ជាតិ
យុវតី សុវណ្ណដាលីន បង្កើតកម្មវិធី Code For Girls ដើម្បីជំរុញសិស្សស្រី ឱ្យរៀន​សរសេរកូដ
12, Dec 2021 , 10:59 am        
រូបភាព
កញ្ញា  រិទ្ធ សុវណ្ណដាលីន ស្ថាបនិកកម្មវិធី Code For Girls
កញ្ញា រិទ្ធ សុវណ្ណដាលីន ស្ថាបនិកកម្មវិធី Code For Girls
ដោយ៖  អ៊ុន វឌ្ឍនា
 
ភ្នំពេញ៖ Code For Girls គឺជាក្លឹបសរសេរកូដតាមប្រព័ន្ធអនឡាញមួយ ដែលបង្កើតឡើងដោយយុវតី រិទ្ធ សុវណ្ណដាលីន ក្នុងគោលដៅលើកទឹកចិត្តដល់យុវតី និងសិស្សស្រីនៅកម្ពុជា ជាពិសេសសិស្សស្រី ដែលកំពុងសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ ឲ្យចេះសរសេរកូដសម្រាប់ការបង្កើតហ្គេម និងវីដេអូខ្លីមានចលនាផ្សេងៗ ជាដើម។ បើតាមយុវតី សុវណ្ណដាលីន ក្លឹបសរសេរកូដនេះ នឹងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែប្រសើរ។

 
 
ស្ថិតនៅក្នុងវ័យទើបតែ១៨ឆ្នាំ យុវតី រិទ្ធ សុវណ្ណដាលីន បានបង្កើតក្លឹបសរសេរកូដតាមប្រព័ន្ធអនឡាញមួយ សម្រាប់យុវតី ដោយឥតគិតថ្លៃ។ Code For Girls ជាក្លឹបសរសេរកូដសម្រាប់ការបង្កើតហ្គេម និងវីដេអូខ្លីមានចលនាផ្សេងៗ ដែលយុវតីវ័យក្មេងរូបនេះ ទើបបង្កើតឡើង នាខែវិច្ឆិកា ឆ្នាំ២០២១។  សុវណ្ណដាលីន បានបញ្ជាក់ថា ការសម្រេចបង្កើតក្លឹបនេះឡើង ក្នុងគោលដៅលើកទឹកចិត្តដល់យុវតី ជាពិសេសសិស្សស្រីនៅកម្រិតថ្នាក់វិទ្យាល័យ ឲ្យចេះសរសេរកូដតាំងពីក្មេង។ លើសពីនេះ នាង ចង់បណ្ដុះស្មារតីដល់យុវតី ឱ្យក្លាហានក្នុងការប្រឡូកវិស័យសរសេរកូដនេះ ខណៈបច្ចុប្បន្នវត្តមានយុវតី ឬស្រ្តីក្នុងវិស័យនេះ គឺមានចំនួនតិចនៅឡើយ។ 


 
«ការសរសេរកូដនេះ មិនមែនគេកំណត់លើធម្មជាតិឬច្បាប់ដែលគេចារមកសម្រាប់តែមនុស្សប្រុសនោះទេ។ មនុស្សស្រីក៏អាចធ្វើបានដែរ មិនមានអ្នកណាហាមយើងបានទេ សំខាន់យើងត្រូវច្បាស់និងជឿជាក់លើខ្លួនឯង ដោយមិនយកផ្នត់គំនិតអវិជ្ជមានពីអ្នកដទៃឡើយ»។ នេះជាការលើកឡើងរបស់យុវតី សុវណ្ណដាលីន ដោយបន្តថា៖« ការបង្កើតជាក្លឹបសិក្សាបែបនេះអាចចូលរួមចំណែកជួយក្មេងស្រីដទៃទៀតបានចាប់ផ្ដើមធ្វើតាមក្ដីស្រមៃរបស់ពួកគេ»។
 
