ជាតិ
សុខភាព
ពលរដ្ឋ៩៤ភាគរយ គាំទ្រឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់
11, Dec 2021 , 10:59 pm        
រូបភាព
ពលរដ្ឋកម្ពុជា៩៤ភាគរយ គាំទ្រឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលជាតិ។ ជារៀងរាល់ឆ្នាំ មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ១៥០០០នាក់បានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៦៤៩លានដុល្លារ។



បើតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា ការដំឡើងពន្ធថ្នាំជក់នឹងជួយឱ្យកម្ពុជាទទួលបានចំណូល ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ និង៩៣៣លានដុល្លារក្នុងរយៈពេល១៥ ប្រសិនអាចដំឡើងពន្ធដល់៧៥ភាគរយនៃតម្លៃបារីលក់រាយ។ បច្ចុប្បន្នកម្ពុជាយកពន្ធថ្នាំជក់ត្រឹមតែ ២៥ភាគរយ និង៣១ភាគរយ​ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។

 រូបភាពពី CMH 
 
កាលពីឆ្នាំ២០១៩ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធប្រមាណ ២៧៩,៦ពាន់លានរៀល និង៥៣២,៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម ៥០០រៀលក្នុង១កញ្ចប់ និង១០០០រៀលក្នុង១កញ្ចប់។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍(SEATCA)។  មិនតែប៉ុណ្ណោះ ការជក់បារីក៏បានបង្កឱ្យមានជំងឺជាច្រើនដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ជាដើម។

 រូបភាពពី CMH 
 
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យនៅឆ្នាំ២០២១នេះ បង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណ៩៤ភាគរយ គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ពោលគឺគាំទ្រឱ្យដំឡើងដល់ ៦២ភាគរយនៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន៕

Tag:
 ពន្ធថ្នាំជក់
  អង្គការចលនាដើម្បីសុខភាពកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com