវីដ-១៩ ខណៈមនុស្សជាង ៥,៦លាននាក់បានបាត់បង់ជីវិត ដោយសារជំងឺឆ្លងមួយនេះ៕

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com