អន្តរជាតិ
តុលាការនៅអង់គ្លេសកាត់ទោស និងពិន័យ​ស្ត្រីម្នាក់ដែលបំពុល​ឆ្កែអ្នកជិត​ខាង
12, Dec 2021 , 10:29 am        
រូបភាព
ដោយ: ធីតា
ស្ត្រីម្នាក់​នៅ​ Lincolnshire ប្រទេសអង់គ្លេស បាន​បោះសាច់ចូលទៅ​ក្នុង​របង​ផ្ទះអ្នក​ជិត​ខាង​ដើម្បី​បំពុលឆ្កែ។ សកម្មភាព​របស់ស្ត្រីរូបនោះ ត្រូវបាន​ថត​ជាប់ដោយកាមេរ៉ាសុវត្ថិភាព​។ ស្ត្រីល្មើស​ត្រូវ​តុលាការផ្តន្ទាទោស និង​ពិន័យ​ទឹក​ប្រាក់ជាច្រើន​ផងដែរ។

 
Susan Foster អាយុ​៦០​ឆ្នាំ​ បាន​បោះសាច់​ដែលមានជាតិពុល ចូលទៅ​របងផ្ទះអ្នកជិតខាងឈ្មោះ លោក Colin ដើម្បីបំពុល​ឆ្កែញី។ តាម​កាមេរ៉ាសុវត្ថិភាព ស្ត្រីរូបនោះ បាន​ព្យាយាម​បំបាត់ភស្តុតាងអំពីសកម្មភាពដ៏អាក្រក់​។
 
ក្រោយការបំពុល ឆ្កែឈ្មោះ Roxy ដែលលោក Colin ចិញ្ចឹម​តាំងពីអាយុ​៨​សប្តាហ៍ មានអាការៈធ្ងន់ធ្ងរយ៉ាងខ្លាំង ជាពិសេស​ក្អួត​រយៈពេល​៤​ថ្ងៃជាប់គ្នា មុនពេលដែលពេទ្យសត្វ​សម្រេច​ចាក់ថ្នាំ​សម្លាប់ (euthanasia) ដើម្បីកុំឲ្យ​វា​បន្តឈឺចាប់ទៀត។
 
យោងតាម​ការផ្សាយ​របស់សារព័ត៌មាន Lincolnshire Live ស្រ្តីឈ្មោះ Sudan ព្យាយាម​ទាញយក​កាមេរ៉ា​ដើម្បី​បំផ្លាញភស្តុតាង ប៉ុន្តែ​លោក Colin និងភរិយា បាន​តាមទាន់ហើយ​ស្រែក​ឲ្យ​ឈប់ និង​ប្តឹងទៅប៉ូលិស។ Susan បានទម្លាក់កាមេរ៉ា ហើយ​ដើរចូលផ្ទះ​របស់ខ្លួនវិញ។


 
រឿងរ៉ាវបាន​កើតឡើង​តាំងពីថ្ងៃទី​១២ ខែមិថុនា ហើយសំណុំរឿងនេះ បានឡើងដល់តុលាការ Grimsby Magistrates ដោយអ្នកជំនាញខាងពេទ្យសត្វ បាន​អះអាងឃើញថា ការឈឺចុកចាប់របស់ Roxy គឺ​ដោយសារតែការ​បំពុលសារធាតុគីមី​​ក្រកកអេទីឡែនគ្លីកូល។
 
តុលាការបាន​កាត់ទោស Susan ឲ្យជាប់ពន្ធនាគារ​៦ខែ ប៉ុន្តែនៅ​ក្រៅឃុំ និងពិន័យ​ឲ្យធ្វើ​សកម្មភាព​សង្គម​តាម​ការតម្រូវរយៈពេល​១៥​ថ្ងៃ។ ជាមួយគ្នា ស្ត្រីរូបនេះ ត្រូវហាម​ប្រាម​ចិញ្ចឹម​រាល់សត្វទាំងអស់​រយៈពេល​១២ខែ និងបង់ប្រាក់ពិន័យ​តុលាការ ២០៤០ផោន (ជាង​២៧០០ដុល្លារ) សងជំងឺចិត្តម្ចាស់ Roxy ៦២៧ផោន (ជាង​៨៣០ដុល្លារ) និង​បន្ថែម១២០ផោន (១៦០ដុល្លារ) ទៀត​។
 
លោក Colin បានអះអាងថា Roxy ទទួលបានយុត្តិធម៌ ប៉ុន្តែជនល្មើសគួររងពិន័យឲ្យធ្ងន់ជាងនេះ។ «យើង​មិនអាចយក Roxy ត្រឡប់មកវិញឡើយ ខ្ញុំគិតដល់វាជារៀងរាល់ថ្ងៃ»៕

© រក្សាសិទ្ធិដោយ thmeythmey.com