ជាតិ
វេទិកានិពន្ធនាយក​៖ ស្ថាប័នមិនគួរកាត់ប្រាក់ខែ និងបញ្ចប់ការងារអ្នកកាសែតពេលកូវីដឡើយ
11, Dec 2021 , 5:26 pm        
រូបភាព
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨  នៅថ្ងៃទី ១១ ខែធ្នូ ។ ថតដោយ រំដួល ចិត្រា។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ នៅថ្ងៃទី ១១ ខែធ្នូ ។ ថតដោយ រំដួល ចិត្រា។
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃទី ១១ ខែធ្នូនេះ បានរៀប​ចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ ស្ដីពី «កូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន»។ នៅក្នុងឱកាសនោះ ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើង អំពីបញ្ហាប្រឈមជាច្រើនចំពោះអ្នកសារព័ត៌មានក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេសនោះផលប៉ះពាល់ដល់អ្នកសារព័ត៌មានមួយចំនួន ត្រូវបានក្រុមហ៊ុនកាត់ប្រាក់ខែ និងបញ្ចប់កិច្ចសន្យាក្រោមហេតុផលបាត់បង់ចំណូល។


 
បើតាមក្លិបអ្នកកាសែតកម្ពុជា ក្នុងបរិបទជំងឺកូវីដ-១៩នេះ បានធ្វើឱ្យការងាររបស់អ្នកសារព័ត៌មានជួបឧបសគ្គជាច្រើន ដូចជាពិបាកទាក់ទងប្រភពសម្ភាសដោយផ្ទាល់ មិនអាចចុះយកព័ត៌មានដោយសេរី និងត្រូវការធ្វើការពីចម្ងាយ។ អ្នកសារព័ត៌មានមួយចំនួន ឆ្លងកូវីដ-១៩ ឬធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ  លើសពីនេះ អ្នកខ្លះ ត្រូវបានក្រុមហ៊ុន កាត់ប្រាក់ខែ និងត្រូវបញ្ចប់កិច្ចសន្យាការងារ ក្រោមហេតុផលដោយសារបញ្ហាកូវីដ-១៩។ 
 
ក្នុងស្ថានភាពដ៏លំបាកនេះ ក្លិបអ្នកកាសែតកម្ពុជា ក៏បានសង្កេតឃើញ អ្នកសារព័ត៌មានទទួលបានបទពិសោធ និងអភិវឌ្ឍខ្លួនឱ្យទាន់បច្ចេកវិទ្យា និងអាចផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋយ៉ាងឆាប់រហ័ស ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ 
 
ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន ក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវ ដល់អង្គភាពសារព័ត៌មានទាំងអស់ បន្តអត់ធ្មត់ និងយោគយល់ចំពោះស្ថានភាពដ៏លំបាកនេះ និងកុំកាត់ប្រាក់ខែ ឬបញ្ឈប់បុគ្គលិកពីការងារឡើយ។  ក្នុងករណីបញ្ចប់កិច្ចសន្យាការងារ និយោជកត្រូវអនុវត្តតាមច្បាប់ការងារឱ្យត្រឹមត្រូវកុំប៉ះពាល់អត្ថប្រយោជន៍អ្នកសារព័ត៌មាន។ 
 
រីឯ ចំពោះថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមជួយសម្រួលកិច្ចការងារដល់អ្នកសារព័ត៌មាន ឱ្យមានសិទ្ធអនុវត្តសិទ្ធសេរីភាព និងវិជ្ជាជីវៈរបស់ខ្លួនផងដែរ៕ 

Tag:
 ក្លិបអ្នកកាសែត
  វេទិកានិពន្ធនាយក
© រក្សាសិទ្ធិដោយ thmeythmey.com