សុវណ្ណដាលីន ដែលជាសិស្សកំពុងរៀនថ្នាក់ទី១២ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុន សែន ជម្ពូនវ័ន នៅរាជធានីភ្នំពេញ បានបង្រៀនក្មេងស្រីមកពីបណ្តាខេត្តនានាតាមប្រព័ន្ធអនឡាញជាមួយកម្មវិធីឈ្មោះ Scratch ដែលជាកម្មវិធីមួយប្រើសម្រាប់ការសរសេរកូដដំបូងបំផុត ក្នុងការបង្កើតបានជា ហ្គេម និង វីដេអូខ្លីមានចលនា ជាដើម។ យុវតី ជាគ្រូបង្វឹកសរសេរកូដតាមប្រព័ន្ធអនឡាញរូបនេះ បានឲ្យដឹងថា កម្មវិធី Code For Girls ទើបចាប់ផ្ដើមដំណើរការបានមួយជំនាន់ប៉ុណ្ណោះ ដែលតម្រូវឱ្យសិស្សរៀនសរសេរកូដជារៀងរាល់ថ្ងៃសៅរ៍​ ក្នុងរយៈពេលមួយខែ។ 


 
ជាមួយគ្នានេះ នាង ក៏បានតម្រូវឱ្យសិស្សទាំងអស់បង្កើតគម្រោងមួយដើម្បីបញ្ចប់ការសិក្សាផងដែរ។   សុវណ្ណដាលីន បានបញ្ជាក់ថា៖«បើសិនគាត់ [សិស្ស] មិនអាចធ្វើបានទេ នោះ គាត់ត្រូវបន្តរៀនរហូតទាល់តែមានសមត្ថភាពអាចធ្វើបាន»។ បើតាម សុវណ្ណដាលីន បច្ចុប្បន្នកម្មវីធី Code For Girls មានក្មេងស្រីចំនួន៣០នាក់មកពីបណ្តាខេត្តនានា ដែលកំពុងរៀនសរសេរកូដតាមកម្មវិធីនេះ។ 
 
«ខ្ញុំ ពេញចិត្តនឹងការចែករំលែកចំណេះដឹង ហើយការបង្រៀននេះ​ក៏បានជួយរម្លឹកដល់អ្វីដែលខ្ញុំបានរៀនពីមុនផងដែរ»។  សុវណ្ណដាលីន និយាយបែបនេះទាំងទឹកមុខរីករាយ ដោយយុវតីរូបនេះបានបង្វែរពីបញ្ហាទៅជាឱកាស ស​ម្រាប់ក្មេងស្រីក្នុងការរៀនសរសេរកូដ។   នាង បានរៀបរាប់ថា វិបត្តិកូវីដ-១៩នៅកម្ពុជា បានជំរុញសិស្សមកសិក្សាតាមប្រព័ន្ធអនឡាញ ដែលអាចឲ្យសិស្សទាំងនោះមានជំនាញនិងបទពិសោធស្រាប់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។  និន្នាការនេះក៏បានក្លាយជាឱកាសដល់យុវតីឱ្យកាន់តែយល់ដឹងបន្ថែមក្នុងការចូលរៀនសរសេរកូដលើកម្មវិធីនានាតាមរយៈប្រព័ន្ធអនឡាញ។ 


​ 
ដ្បិតកម្មវិធី Code For Girls នេះ ទើបដំណើរការបានក្នុងរយៈពេលខ្លីនិងមានបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែ សុវណ្ណដាលីន នៅតែតាំងចិត្តខ្ពស់ក្នុងការចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងការសរសេរកូដ និងបន្តអនុវត្តកម្មវិធីនេះដល់ក្មេងស្រីនានាឱ្យអស់ពីលទ្ធិភាព។  នាង បានបន្ថែមថា ៖«ការបន្តអនុវត្តកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសដល់ក្មេងស្រីជាច្រើនទៀត ឱ្យបានចេះពីការសរសេរកូដ ក្នុងការបញ្ចេញសមត្ថភាពបង្កើត ហ្គេម វីដេអូខ្លីមានចលនា និងបញ្ចូលការបង្រៀនបង្កើតវេបសាយជាដើម»។ 


 
បច្ចុប្បន្ន ក្រៅពីរៀននៅវិទ្យាល័យ សុវណ្ណដាលីន ក៏កំពុងរៀនជំនាញ Web/App development ក្រោមអាហារូបករណ៍១០០ភាគរយ​ នៅសាលា Tux Global institute ផងដែរ។ អនាគត នាងមានគម្រោងបន្តការសិក្សាលើជំនាញ Data Science and AI នៅសកលវិទ្យាល័យ ដើម្បីចូលអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជាឱ្យដើរទាន់ពិភពលោក៕ 

Tag:
 កូដ
  Code For Girls
  រិទ្ធ សុវណ្ណដាលីន​
© រក្សាសិទ្ធិដោយ thmeythmey.com