កីឡាជាតិ
ជាតិ
កីឡាករ-ការិនី ក្រសួងមហាផ្ទៃ គ្រងជើងឯកកីឡាឌូយ៉ាត្លុងថ្នាក់ជាតិ
12, Dec 2021 , 7:59 am        
រូបភាព
ឌូយ៉ាត្លុង រូបពី Camsoc
ឌូយ៉ាត្លុង រូបពី Camsoc
កីឡាករ និងកីឡាការិនី មកពីក្រសួងមហាផ្ទៃ គ្រងជើងឯក ឌូយ៉ាត្លុង ទាំងពីរវិញ្ញាសារ (បុរស និងនារី)​  ខណៈ ក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ៣ ទាំងពីរវិញ្ញាសារ ក្នុងការប្រកួត នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប ។



នៅក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងវិញ្ញាសារ ឌូយ៉ាត្លុង សហព័ន្ធកីឡាទ្រីយ៉ាត្លុង រកឃើញជើងឯក លើវិញ្ញាសារផ្នែកបុរស ចំណាត់ថ្នាក់ទី១ បានទៅលើ កីឡាករ កាំង ធឿន មកពីក្លិបក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ កីឡាករ នាង ពេជ្រពិសិដ្ឋ ក្លិបក្រសួងមហាផ្ទៃ និងចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករ ថៃ ពុធ ។ 
 
ជើងឯកលើវិញ្ញាសារនារី ចំណាត់ថ្នាក់ទី១ បានទៅលើកីឡាការិនី អ៊ួន ចាន់ភត្រា ក្លិបក្រសួងមហាផ្ទៃ, លេខ២ កីឡាការិនី ថន សុម៉ាវត្តី ក្លិបក្រសួងមហាផ្ទៃ និងលេខ៣ បានទៅលើបានទៅលើ កីឡាការិនី ហ៊ោ ធីតា ។ 
 
តាមរយៈការបញ្ជាក់ពី អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង លោក ងិន សុបញ្ញា មានកីឡាករចូលរួម ១៨នាក់ និងកីឡាការិនី ៧នាក់ ។ សហព័ន្ធ នឹងបន្ដការប្រកួតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នូវ២ប្រភេទវិញ្ញាសារទៀត គឺអាគ័រត្លុង និងទ្រីយ៉ាត្លុង ដែលវិញ្ញាសាធំគឺទាក់ទងនឹងការហែលទឹកសមុទ្រ ដើម្បីបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ។ 
 
ក្រោមការឧបត្ថម្ភពីក្រសួងមហាផ្ទៃ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារៀបចំ វគ្គបណ្តុះបណ្តាលបច្ចេកទេស ដល់មន្ត្រី និងការបោះជំរុំហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនី ដើម្បីពង្រឹងគុណភាពបច្ចេកទេស មុនការប្រកួតឲ្យកាន់តែល្អប្រសើរផងដែរ ៕

Tag:
 ឌូយ៉ាត្លុង
  ទ្រីយ៉ាត្លុង
© រក្សាសិទ្ធិដោយ thmeythmey.com