ជាតិ
ថ្នាំពុល​កសិកម្ម និង​ការ​បរបាញ់ បន្ត​គំរាមកំហែងសុវត្ថិភាព​សត្វស្លាបវ័យជំទង់នៅទួលព័ន្ធតាឡី
12, Dec 2021 , 8:59 am        
រូបភាព
លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍
លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍
ដោយ:
លោក នួន សារ៉េត កំពុងបារម្ភពីសុវត្ថិភាពសត្វស្លាបវ័យជំទង់រាប់រយក្បាល នៅក្នុងតំបន់ការពារនិងអភិរក្សសត្វស្លាបទួលព័ន្ធតាឡីខេត្តព្រៃវែង ដែលអាចនឹងរងគ្រោះថ្នាក់ដោយសារថ្នាំពុលកសិកម្ម និងការបរបាញ់ពីជនឆ្លៀតឱកាសមួយចំនួន។

 
 
ក្នុងឆ្នាំ២០២១នេះ តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ខេត្តព្រៃវែង មានការកើនឡើងវត្តមានសត្វស្លាបវ័យជំទង់។ ក្នុងនោះរួមមាន សត្វចង្កៀលខ្ចង ខ្វែកគំនូរ ស្មោញ ក្អែកទឹក  ត្រយងខ្លួនស ទុង និងកុក។
 
លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មានសត្វជំទង់ជាច្រើនបានចាប់ផ្ដើមរៀនហើរ និងចេញពីសម្បុកទៅស្វែងរកចំណីដោយខ្លួនឯង នៅតាមទីវាល និងស្រែចម្ការរបស់អ្នកស្រុកអ្នកភូមិជិតៗនោះ។ អនុប្រធានសហគមន៍រូបនេះ កំពុងតែព្រួយបារម្ភពីសុវត្ថិភាពរបស់សត្វថ្មីៗ ដែលអាចនឹងមានគ្រោះថ្នាក់គ្រប់ពេល។
 
 
«សត្វជំទង់ទាំងនោះ វាទើបចេះហើរ ហើយអ្វីដែលសំខាន់ពួកវាមិនសូវខ្លាចមនុស្សទេ។ វាចុះទាំងហ្វូងនៅតាមដីស្រែរបស់ពលរដ្ឋ នេះជារដូវដាំដុះ ហើយមានខ្លះប្រើសារធាតុគីមី ដើម្បីការពារដំណាំ ដូច្នេះនៅពេលកូនសត្វទាំងនោះចុះទៅរកចំណីនៅតំបន់នោះអាចជាហានិភ័យខ្ពស់ណាស់»។ នេះជាការបញ្ជាក់របស់លោកសា រ៉េត ដោយបន្តថា ក្រៅពីបញ្ហាសារធាតុគីមី រឿងដែលបារម្ភមួយទៀតគឺ សុវត្ថិភាពរបស់ពួកវានៅពេលចុះរកចំណីនៅតំបន់ឆ្ងាយៗ ព្រោះអាចនឹងមានជនឆ្លៀតឱកាសលួចប្រមាញ់។
 
លោក តូច រ៉ារដ្ឋា ប្រធានបរិស្ថានខេត្តព្រៃវែង បានបញ្ជាក់ថា កន្លងមកក្រុមការងាររបស់មន្ទីរបរិស្ថានខេត្ត និងសហគមន៍ រួមជាមួយអង្គការដៃគូ តែងបានចុះអប់រំពលរដ្ឋក្នុងខេត្ត អំពីការការពារសត្វព្រៃ និងអភិរក្សធនធានសត្វស្លាបដែលមានវត្តមាននៅក្នុងតំបន់នេះជាហូរហែ។ ទន្ទឹមនឹងនេះ លោកបានទទួលស្គាល់ដែរថា កន្លងមកនៅតែមានពលរដ្ឋមួយចំនួនតូចមិនទាន់បានចូលរួម និងអនុវត្តបាននៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ក៏មន្ទីរបរិស្ថាន សហគមន៍ និងអង្គការដៃគូនៅតែបន្តសកម្មភាពអប់រំ ដើម្បីអាចបញ្ជ្រាបចំណេះដឹងបន្ថែមដល់ពលរដ្ឋឱ្យមានស្មារតីចូលរួម ក្នុងការអភិរក្សធនធានធម្មជាតិទាំងនេះឱ្យនៅគង់វង្ស។

 រូបភាពដោយលោក នួន សារ៉េត
 
អនុប្រធានសហគមន៍លោក នួន សារ៉េត សង្ឃឹមថាសាធារណជន និងពលរដ្ឋធ្វើស្រែចម្ការនៅតំបន់ជិតឆ្ងាយទាំងអស់ នឹងចូលរួមថែរក្សា ការពារវត្តមានសត្វទាំងនោះ ដើម្បីធ្វើយ៉ាងណាឱ្យកំណើនសត្វក្នុងតំបន់ការពារខាងលើកាន់តែមានសុវត្ថិភាព និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
 
សូមបញ្ជាក់ថា តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ មានផ្ទៃដីទំហំ ៣ ៥៥៧ហិកតា ដែលមានសត្វស្លាបចំនួន៥៣ប្រភេទ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ៕

Tag:
 ព្រៃវែង
  សត្វស្លាប
  ជំទង់
  បឹងស្នេហ៍ទួលព័ន្ធតាឡី
© រក្សាសិទ្ធិដោយ thmeythmey.com